នៅរយៈពេលចុងក្រោយនេះ ស្ដ្រីនៅទូទាំងប្រទេសជាពិសេសគឺស្ដ្រីដែលរងគ្រោះដោយសារ ជម្លោះដីធ្លីបានចេញមុខយ៉ាងស្វិតស្វាញជាងបុរសក្នុងការតវ៉ា ទាមទារសិទ្ធិដីធ្លី របស់ពួកគេ ដែលអ្នកវិភាគមើលឃើញថា ស័ក្តិសមនិងពាក្យថាមាតា ដើម្បីអនាគតកូនចៅជំនាន់ក្រោយ។
នៅថ្ងៃនេះក៏ដូចជាពេលកន្លងមកស្ដ្រីសហគមន៍បឹងកក់ បានផ្ដើមជាថ្មីទៀតនៅក្នុងការតស៊ូមតិរបស់ពួកគេដើម្បីសេរីភាព ដែលពួកគេហៅថា អំពើអយុត្ដិធម៍បានកើតឡើងចំពោះអ្នកតស៊ូមតិ។ មិនថាឡើយស្ដ្រីសហគមន៍បឹងកក់ទេ ដែលបានតស៊ូដើម្បីសិទ្ធិគឺកន្លងមក គេសង្កេតឃើញស្ដ្រីសហគមន៍បូរីកីឡា សហគមន៍ស្ដ្រីថ្មគោល សហគមន៍ស្ដ្រីSOS សហគមន៍ស្ដ្រីអ្នកភូមិឡពាង សហគមន៍នៅខេត្ដកោះកុង ស្រុកស្រែអំបិល សហគមន៍ខេត្ដក្រចេះ ខេត្ដព្រះវិហារ សហគមន៍តំបន់ព្រៃឡង់ សុទ្ធតែបានតស៊ូដើម្បីការរស់នៅមួយសមរម្យ។
អ្នកវិភាគ និងអ្នកសង្កេតការណ៍មើលឃើញថា អ្វីដែលស្ដ្រីឈានមុនគេនៅពេលនេះគឺមានហេតុផលច្រើនយ៉ាង។
លៀ ស៊ីណា រាយការណ៍៖
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី បានថ្លែងប្រាប់វិទ្យុស្ដ្រីតាមរយៈបទសម្ភាសន៍ខ្លីនៅថ្ងៃ ចន្ទ ទី ២៩ ខែសីហា ថា រឿងដែលស្ដ្រីចេញតវ៉ាក្នុងសង្គមទាមទារយុត្ដិធម៍ ដើម្បីខ្លួននិងគ្រួសារគឺមានតាំងតែពីដើមរៀងមកទៅហើយ គ្រាន់តែក្នុងសតវត្សនេះគឺស្ដ្រី មានសភាពផុសផុលកាន់តែខ្លាំងព្រោះបញ្ហារំលោភបំពាន លើទ្រព្យសម្បត្ដិ និងក្រុមគ្រួសាររបស់ពួកគេមានការកើនឡើង។
បណ្ឌិតសិក្សាពីសង្គមបន្ដថា មូលហេតុចម្បងដែលស្ទើរតែគ្រប់ការតវ៉ាទាំងអស់ គឺមានតែស្ដ្រីពីព្រោះតែ សង្គមកម្ពុជាបចច្ចុប្បន្ននេះ ប្រសិនជាស្ដ្រីចេញមុខទាមទារតវ៉ា គឺភាគច្រើនអាចចៀសផុតពីការទទួលរងហិង្សាពីសំណាក់កងកម្លាំងសមត្ថកិច្ច បើទោះជាការតវ៉ានោះមានការប្រកែកគ្នាធ្ងន់ធ្ងរកម្រិតណាក៏ដោយ។ ត្រង់ប្រការនេះលោកថា ប្រសិនជាបុរសជាអ្នកដឹកនាំការតវ៉ាហើយមានការប្រកែកគ្នា តឹងសសៃក រៀងខ្លួនក្រុមបុរសអាចប្រឈមនិងហិង្សា ឬក៏ការចាប់ខ្លួន។
លោក បណ្ឌិត មាស នី៖«ក្នុងប្រទេសមួយដែលមានការតវ៉ាគឺត្រូវតែមានស្ដ្រីនិងបុរស ធ្វើការចូលរួមក៏ប៉ុន្ដែនៅក្នុងបរិបទវប្បធម៍ប្រពៃណីរបស់ខ្មែរយើង ដែលកងកម្លាំប្រដាប់អាវុធមិនទាន់ទទួលបានការអប់រំផ្នែកមនុស្សធម៍ទេ ពួកគាត់ភាគច្រើនទៅឲ្យតែជួបបើថាត្រូវ៉ៃៗ បើត្រូវបាញ់ៗតែម្ដង»។
ដូចគ្នាដែរលោកស្រី ធីតា ឃិះ នាយិកាអង្គការសីលការ ដែលធ្វើការលើផ្នែកគាំទ្រស្ដ្រី បានបង្ហាញការយល់ឃើញថា ជាទូទៅបុរសមិនចង់ប្រព្រឹត្ដិអំពើហិង្សាទៅលើស្ដ្រី ជាពិសេសនៅពេលមានការតវ៉ា នៅទីសាធារណៈ ជាហេតុធ្វើឱ្យក្រុមសមត្ថកិច្ចដែលជាបុរសមិនចង់បង្កហិង្សាទៅស្ដ្រីនោះទេ។ ក្រៅពីចំណុចនេះអ្នកស្រីបន្ថែមថា ដោយសារប្រព័ន្ធផ្សព្វផ្សាយមួយចំនួនធំគឺតែងតែ មានជាសារលើកទឹកចិត្ដដល់ស្ដ្រីឲ្យក្លាហាន ដើម្បីបញ្ចេញមតិនិងងើបឡើងតស៊ូមតិដើម្បីយុត្ដិធម៍សង្គមនិងខ្លួនឯង ជាប្រការមួយធ្វើឱ្យ សកម្មភាពស្ដ្រីចេញមកតស៊ូដើម្បីយុត្ដិធម៍សង្គម មានចំនួនច្រើនជាងបុរស។
លោកស្រី ធីតា ឃិះ៖«ស្ដ្រីគាត់មានតួនាទីនិងកាតព្វកិច្ចគ្រប់គ្នា នឹងគឺគាត់ត្រូវមើលថែរក្សា និងមើលទៅលើធនធានក្រុមគ្រួសាររបស់គាត់ គាត់ចេញតវ៉ាហ្នឹងដោយគាត់មើលឃើញថា វាប៉ះពាល់ដល់ធ្ងន់ធ្ងរដល់ក្រុមគ្រួសាររបស់គាត់»។
ចំណែកលោកស្រី ជា វណ្ណាត អ្នកវិភាគនយោបាយ និងសង្គម មានប្រសាសន៍ថា ស្ដ្រីនិងបុរសចំពោះទំហំទឹកចិត្ដដែលផុលផុស មិនអាចកំណត់ថាអ្នកណាមានខ្លាំងជាងអ្នកណាទេ។ លោកស្រីពន្យល់ថា អ្វីដែលគេសង្កេតឃើញមានស្ដ្រីច្រើនជាអ្នកដឹកនាំការតស៊ូក្នុងបញ្ហាផ្សេងៗ ក៏ព្រោះតែជាទម្លាប់ពីអតីតកាលទោះសម្ដីធំតូច ធ្ងន់ស្រាលយ៉ាងណាក៏កម្រប្រើហិង្សាលើស្ដ្រី ដែលវាខុសប្លែកពីបុរសដែលអាចមានសម្ដីធំតូចដាក់គ្នា បង្កទៅជាហិង្សាបាន។
លោកស្រី ជា វណ្ណាត យល់ថា រដ្ឋាភិបាល ក៏ដូចជាក្រុមអង្គការសង្គមស៊ីវិល គួរតែបង្កើតក្រុមការងារដើម្បីជួយដោះស្រាយបញ្ហាទំនាស់ដែលកើតមាន ដោយមិនគួរឲ្យស្ដ្រីចេញតវ៉ាតាមដងផ្លូវនោះទេ ព្រោះធ្វើឲ្យស្ដ្រីងាយនិងជួបប្រទះបញ្ហាខ្លាំងណាស់។
អ្នកស្រី ជា វណ្ណាត៖«ទាំងរដ្ឋាភិបាល និង អង្គការសង្គមស៊ីវិលគួរមានយន្ដការមួយ ធ្វើយ៉ាងណាដើម្បីរួមគ្នាជួយកុំធ្វើឲ្យអ្នកទាំងអស់ហ្នឹង អត់ទីពឹងរហូតមិនដឹងទៅរកអ្នកណា មានតែផ្លូវថ្នល់ហ្នឹង ហើយដែលគ្មានជម្រើសមានតែស្រែកនៅតាមផ្លូវថ្នល់ហ្នឹងហើយ ប៉ុន្ដែការស្រែកនៅតាមផ្លូវថ្នល់ហ្នឹង គឺវាផុយស្រួយដែលងាយក្នុងការទទួលរងហិង្សាណាស់»។
ក្នុងរយៈពេលចុងក្រោយនេះស្ដ្រីជាច្រើនរូបដែលជាសកម្មជនដីធ្លី ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួននិងយកទៅកសាងសតិអារម្មណ៍ ។ ចាប់តាំងពីមានព្រឹត្ដិការណ៍ ថ្ងៃចន្ទពណ៍ខ្មៅ មកស្ដ្រីជិត ២០ នាក់ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនរយៈពេលខ្លីដោយពួកគេបង្ខំឲ្យទទួលយកការព្រមាន បញ្ឈប់សកម្មភាពធ្វើអ្វីមួយដែលបង្កលំបាកដល់សណ្ដាប់ធ្នាប់សង្គម ប៉ុន្ដែស្ដ្រីទាំងនោះមិនបានថមថយឡើយ ។ ពួកគាត់នៅតែបញ្ចេញសកម្មភាពខ្លាំងក្លា។
មិនថាឡើយស្ដ្រីសហគមន៍នៅរាជធានីភ្នំពេញ គឺស្ដ្រីនៅតាមបណ្ដាខេត្ដនានាក៏ចេញមុខដើម្បីសេរីភាពពួកគេផងដែរ។ កាលពីថ្មីៗនេះស្ដ្រីពីរនាក់ដែលតស៊ូដើម្បីដីធ្លីរបស់ពួកគេ ត្រូវបានសមត្ថកិច្ចខេត្ដកំពង់ស្ពឺ ចាប់មកឃុំខ្លួនក្នុងតុលាការរបស់ខេត្ដនេះ ប៉ុន្ដែពួកគេត្រូវបានដោះលែងវិញដោយសារការធ្វើអន្ដរាគមន៍របស់សម្ដេច នាយករដ្ឋមន្ដ្រី។
នៅមានស្ដ្រីជាច្រើនទៀតស្ថិតក្នុងជួរគណបក្សនយោបាយ ក៏បានធ្វើសកម្មភាពយ៉ាងសកម្មដើម្បីសេរីភាព របស់មនុស្សជំនាន់ក្រោយដែរ ដូចជា លោកស្រី មួរ សុខហូ ជាដើម។ លោកស្រី ធ្លាប់មានរឿងក្ដីក្ដាំង ដ៏ល្បី ជាមួយប្រមុខរដ្ឋាភិបាល ៕