en     km
en     km

ស្ត្រី​សហគមន៍​បឹង​កក់​ព្រួយបារម្ភ​ ពី​ដីកា​ កោះហៅ​ក្នុង​សំណុំរឿង​ហិង្សា​នាំ​ឲ្យ​មានការ​ឃុំខ្លួន​

Share

ភ្នំពេញ៖ សហគមន៍​បឹង​កក់​ អះអាង​ថា​ ពួក​គាត់​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ កោះហៅ​មក​សាកសួរ​ក្នុង​សំណុំរឿង​បទ​ចោទ​ថា​ ស្ត្រី​សហគមន៍​បឹង​កក់​ប្រើ​អំពើ​ហិង្សា​លើ​កងកម្លាំង​ សមត្ថកិច្ច​ និង​បទ​ចោទ​ប្រមាថ​មន្ត្រី​សាធារណៈ​ ដែល​ជា​ការ​ព្រួយបារម្ភ​ពី​ការ​ នាំ​ឲ្យ​មានការ​ចាប់​ឃុំខ្លួន​ជា​ថ្មី​ទៀត​។​

(ពីឆ្វេង) អ្នកស្រី គង់ ចាន់ថា និង អ្នកស្រី ប៊ូ ឆវី
(ពីឆ្វេង) អ្នកស្រី គង់ ចាន់ថា និង អ្នកស្រី ប៊ូ ឆវី

​អង្គការ​សមាគម​ ការពារ​សិទ្ធិ​មនុស្ស​យល់​ថា​ ការ​ចេញ​ដីកា​កោះហៅ​ស្ត្រី​សកម្មជន​បឹង​កក់​ជា​ថ្មី​នេះ​ ដើម្បី​បំបិទ​សិទ្ធិ​បញ្ចេញមតិ​ និង​មិន​ចង់​ឲ្យ​មាន​សកម្មភាព​ តវ៉ា​មុន​ព្រឹត្តិការណ៍​បោះ​ឆ្នោត​។​លោក​ ធូ​ វិ​រៈ​ រាយការណ៍​ព័ត៌មាន​នេះ​៖

 

​សហគមន៍​បឹង​កក់​ម្នាក់​អះអាង​ថា​ សាលាដំបូង​រាជធានី​ភ្នំពេញ​ នឹង​កោះហៅ​សកម្មជន​បឹង​កក់​ចំនួន​បី​នាក់​ មក​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​ ២៩​កញ្ញា​ ខាង​មុខ​នេះ​។​

​ការ​កោះហៅ​នេះ​ ក្នុង​សំណុំរឿង​បទ​ចោទ​ថា​ ស្ត្រី​សហគមន៍​បឹង​កក់​ បាន​ប្រើ​អំពើ​ហិង្សា​លើ​កងកម្លាំង​សមត្ថកិច្ច​ និង​បទ​ចោទ​ប្រមាថ​មន្ត្រី​សាធារណៈ​ នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​ នៅ​ពេល​ពួក​គេ​តវ៉ា​ទាមទារ​សំណង​បន្ថែម​ ក្នុង​រឿង​ដីធ្លី​នៅ​បឹង​កក់​ កាលពី​ឆ្នាំ​ ២០១១​។​

​ទោះបី​យ៉ាងណា​ សហគមន៍​បឹង​កក់​បាន​បដិសេធ​ថា​ មិន​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ កងកម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ​ឡើយ​។

​អ្នកស្រី​ ប៊ូ​ ឆវី​ សកម្មជន​ដីធ្លី​បឹង​កក់​ មាន​ប្រសាសន៍​ថា​ អ្នកស្រី​បានលឺ​ដំណឹង​ពី​មេធាវី​របស់​អ្នកស្រី​ថា​ សាលាដំបូង​រាជធានី​ភ្នំពេញ​ នឹង​កោះហៅ​អ្នកស្រី​ និង​ស្ត្រី​សកម្មជន​បឹង​កក់​ ពីរ​នាក់​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​ ២៩​កញ្ញា​ ជាមួយ​អ្នកស្រី​ទេព​ វ​ន្នី​។​ ប៉ុន្តែ​អ្នកស្រី​ មិន​ទទួល​បាន​ដីកា​កោះហៅ​នោះ​នៅឡើយ​ទេ​។​

​អ្នកស្រី​ ប៊ូ​ ឆវី​ បាន​បញ្ជាក់​ថា​ អ្នកស្រី​រួម​ទាំង​មិត្ត​ភ័ក្ដិ​ បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​នឹង​ បង្ហាញខ្លួន​តាម​ដីកា​កោះហៅ​របស់​តុលាការ​ ប៉ុន្តែ​អ្នកស្រី​មានការ​ព្រួយបារម្ភ​ អំពី​ការ​កោះហៅ​នាំ​ឲ្យ​មានការ​ឃុំខ្លួន​ជា​ថ្មី​ទៀត​។​

​អ្នកស្រី​ ប៊ូ​ ឆវី​៖«​ព្រួយបារម្ភ​ចេះ​តែ​ព្រួយបារម្ភ​ ដោយសារ​យើង​អត់​មាន​កំហុស​អ្វី​ផង​ បែ​ជា​អាជ្ញាធរ​លាប​ព័ណ៌​ គេ​ប្រើ​ប្រពន្ធ​តុលាការ​កៀប​ស​ង្គ​ត់​ដាក់​ពន្ធនាគារ​ ទាំង​ដៃ​យើង​ជាប់​ខ្នោះ​ ដោយ​យើង​មិន​បាន​ប្រព្រឹត្តិ​បទល្មើស​អ្វី​។​ ប៉ុន្តែ​យើង​មាន​ក្លា​ហ៊ាន​តស៊ូ​ប្រឈម​មុខ​ទាមទារ​ នៅ​យុត្តិធម៌​ ទាមទារ​នៅ​អហិង្សា​គឺ​ យើង​អត់​មាន​ខ្លាច​ថា​យើង​មិន​ប្រគល់​ខ្លួន​ចូល​ទៅ​តុលាការ​គឺ​ យើង​តាំងចិត្ត​ តាំង​អារម្មណ៍​ស្មារតី​រួច​ហើយ​»​។​

​នៅ​ ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​ធ្វើ​ឡើង​ក្នុង​សហគមន៍​បឹង​កក់​នៅ​ព្រឹក​ថ្ងៃ​ទី​ ២៩​សីហា​ នេះ​ ក្នុង​យុទ្ធនាការ​ ថ្ងៃ​ចន្ទ​ព​ណ៍​ខ្មៅ​ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​អ្នកស្រី​ ទេព​ វ​ន្នី​ មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​ សកម្មជន​នយោបាយ​ និង​ អ្នកតំណាង​រាស្ដ្រ​ដែល​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​។​

​ចំណែក​ អ្នកស្រី​ គង់​ ចាន់​ថា​ និង​ អ្នកស្រី​ ហេង​ មំ​ ជា​សកម្មជន​បឹង​កក់​ពីរ​នាក់​ទៀត​ ក៏​ប្រឈម​មុខ​និង​ការ​កោះហៅ​មក​សាកសួរ​ផង​ដែរ​។​ អ្នកស្រី​ គង់​ ចាន់​ថា​ បាន​បដិសេធ​ថា​ ក្រុម​សហគមន៍​បឹង​កក់​មិន​បាន​ប្រើ​អំពើ​ហិង្សា​ និង​ជេរ​ប្រមាថ​មន្ត្រី​សាធារណៈ​ នៅ​ក្នុង​ពេល​តវ៉ា​ទាមទារ​សំណង​ដីធ្លី​នៅ​មុខ​សាលាក្រុង​ កាលពី​ឆ្នាំ​ ២០១១​។​

​ជុំវិញ​បញ្ហា​នេះ​ អ្នក​នាង​ ណា​លី​ ពី​ឡូ​ក​ នាយិកា​អង្គការ​សិ​ទិ្ធ​មនុស្ស​លី​កាដូ​ ដែល​បាន​ចុះ​ទៅ​ឃ្លាំមើល​ផ្ទាល់​នៅ​ សហគមន៍​បឹង​កក់​ព្រឹក​មិ​ញ​នេះ​ យល់​ឃើញ​ថា​ ការ​ចេញ​ដីការ​កោះហៅ​សកម្មជន​បឹង​កក់​បី​នាក់​គឺជា​ ការ​បំបិទ​សិទ្ធិ​សេរីភាព​ និង​ទប់ស្កាត់​មិន​ឲ្យ​មាន​សំឡេង​តវ៉ា​មុន​ព្រឹត្តិការណ៍​បោះ​ឆ្នោត​ក្រុមប្រឹក្សា​/​ឃុំ​សង្កាត់​ និង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​។​

​អ្នក​នាង​ ណា​លី​ ពី​ឡូ​ក​៖«​គាត់​ចង់​និយាយ​ថា​ ការ​ចាប់ខ្លួន​ស្ត្រី​បឹង​កក់​ អ្នកស្រី​ ទេព​ វ​ន្នី​ និង​ អ្នកស្រី​ ប៉ូវ​ សោភា​ ដោយសារ​ពួក​គេ​ធ្វើ​ យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​អ្នកស្រី​ ទេព​ វ​ន្នី​ មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​ សកម្មជន​នយោបាយ​ និង​ អ្នកតំណាង​រាស្ដ្រ​ដែល​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​គឺ​ រដ្ឋាភិបាល​គ្រាន់តែ​ឆ្លើយ​តប​ទៅ​និង​ពាក្យបណ្តឹង​បន្ថែម​ទៅ​លើ​អ្នកស្រី​ ប៊ូ​ ឆវី​ អ្នកស្រី​ គង់​ ចាន់​ថា​ និង​ អ្នកស្រី​ ហេង​មុំ​ គឺជា​វិធី​មួយ​ ដើម្បី​បញ្ចប់​ការ​តវ៉ា​ និង​បំបិទ​សំឡេង​របស់​ពួក​គាត់​»​។​

​ករណី​ ចោទ​ពី​បទ​ ប្រើ​អំពើ​ហិង្សា​លើ​កងកម្លាំង​ សមត្ថកិច្ច​ និង​បទ​ចោទ​ប្រមាថ​មន្ត្រី​សាធារណៈ​ត្រូវ​បាន​កំណត់​ បទល្មើស​មួយ​ ក្រោម​ ក្រមព្រហ្មទណ្ឌ​ មាត្រា​៥០៣​និង​មាត្រា​៥០៤៕​

Share

Image
Image
Image