ណៃរ៉ូប៊ី៖ មេដឹកនាំនៃប្រទេសទាំងពីរ គឺជប៉ុន និងកេនយ៉ា បានឱ្យដឹងថា ជប៉ុននឹងផ្តល់ជំនួយឱ្យប្រទេសកេនយ៉ា ចំនួន ១ ពាន់លានយ៉េន ឬស្មើនិង ៧,៤៥ លានផោន ដើម្បីជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងសង្គមក្នុងប្រទេសនៅតំបន់អាហ្វ្រិចមួយនេះ។ ជាងនេះទៅជប៉ុនក៏នឹងពង្រីកចំនួនទឹកប្រាក់សម្រាប់គម្រោងផលិតថាមពលកំដៅផែនដីនៅប្រទេសនេះផងដែរ។
នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe និងលោកប្រធានាធិបតីកេនយ៉ា Uhuru Kenyatta បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ នៅល្ងាចថ្ងៃអាទិត្យទី ២៨ សីហាថា ៖«ជប៉ុននឹងពង្រីកជំនួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមចំនួនមួយពាន់លានយ៉េន»។
កាលពីថ្ងៃសៅរ៍ នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានប្រាប់ក្រុមមេដឹកនាំនៃប្រទេសតំបន់អាហ្វ្រិកក្នុងសន្និសីទកាសែតថា ប្រទេសជប៉ុននឹងផ្តល់ជំនួយជាទឹកប្រាក់ចំនួន ៣០ ពាន់លានដុល្លារដើម្បីគាំទ្រដល់វិស័យសាធារណៈ និងវិស័យឯកជន និងសម្រាប់ការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធនៅលើទ្វីបនេះរយៈពេល ៣ឆ្នាំដែលនឹងចាប់ផ្តើមនៅឆ្នាំ ២០១៦នេះ។
មេដឹកនាំទាំងពីរបានបន្ថែមទៀតថា ជប៉ុននឹងផ្តល់ប្រាក់កម្ចីសម្បទានសម្រាប់គម្រោងផលិតថាមពលកំដៅផែនដី (Olkaria)។ ហើយគម្រោងនេះ នឹងដំណើរការដោយក្រុមហ៊ុនរដ្ឋកេនយ៉ា គឺក្រុមហ៊ុន General Electric (KenGen)ដែលគ្រប់គ្រងដោយរដ្ឋ ។
ក្រុមហ៊ុន KenGen មានសមត្ថភាពផលិតថាមពលសរុបចំនួន ១៦១៨ មេហ្គាវ៉ាត់ ដែលចំនួន ៥១៤ មេហ្គាវ៉ាត់គឺបានមកពីកំដៅនៃភពផែនដី៕
ប្រភព៖ CNA