ក្រុមយុវជនមួយចំនួនបានសម្តែងក្តីបារម្ភអំពីតម្លាភាពថវិកាក្នុងវិស័យឧស្សាហកម្មនិស្សារណកម្ម ខណៈដែលធនធានយុវជន និងបច្ចេកទេសនៅវិស័យនេះនៅមានកម្រិត។ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល អះអាងថា តម្លាភាពថិវកាក្នុងវិស័យនេះ គ្មានអ្វីគួរឱ្យព្រួយបារម្ភនោះឡើយ។
ក្រុមយុវជនមួយចំនួនចង់ឲ្យរាជរដ្ឋាភិបាលពង្រឹងធនធានមនុស្ស បច្ចេកទេស និងបង្ហាញអំពីតម្លាភាពថវិកា នៅក្នុងវិស័យវិស័យឧស្សាហកម្មនិស្សារណកម្ម។
លើសពីនេះក្រុមយុវជនក៏ចង់ឲ្យគណបក្សនយោបាយ ដែលមានអាសន្នៈក្នុងរដ្ឋសភាទាំងអស់ ដាក់បញ្ចូលអនុសាសន៍របស់ពួកគេ ក្នុងរបៀបវារៈគោលនយោបាយសម្រាប់ការចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ឆ្នាំ ២០១៧ និង ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៨ ដើម្បីជំរុញឲ្យមានតម្លាភាពក្នុងវិស័យនេះ។
ក្រុមយុវជនបានលើកឡើងដូចនេះ នៅក្នុងកិច្ចពិភាក្សា ពិគ្រោះយោបល់រវាងយុវជនជាមួយតំណាងនយោបាយធំៗដែលមានសំឡេងក្នុងរដ្ឋសភា គឺគណៈបក្សប្រជាជនកម្ពុជា និងគណៈបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី ២៨ ខែ សីហានេះ ស្តីអំពី«គោលនយោបាយរបស់គណបក្សនយោបាយក្នុងការគ្រប់គ្រងវិស័យឧស្សាហកម្មនិស្សារណកម្ម»។
និស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬវិទ្យាស្ថានតិចណូ លោក សេ គឹមណេត ដែលបានចូលរួមពិភាក្សាពិគ្រោះយោបល់នៅព្រឹកថ្ងៃអាទិត្យនេះ បានសម្តែងក្តីបារម្ភអំពីកង្វះធនធានមនុស្ស និងបច្ចេកទេសក្នុងការសិក្សាស្រាវជ្រាវនៅក្នុងវិស័យឧស្សាហកម្មនិស្សារណកម្ម បើប្រៀបធៀទៅនិងប្រទេសនៅក្នុងតំបន់អាស៊ាន។ និស្សិត សេ គឹមណេត៖«ចំនុចដែលខ្ញុំគិតថា ផ្តោតសំខាន់គឹបច្ចេកទេស និងធនធានមនុស្ស។ បើសិនមានតែធនធានមនុស្សហើយបច្ចេកទេស ប្រសិនបើច្បាប់មិនអាចអនុវត្តន៍តឹងរឹងច្បាស់លាស់អំពីការកំណត់នៅប្រាក់ចំណូលត្រឹមត្រូវនោះទេក៏មិនអាចថា ពួកគាត់មានធនធានទៅទាញយកៗបានដែរ។ ខ្ញុំគិតថា ប្រសិនបើឧបមាថា ក្រុមហ៊ុន តូតាល់ អាចនឹងបូបប្រេងនៅក្នុងប្រទេសកម្ពុជាយើង ហើយស្ថាប័នរដ្ឋរបស់យើងអត់មានក្រុមបច្ចេកទេសច្បាស់លាស់ទេ ប្រាកដជាអាចក្រុមហ៊ុនតូតាលទទួលបានផលចំណេញច្រើនជាងរដ្ឋាភិបាលយើងទៀត»។
និស្សិតឆ្នាំទី៤ ជំនាញផ្នែកធនធានរ៉ែ លោក គឹមណេត បន្ថែមថា រដ្ឋាភិបាលត្រូវពង្រឹងធនធានមនុស្ស និងបច្ចេកទេសឲ្យបានច្រើន។ ពិសេស រាជរដ្ឋាភិបាលត្រូវពង្រឹងការអនុវត្តច្បាប់តឹងរឹងចំពោះក្រុមហ៊ុនវិនិយោគលើវិស័យរ៉ែនៅកម្ពុជា។
និស្សិតសិក្សាជំនាញផ្នែកធនធានរ៉ែរូបនេះ សំណូមពរដល់គណបក្សនយោបាយដែលមានអាសន្នៈក្នុងសភាទាំងពីរត្រូវមានចំណុចប្រសបគ្នាមួយ ដើម្បីបង្កើតគណកម្មាធិការឯករាជ្យមួយ ក្នុងការតាមដាន និងត្រួតពិនិត្យទំនួលខុសត្រូវរបស់ក្រុមហ៊ុនវិនិយោគលើវិស័យឧស្សាហកម្មរ៉ែ។
រីឯនិស្សិតមួយរូបទៀតគឺ កញ្ញា ស៊ិន សុខរី ក៏សំណូមពរចង់ឲ្យរាជរដ្ឋាភិបាលផ្តល់ដំណឹងជាមុនដល់ប្រជាពលរដ្ឋ ដែលរស់នៅស្ថិតតំបន់គម្រោងវិនិយោគក្នុងវិស័យឧស្សាកម្មរ៉ែ ដើម្បីបញ្ជាក់ផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និង បរិស្ថាន។
លើសពីនេះ កញ្ញា សុខរី បានអំពាវនាវឲ្យរាជរដ្ឋាភិបាល រួមទាំងភាគីពាក់ព័ន្ធត្រូវសិក្សាផលប៉ះពាល់ឲ្យបានច្បាស់ លាស់ មុននឹងផ្តល់ការវិនិ យោគវិស័យឧស្សាកម្មនិស្សារណកម្មនៅកម្ពុជា។ និស្សិត ស៊ិន សុខរី៖«ខ្ញុំចង់ឲ្យគោលនយោបាយរបស់កណបក្សទាំងពីរបើកចំហរនៅទាញយករ៉ែដោយផ្តល់ ដំណឹងប្រាប់ប្រជាពលរដ្ឋជាមុនអំពីផលប៉ះពាល់ និង គុណប្រយោជន៍ ហើយពេលមានផលប៉ះពាល់ត្រូវមានវិធីសាស្ត្ររស់នៅតំបន់នៅ»។
អ្នកនាំពាក្យ និងជារដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល ដែលតំណាងឲ្យគណបក្សប្រជាជនកម្ពុជា លោក ឌិត ទីណា មានប្រសាសន៍ក្នុងកិច្ចពិភាក្សាពិគ្រោះយោបល់ថា គណបក្សកាន់អំណាចបានបញ្ចូលទៅក្នុងគោល នយោបាយរបស់ខ្លួន នូវការបើកចំហររាល់ព័ត៌មានវិនិយោគក្នុងវិស័យឧស្សាកម្មនិស្សារណកម្មនេះ។
អ្នកនាំពាក្យរូបនេះ បានអះអាង តម្លាភាពលើថវិកាចំណូលចំណាយ ក្នុងវិស័យឧស្សាហកម្មនិស្សារណកម្មនៅកម្ពុជាគឺ គ្មានអ្វីគ៏ឲ្យព្រួយបារម្ភឡើយ ព្រោះរាជរដ្ឋាភិបាលមានច្បាប់ស្តីពីគ្រប់គ្រងថវិកានេះ។ លោក ឌិត ទីណា៖«រាល់ពេលដែលយើងមានការជួបជុំយុវជន យើងតែងតែប្រមូលនៅកង្វល់ទាំងអស់ ហើយដោះស្រាយ ពន្យល់ជូនគាត់ កន្លែងណាយើងពន្យល់បានយើងពន្យល់ជូន។ ទាក់ទងជាមួយតម្លាភាពនេះ ក្រសួង រាជរដ្ឋាភិបាលទាំងមូលយើងមានច្បាប់ក្នុងច្បាប់ថវិការ អញ្ចឹងគ្មានអ្វីតម្លាភាពជាងច្បាប់ថវិការនេះទេ ដែលដាក់ជូនសភារៀងរាល់ឆ្នាំ ហើយច្បាប់នេះមានកំណត់ចំណូលមានប៉ុន្មាន ហើយចំណាយទៅវិញមានប៉ុន្មាន មានកត់ត្រាទាំងអស់នៅក្នុងនិង»។
ចំណែកឯ នាយកប្រតិបត្តិនៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន គឺលោក ជាង សុខា ធ្លាប់បានប្រាប់ វិទ្យុក្នុងស្រុកមួយថា ក្នុងរយៈពេលជាង ១០ឆ្នាំ ចុងក្រោយនេះ គឺធនធានរ៉ែធម្មជាតិចាប់ផ្ដើមថយចុះជាបន្តបន្ទាប់គួរឲ្យព្រួយបារម្ភ។
យ៉ាងណាលោក គឹម សូរភិរិទ្ធ តំណាងមកពីគណបក្សសង្គ្រោះជាតិ លើកឡើងថា រដ្ឋាភិបាលហាក់មិនបានគ្រប់គ្រងឱ្យបានច្បាស់លាស់លើការវិនិយោគនោះទេ។ ចំណែកធនធានមនុស្សក្នុងវិស័យឧស្សាហកម្មវិញ លោក គឹម សូររិទ្ធ កត់សម្គាល់ថា កម្ពុជានៅមិនទាន់អ្នកជំនាញលើវិស័យនេះនៅឡើយនោះទេ ដូច្នេះលោកថា រដ្ឋាភិបាលគួរតែធ្វើការអភិវឌ្ឍធនធានមនុស្សលើវិស័យនេះឱ្យបានច្រើនជាងមុន។
តំណាងមកពីគណបក្សនយោបាយទាំងពីរបានសន្យាថា នឹងយកមតិយោបល់របស់យុវជននៅកិច្ចពិភាក្សាពិគ្រោះយោបល់ ស្តីអំពី«គោល នយោបាយរបស់គណបក្សនយោបាយក្នុងការគ្រប់គ្រងវិស័យឧស្សាហកម្មនិស្សារណកម្ម»នេះ ដាក់ចូលទៅក្នុងគោលនយោបាយរបស់ខ្លួន សម្រាប់ការចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ឆ្នាំ ២០១៧ និង ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៨ ដើម្បីជំរុញឲ្យមានតម្លាភាពក្នុងវិស័យឧស្សាហកម្ម៕