ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ បានថ្លែងថា កំណើនពាណិជ្ជកម្មទ្វេភាគីរវាងប្រទសកម្ពុជា និងសាធារណៈរដ្ឋកូរ៉េមានទំហំទឹកប្រាក់ជាង ១០០ លានដុល្លារសហរដ្ឋ អាមេរិក តាមរយៈការនាំទំនិញពីកម្ពុជាទៅកូរ៉េខាងត្បូង។ ចំណែក កូរ៉េខាងត្បូង នាំទំនិញមកកម្ពុជាវិញ មានទំហំទឹកប្រាក់ជិត ៣០០ លានដុល្លារសហរដ្ឋអាមេរិកបើគិតត្រឹម ០៧ ខែ ដើមឆ្នាំ ២០១៦ នេះ។
លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានថ្លែងដូចនេះ ក្នុងនាមជាវាគ្មិនក្នុងកម្មវិធី ពិភាក្សាតុមូល ជាមួយឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសក្នុងអាស៊ាន នៅសាធារណកូរ៉េ ស្ដីពីទំនាក់ទំនងការទូត ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចផ្លូវការ ការផ្លាស់ប្ដូរពាណិជ្ជកម្ម ភ្ញៀវទេសចរណ៍ និងកិច្ចសហប្រតិបត្តិការក្នុង ការបញ្ចូន-ទទួលពលករ មកធ្វើការនៅសាធារណរដ្ឋកូរ៉េ ដែលរៀបចំដោយ Korean Association of Southeast Asia (KASEAS)នៅក្នុងបរិវេណសាកលវិទ្យាល័យ Sogang។
ក្រៅពីនេះ លោក ឡុង ឌីម៉ង បានថ្លែងថា សម្រាប់កម្ពុជាពាក់ព័ន្ធនឹងវិស័យការងារគិតត្រឹមខែឧសភា ឆ្នាំ២០១៦ ពលករកម្ពុជា បាននឹងកំពុងបម្រើការនៅសាធារណរដ្ឋកូរ៉េមានចំនួន ប្រហែល ៤៦.០០០នាក់ ដោយនាំយករូបបិយប័ណ្ណត្រលប់ទៅកម្ពុជាវិញប្រមាណជាង ៥០០លានដុល្លាអាមេរិកក្នុងមួយឆ្នាំ តាមរយៈប្រាក់ឈ្នួល។
ដោយឡែកវិស័យទេសចរណ៍វិញកម្ពុជាសម្រាប់ឆ្នាំ ២០១៥ កន្លងមក គឺកម្ពុជាទទួលបានភ្ញៀវទេសចរណ៍ ពីសាធារណរដ្ឋកូរ៉េចំនួនជិត ៤០ម៉ឺននាក់ ដោយស្ថិតក្នុងចំណាត់ថ្នាក់លេខបួន បន្ទាប់ពី វៀតណាម ចិន និងឡាវ ជាមួយនឹងជើងហោះហើរត្រង់មកកម្ពុជា (ភ្នំពេញ និងសៀមរាប) ប្រមាណ ៣៥ ជើងក្នុងមួយសប្ដាហ៍។ នេះបើយោងតាមទំព័រហ្វេប៊ុកផ្លូវការរបស់ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ។