ភ្នំពេញ៖ អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប លោក គួយ ប៊ុនរឿន អះអាងថា លោក សម រង្ស៊ី នៅតែមានឱកាសដើម្បីចុះឈ្មោះបោះឆ្នោតបាន ដោយអាស្រ័យលើការវិលមកវិញរបស់លោក ហើយបើមានបញ្ហាអ្វីគឺជាសិទ្ធិនៃការប្ដឹងជំទាស់។
លោក គួយ ប៊ុនរឿន មានប្រសាសន៍ដូចនេះ នៅក្នុងកិច្ចប្រជុំស្តីពី «នីតិវិធីនៃការចុះឈ្មោះបោះឆ្នោតគាំទ្រ ក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបញ្ជូនទិន្ន័យមក គ.ជ.ប» ដែលរៀបចំឡើងនៅសាលប្រជុំនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅព្រឹកថ្ងៃ សុក្រទី ២៦ខែសីហា ឆ្នាំ ២០១៦ នេះ។ ចំណែកអ្នកច្បាប់ និងអ្នកវិភាគក៏យល់ស្របដូចនេះដែរ។
លោក គួយ ប៊ុនរឿន៖ «ករណីឯកឧត្ដម សម រង្ស៊ី ថាតើមានសិទ្ធិចុះឈ្មោះបោះឆ្នោតដែរឬទេ ជាគោលការណ៍ច្បាប់ គាត់មានសិទ្ធិ តែនៅពេលបិតបញ្ជីដំបូងអាចមានការប្ដឹងជំទាស់ទៅលើករណីរបស់គាត់»។
យោងតាមមាត្រា ១២ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ ជំពូកទី ៣ ស្ដីពីការចុះឈ្មោះបោះឆ្នោត បញ្ជាក់ថាអ្នកចុះឈ្មោះបោះឆ្នោតគឺជននោះ មិនត្រូវស្ថិតក្នុងស្ថានភាពជាប់ពន្ធនាគារឬមិនត្រូវបានដកសិទ្ធិបោះឆ្នោត។
លោក ហុង គឹមសួន មេធាវី តំណាងជនរងគ្រោះរដ្ឋប្បវេណីនៃរបបខ្មែរក្រហម បានផ្ដល់បទសម្ភាសន៍ខ្លីមកកាន់វិទ្យុស្ដ្រីនៅថ្ងៃសុក្រ ទី ២៦សីហា ថា បុគ្គលគ្រប់រូបមិនថាអ្នកណាទេគឺសុទ្ធសឹងតែមានសិទ្ធិ ក្នុងការចុះឈ្មោះបោះឆ្នោតឬក៏ឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យ បើទោះបីជាបុគ្គលនោះជាជនដែលមានទោស ហើយកំពុងរត់គេចខ្លួនក៏ដោយ។ ប៉ុន្ដែលោកពន្យល់ថា បុគ្គលដែលមិនអាចចុះឈ្មោះបោះឆ្នោតបាន ឬក៏ឈរឈ្មោះឲ្យគេបោះឆ្នោត លុះណាតែបុគ្គលនោះត្រូវបានតុលាការចេញសាលក្រម បិទសិទ្ធិមិនឲ្យចុះឈ្មោះបោះឆ្នោត ឬឈរឈ្មោះបោះឆ្នោតទើបបុគ្គលនោះត្រូវបាត់បង់សិទ្ធទាំងស្រុង។
លោក ហុង គឹមសួន៖ «អញ្ចឹងទាល់តែមានអ្នកណាមួយដែលគេប្ដឹង ឲ្យតុលាការចេញសេចក្ដីសម្រេចមួយហាមឃាត់ជនហ្នឹង ព្រោះជនដែលមានទោសវាស្ថិនៅក្នុងមានទោសជាប់ពន្ធនាគារ មានទោសព្យូរទោស ហើយដែលសាលក្រមមួយបានសម្រេចថាហាមឃាត់ ការទៅបោះឆ្នោត ឬទៅឈរឈ្មោះឲ្យគេបោះឆ្នោត ដល់មានចែងនៅក្នុងសាលក្រមនោះទៀត ទើបជននោះត្រូបានបាត់សិទ្ធិទៅចុះឈ្មោះបោះឆ្នោត ឬទៅឈរឈ្មោះឲ្យគេបោះឆ្នោត»។
ចំណែកសាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយលោក សូ ចន្ថា បានបង្ហាញការយល់ឃើញរបស់លោកថា ក្នុងការបោះឆ្នោតសភាឆ្នាំ ២០១៨ លោក សម រង្ស៊ី ត្រូវតែវិលចូលមកកម្ពុជាដើម្បីបង្ហាញពីឆន្ទៈក្នុងការដឹកនាំប្រទេសប្រសិនជាលោកឈ្នះឆ្នោត។
សាស្ដ្រាចារ្យរូបនេះយល់ថា លោក សម រង្ស៊ី មានវិធីតែមួយប៉ុណ្ណោះដែលអាចវិលចូលមកម្ពុជា ដើម្បីឈរឈ្មោះបោះឆ្នោតបាន គឺការសម្របសម្រួលនយោបាយ ព្រោះសំណុំរឿងរបស់ប្រធានគណបក្សប្រឆាំងធំជាងគេនៅកម្ពុជារូបនេះមិនខុសគ្នាពីសំណុំរឿងចាស់ៗ កាលពីឆ្នាំ ២០១៣ ប៉ុន្មានទេ ព្រោះគេមើលឃើញថា ជារឿងនយោបាយ ។
លោក សូ ចន្ថា សង្កត់ធ្ងន់ថា ប្រសិនជាការបោះឆ្នោតនាពេលខាងមុខនេះទាំងលោក សម រង្ស៊ី ក៏ដូចជាសមាជិកគណបក្សប្រឆាំងនៅតែ រងនីតិវីធីរបស់តុលាការ និងការគាបសង្កត់ផ្សេង រហូតមិនអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតបាន លោកយល់ថាលទ្ធផលនៃការបោះឆ្នោតលើកនេះ នឹងពិបាកធ្វើឲ្យបណ្ដាប្រទេសលទ្ធិប្រជាធិបតេយ្យជាមិត្ដទទួលយកបានថា ពិតជាមាន ភាពសុក្រឹត្យ ត្រឹមត្រូវ និងយុត្ដិធម៍ ណាស់។
លោក សូ ចន្ថា៖ «វត្ដមានរបស់លោកគឺមានភាពចំបាច់ ដើម្បីឲ្យដំណើរការចាំបាច់ដើម្បីឲ្យដំណើរការ នៃការប្រគួតប្រជែងបែបប្រជាធិបតេយ្យ ដោយស្មើរភាពមានលក្ខណៈ ល្អប្រសើរនិងអាចធ្វើឲ្យអន្ដរជាតិទទួលស្គាល់លទ្ធផលបោះឆ្នោត ប៉ុន្ដែផ្ទុយទៅវិញបើសិនជាក្រុមប្រឆាំងនៅតែរងការគាបសង្គត់ តាមរូបភាពផ្សេងៗមិនអាចចុះឈរឈ្មោះបោះឆ្នោតបាននោះ នឹងពិបាកឲ្យអន្ដរជាតិទទួលស្គាល់លទ្ធផលបោះឆ្នោតណាស់»។
សូមជម្រាបថាប្រទេសកម្ពុជា និងមានការបោះឆ្នោតសំខាន់ចំនួនពីរ ដែលនឹងធ្វើឡើងនាពេលខាងមុខនេះគឺការបោះឆ្នោតថ្នាក់ឃុំសង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោតសភាអណត្ដិទី ៦ ក្នុងឆ្នាំ២០១៨ ដែលការបោះឆ្នោតទាំងពីរដំណាក់កាលនេះត្រូវបានគេរំពឹងថា នឹងមានអ្នកសង្កេតការណ៍ជាតិ និង អន្ដរជាតិរាប់ពាន់នាក់ចូលរួមសង្កេតកាណ៍ផងដែរ៕