ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា កម្ពុជាមិនត្រូវការសង្គ្រាមជាមួយប្រទេសជិតខាងទេ គឺកម្ពុជាត្រូវការរក្សាសន្ដិសុខ និង កិច្ចសហប្រតិបត្ដិការល្អជាមួយប្រទេសជិតខាង។លោក លៀ ស៊ីណា រាយការណ៍៖

ប្រសាសន៍របស់សម្ដេច ហ៊ុន សែន ដូចនេះគឺក្នុងពេលជួបសំណេះសំណាលសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការដ្ឋាន កងពលធំអន្តរាគមន៍លេខ៣ នៅក្នុងខេត្តព្រះវិហារនៅព្រឹកថ្ងៃសុក្រទី២៦ សីហានេះ។ នេះបើយោងតាម គេហទំព័រ Fresh News។
កំឡុងពេលជួបសំណេះសំណាល ជាមួយកងកម្លាំងប្រដាប់អាវុធ ការពារព្រំដែន សម្តេច ហ៊ុន សែន ក៏បានរំលឹកពីកាលដែលប្រទេសថៃឈ្លានពាន មកលើដែនអធិបតេយ្យរបស់កម្ពុជា កាលពីឆ្នាំ២០០៨ ដែលរហូតដល់មានការប្រឈមមុខដាក់គ្នា ជាបន្តបន្ទាប់ និងការឈានទៅដល់ការប៉ះទង្គិះគ្នា ទ្រង់ទ្រាយធំនៅ ខែកុម្ភៈឆ្នាំ២០១១ ទៀតផង។
ប្រមុខដឹកនាំរាជរដ្ឋាភិបាល បានបញ្ជាក់បន្ថែមថា ការប៉ះទង្គិះគ្នារវាងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសកម្ពុជា និង កងកម្លាំងប្រទេសថៃគឺមិនមែនជាការចង់បានរបស់កម្ពុជាឡើយ។ ប៉ុន្ដែបញ្ហានេះគឺជាការ មាក់ងាយកម្ពុជា ពីសំណាក់អតីតនាយករដ្ឋមន្ដ្រីថៃ លោក អាប់ភីស៊ីត វេចាជីវ៉ា។
សម្ដេច ហ៊ុន សែន៖ «អ្វីដែលយើងត្រូវការនៅទីនេះ មិនមែនជាបញ្ហាសង្គ្រាមនោះទេ ហើយយើងមិនត្រូវការសង្គ្រាមទេ ។ យើងបង្ខំចិត្តខ្លាំងណាស់ អត់ធ្មត់ខ្លាំងណាស់ ដើម្បីរក្សាសេចក្តីសុខជាមួយប្រទេសជិតខាង។ យើងបានប្រឹងប្រែងគ្រប់មធ្យោបាយទាំងអស់ ប៉ុន្តែភាពឈ្លើយរបស់អាប់ភីស៊ីត មិនអាចឲ្យអ្នកឯងមើលងាយកម្ពុជាបានទេ»។
យ៉ាងណា ក៏ដោយ អ្នកស្រាវជ្រាវនយោបាយការបរទេស និង ច្បាប់អន្ដរជាតិលោក ឡុង គឹមឃន ដែលបានផ្ដល់បទសម្ភាសន៍ខ្លីជាមួយវិទ្យុស្ដ្រី ដោយលោកពិនិត្យឃើញថា ការប្រមាថមាក់ងាយពីប្រទេសជិតខាងគឺមិនមែនជារឿងចៃដន្យទេ។ លោកថាជា ចេតនារបស់អ្នកនយោបាយថៃដែលព្យាយាមបង្វែរស្ថានការណ៍ផ្ទៃក្នុងរបស់ពួកគេ ហើយបែរជាឈ្លានពានកម្ពុជាស្របពេលកម្ពុជានៅមានគោលនយោបាយជាមួយថៃមិនច្បាស់លាស់។
លោកគិតថា ករណីប្រាសាទព្រះវិហារ ឬករណីភ្នំទ្រព្យអ្នកនយោបាយថៃ និងឆក់ឱកាសជាថ្មីម្ដងទៀតនៅពេលដែលថៃរៀបចំបោះឆ្នោតសភា ខែ កក្កដាឆ្នាំ២០១៧។ ករណីនេះលោកទទូចឲ្យអ្នកនយោបាយខ្មែរត្រូវមានការឯកភាពជាតិ ហើយត្រូវដោះស្រាយបញ្ហាជាមួយថៃឲ្យបានច្បាស់លាស់។
លោក ឡុង គឹមឃន៖«ដើម្បីកុំឲ្យថៃមានលេសទាល់តែពីឥឡូវនេះទៅ កម្ពុជាមុនពេលស្ថានការណ៍វាឡើងកម្ដៅកម្ពុជាយើងត្រូវជួបជាមួយភាគីថៃ ដើម្បីរៀបចំយន្ដការណ៍មួយដើម្បីដោះស្រាយបញ្ហាដី នៅតំបន់ប្រាសាទព្រះវិហារឲ្យបានមុនការបោះឆ្នោត ២០១៧ ថៃចូលមកដល់»។
នៅក្នុងស្ថានភាពនៃជម្លោះព្រំដែនកម្ពុជា ថៃ ដែលបានផ្ទុះឡើងតាំង ពីឆ្នាំ ២០០៨ ហើយផ្ទុះការវាយប្រហារនៅឆ្នាំបន្ទាប់ទៀតនោះបណ្ដាលឲ្យកងទ័ពនៃប្រទេសទាំងពីរជាច្រើននាក់ស្លាប់ ប្រជាជនបានក្លាយជាជនភៀសសឹក។
ជម្លោះព្រំដែននៅពេលនោះគឺបណ្ដាលមកពីកងព័ទបានចូលកាន់កាប់ ផ្នែកមួយនៃប្រាសាទព្រះវិហារ ប៉ុន្ដែប្រទេសទាំងពីរមិនមានកិច្ចព្រមព្រៀងជាផ្លូវការជាមួយគ្នាទេ គឺរហូតមានសាលដីការជាថ្មីម្ដងទៀតពីតុលាការយុត្ដិធម៍អន្ដរជាតិទីក្រុងឡាអេ ដោយ ប្រកាសថា ដីតំបន់នោះគឺជាផ្នែកមួយនៃទឹកដីកម្ពុជា ទើបភាគីថៃស្ងប់ស្ងាត់៕