រដ្ឋាភិបាលប្រទេសឥណ្ឌាបានបញ្ជាឲ្យ កងទ័ពរបស់ខ្លួនដាក់ពង្រាយកាំជ្រួចនៅតាមព្រំដែន ជាមួយចិនបន្ទាប់ពីទីក្រុង ប៉េកាំង បានអះអាងជាថ្មីម្ដងទៀតថាទឹកដីរបស់ខ្លួនប្រមាណជា ៩ម៉ឺនគឺឡូម៉ែត្រក្រឡាជាពិសេសគឺនៅតំបន់ភ្នំ ហិមាឡៃ ត្រូវបានឥណ្ឌាចូលលុកលុយនិងគ្រប់គ្រងមកដល់ពេលនេះ។
តាមបណ្ដាញផ្សាយព័ត៌មាន Channel news Asia ប្រទេសផលិតអាវុធនុយក្លែអ៊ែ ទាំងពីរនេះមានភាពតានតឹងផ្នែកកងទ័ពតាមព្រំដែនជាមួយគ្នា គឺនៅរយៈពេលមួយខែចុងក្រោយនេះ ខណៈចិនបង្កើនឥទ្ធិពលផ្នែកកងទ័ពរបស់ខ្លួននៅសមុទ្រចិនខាងត្បូង ដែលនៅទីនោះក្រុមហ៊ុនរុករកប្រេងកាតរបស់ឥណ្ឌា ក៏មានសកម្មភាពរុករកប្រេងកាតជាមួយនឹងក្រុមហ៊ុនវៀតណាមនៅទីនោះផងដែរ។
អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក វ៉ួយ កាំង បាននិយាយក្នុងសន្និសីទសារព័ត៌មានថា ប្រទេសទាំងពីរត្រូវតែរក្សាឲ្យបានស្ថេរភាពសន្ដិភាពនៅតាមតំបន់ព្រំដែន គឺមិនត្រូវមានជម្លោះជាមួយគ្នាដូចអតីតកាលនោះទេ។
យ៉ាងណាក៏ដោយប្រទេសឥណ្ឌាបានអះអាងថាទឹកដីរបស់ខ្លួនប្រមាណជា ៣៨០០០ គីឡូម៉ែត្រ ត្រូវបានចិនគ្រប់គ្រង ។
ប្រទេសទាំងពីរធ្លាប់ធ្វើសង្គ្រាមប្រយុទ្ធគ្នាក្នុងឆ្នាំ ១៩៦២ គេហៅថា សង្គ្រាមព្រំដែនដោយសម្លាប់កងទ័ពនៃប្រទេសទាំងពីរអស់ជាច្រើន ពាន់នាក់៕ ប្រភព CNA