នៅក្នុងឆ្នាំ ២០១៥ ប្រទេសកម្ពុជាទទួលភ្ញៀវទេសចរណ៍បរទេសប្រមាណជាង ៤លាននាក់ ដោយកើនទ្បើង ៦,១ ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៤។
កំណើនភ្ញៀវទេសចរណ៍នេះបាននាំចំណូលចូលជាតិប្រមាណ ៣០១២ លានដុល្លារ អាមេរិក ដែលគេបានចាត់ចំណូលនេះចូលទៅក្នុងសេដ្ឋកិច្ចជាតិ។ តាមរយៈនេះដែរគេរំពឹងថានៅក្នុងឆ្នាំ ២០២០ ប្រទេសកម្ពុជាអាចនឹងទទួលភ្ញៀវទេសចរណ៍អន្តរជាតិ ប្រមាណជា ៧លាននាក់បន្ថែម ទៀត។
នេះជាការលើកទ្បើងរបស់អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ហោ សារុន ដែលថ្លែងនៅក្នុងកម្មវិធីវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តបរិស្ថានគ្មានផ្សែងបារី ដល់មន្ត្រីអធិការកិច្ចទេសចរណ៍កាលពីថ្ងៃទី២៣សីហា។ លោក ជួន សារ៉េត រាយការណ៍ ព័ត៌មាននេះ៖
វិស័យទេសចរណ៍បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។ មិនត្រឹមតែប៉ុណ្ណោះវិស័យនេះ បាននាំចំណូលចូលក្នុងសេដ្ឋកិច្ចជាតិ ហើយជាពិសេសបានបង្កើតឱកាសការងារ ជូនប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ផងដែរ។
អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ហោ សារុន បានថ្លែងថា វិស័យទេសចរណ៍បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងវិស័យសេដ្ឋកិច្ចជាតិ ជាពិសេសកំណើនវិស័យទេសចរណ៍បានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជា រាប់ម៉ឺននាក់ទៀតផង។
លោក ហោ សារុន បន្តថា នៅក្នុងឆ្នាំ២០១៥ កម្ពុជាទទួលបានទេសចរណ៍អន្តរជាតិជាង ៤ លាននាក់ ដោយមានការកើនទ្បើងចំណូល ៦,១ ភាគរយបើធៀបកាលពីឆ្នាំ២០១៤។
លោកបន្តថា ចំពោះភ្ញៀវទេសចរណ៍បរទេសដែលមកប្រទេសកម្ពុជានេះដែរ បាននាំចំណូលចូលសេដ្ឋកិច្ចជាតិកម្ពុជាប្រមាណជា ៣,០១២ លានដុល្លារ ដែលស្មើនឹង ១៣ ភាគរយ នៃផលិតផលសរុបក្នុងស្រុក (GDP) ហើយបានបង្កើតការងារដោយផ្ទាល់ជូនប្រជាពលរដ្ឋប្រមាណជា ៦២ ម៉ឺននាក់ នឹងដោយប្រយោលរាប់ម៉ឺននាក់ថៀមទៀត។
លោក ហោ សារុន គូសបញ្ជាក់ដែរថា តាមរយៈការកើនទ្បើងភ្ញៀវទេសចរណ៍អន្តរជាតិចូលមកកម្ពុជាមានការកើនទ្បើង ពីមួយឆ្នាំទៅមួយឆ្នាំនេះដែរ នៅឆ្នាំ២០២០ខាងមុខនេះកម្ពុជា នឹងអាចទទួលទេសចរណ៍អន្តរជាតិប្រមាណជា ៧ លាននាក់បន្ថែមទៀត ត្រង់ចំនុចនេះលោកថាបញ្ហាសុខភាព ភ្ញៀវទេសចរណ៍ អន្តរជាតិត្រូវបានយកចិត្តទុកដាក់ខ្ពស់ផងដែរ។
លោក ហោ សារុន៖ «ឆ្នាំ២០២០ កម្ពុជានឹងអាចទទួលទេសចរណ៍អន្តរជាតិ ប្រមាណ ៧ លាន នាក់ជាមួយនឹងចំណូលសរុបប្រមាណ ៥ពាន់លានដុល្លារ នឹងបង្កើនការងារដោយផ្ទាល់ប្រមាណជិត ១លាននាក់ បញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ និងសុខភាពរបស់ភ្ញៀវទេសចរណ៍ត្រូវបានយកចិត្តទុកដាក់ខ្ពស់ដែលក្នុងនោះបរិស្ថាន គ្មានផ្សេងបារីជាបរិបទមួយដែលពិភពលោកក៍ដូចជាតំបន់បាននឹងកំពុង យកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យផលិតផលថ្នាំជក់ដែលអាចប៉ះពាល់ ដល់បរិស្ថាននឹងការរស់នៅរបស់ប្រជាពលរដ្ឋទូទាំងពិភពលោក»។
ជុំវិញបញ្ហានេះដែរ អនុប្រធានសហព័ន្ធសហជីពកម្មករ ចំណីអាហារ និងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រីនៅថ្ងៃនេះថា អ្នកស្រីសាទរចំពោះការកើនទ្បើងនៃកំណើនភ្ញៀវទេសចរណ៍បរទេស ក៏ដូចជាកំណើនថវិកាចូល សេដ្ឋកិច្ចជាតិ។
ទន្ទឹមនឹងការសាទរនេះដែរ អ្នកស្រី ទេពផ្លីន ថារាជរដ្ឋាភិបាលត្រូវបង្កើនឱកាសការងារបន្ថែមទៀតទៅដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសត្រូវគិតគូរ កត្តាសុខភាពប្រជាពលរដ្ឋកម្ពុជា និងសុខភាពភ្ញៀវទេសចរណ៍បរទេស។
អ្នកស្រី អ៊ូ ទេពផល្លីន បន្ថែមទៀតថាដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិឱ្យចូលមកកម្ពុជាឱ្យកាន់តែច្រើនថែមទៀតនោះ រាជរដ្ឋាភិបាលត្រូវបង្កើនការយកចិត្តទុកដាក់កត្តាមួយចំនួនដូចជា៖ «ទី០១គឺការលើកទ្បើងទៅលើកត្តាសុខភាពខ្ញុំគាំទ្រ ហើយខ្ញុំសាទរពីព្រោះប្រជាពលរដ្ឋគ្រប់រូបមែន ដោយសារតែ កត្តាសេដ្ឋកិច្ចកើនទ្បើង កត្តាភ្ញៀវទេសចរណ៍កើនទ្បើងយើងការពារតែភ្ញៀវទេសចរណ៍ ចុះប្រជាពលរដ្ឋរបស់ខ្លួនដែលរស់នៅក្នុងប្រទេសរាល់ថ្ងៃហ្នឹង កត្តាសុខភាពហ្នឹងគឺជារឿងចាំបាច់ ទី០២ កត្តាអនាម័យ កត្តាអនាម័យយើងមើលឃើញតាំងពីការបង្កើនបោះចោលសំរាម ហើយបង្រៀនប្រជាពលរដ្ឋរបស់យើងធ្វើម៉េចឱ្យគាត់យល់ដឹងអំពីបង្កើននូវអនាម័យ មួយទៀតដែរគឺពាក់ព័ន្ធទៅនឹងហេដ្ឋារចនាសម្ព័ន្ធ ហើយមួយទៀតក៏ពាក់ព័ន្ធទៅនឹងរឿងសន្តិសុខ និងសណ្តាប់ធ្នាប់ធ្វើម៉េចយន្តការរបស់រដ្ឋហ្នឹងធានាថាភ្ញៀវទេសចរណ៍មកឃើញប្រទេសយើងស្អាតស្អំ»។
យោងតាមរបាយការណ៍ អង្គការទេសចរណ៍ពិភពលោក នៅឆ្នាំ ២០១៥ ពិភពលោកទទួលបានទេសចរណ៍បរទេសចំនួន ១,២០០ លាននាក់ ដែលកើនទ្បើង ៤, ៤ ភាគរយបើធៀបនឹងឆ្នាំ២០១៤។
តាមការព្យាករណ៍នៅឆ្នាំ ២០៣០ ពិភពលោកនឹងទទួលទេសចរណ៍បរទេស ប្រមាណ ១,៨០០លាននាក់ ដែលគិតជាមធ្យមក្នុង ១ថ្ងៃ មានភ្ញៀវទេសចរណ៍ចំនួន ៥លាននាក់ដែលឆ្លងកាត់ព្រំដែន។
ចំណែក តំបន់ទេសចរណ៍ប្រទេសកម្ពុជា ដែលជនបរទេស ទៅលេងច្រើនជាងគេ មានខេត្តសៀមរាប នៃតំបន់ អង្គរ ខេត្តព្រះ សីហនុ ខេត្តកែប និង រាជធានីភ្នំពេញ៕