ភ្នំពេញ៖ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានដាក់លិខិតស្នើទៅក្រសួងមហាផ្ទៃដោយ ទទូចឱ្យ បញ្ចេញបញ្ជីរាយនាមជនបរទេសដែលទទួលបានសញ្ជាតិខ្មែរស្របច្បាប់ ដោយមាន ព្រះ រាជ ក្រឹត្យបញ្ជាក់ត្រឹមត្រូវ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបដិសេធសំណើនេះ ព្រោះលិខិតរបស់គណបក្សសង្គ្រោះជាតិ មិនត្រឹមត្រូវតាមរដ្ឋបាល។ លោក ធូ វិរៈ រាយការណ៍ព័ត៌មាននេះ
លិខិតរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី ២២ខែសីហា ឆ្នាំ ២០១៦គឺ ក្នុងគោលបំណងកុំឲ្យមានការសង្ស័យ ពីចំនួនជនអន្តោប្រវេសន៍ ខុសច្បាប់ ដែលទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ តាមរយៈអំពើពុករលួយ ឬការធ្វេសប្រហេសរបស់មន្ត្រីធ្វើអត្តសញ្ញាណប័ណ្ណ។
ជុំវិញលិខិតរបស់អ្នកតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័ក្រ មានប្រសាសន៍ថា ក្រសួងមហាផ្ទៃមិនលាក់បាំងបញ្ជីរាយនាមជនបរទេស ដែលទទួលបានសញ្ជាតិខ្មែរស្របច្បាប់ នោះទេ។ ប៉ុន្តែលោកថា លិខិតរបស់អ្នកតំណាងរាស្ត្រសង្គ្រោះជាតិមិនត្រឹមត្រូវតាមនីតិវិធីរដ្ឋបាល។
លោក ខៀវ សុភ័ក្រ៖«ខ្ញុំសុំឲ្យរៀបចំតាមរដ្ឋបាលគណបក្សសង្គ្រោះជាតិ ជាគណបក្សមួយដែលបានជាប់ឆ្នោតនៅក្នុងសភា ដូច្នេះអង្គការចាត់តាំងអ្វីផ្សេងៗ គួរគាត់ធ្វើតាមរយៈអង្គការចាត់តាំងរបស់សភាទៅ។ យើងផ្តល់ជូនទៅវិញទៅមក ព្រោះជាតួលេខជារួម យើងលាក់ទុកធ្វើអ្វី វាមិនមែនជាតួលេខដែលប៉ះពាល់សន្តិសុខជាតិ នេះជាតួរលេខចំហ»។
ទោះបីយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ អះអាង ថា លិខិតរបស់គណបក្សសង្គ្រោះជាតិ បានដាក់ទៅក្រសួងមហាផ្ទៃគឺត្រឹមត្រូវតាមនីតិវិធីរដ្ឋបាល។ លោក សុន ឆ័យ បានបញ្ជាក់ថា ការដាក់លិខិតនេះគឺ ដើម្បីជំរុញឲ្យរាជរដ្ឋាភិបាលតាមដានអំពីបញ្ហាអន្តោប្រវេសន៍ខុសច្បាប់នៅកម្ពុជា។
លោក សុន ឆ័យ៖«អ្វីដែលយើងធ្វើតាមគោលការណ៍រដ្ឋសភាគឺ ប្រធានរដ្ឋសភាគាត់ផ្ញើរទៅហើយ គាត់ចុះហត្ថលេខា ប្រសិនបើខុសនីតិវីធី ប្រធានរដ្ឋសភាអត់ចុះហត្ថលេខាទេបាទ ហើយបើគាត់ថាខុសនីតិវិធី អ្វីទៅគឺតាំងជាមួយសម្តេច ហេង សំរិនទៅ»។
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក៏បានស្នើទៅក្រសួងយុត្តិធម៌ អំពីបញ្ជីឈ្មោះជន បរទេស ដែលទទួលសញ្ជាតិផងដែរ។
ជាមួយគ្នានេះ គណបក្សប្រឆាំង ក៏បានប្រកាសប្តឹងទៅតុលាការ ចំពោះជនបរទេស ដែលប្រើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដោយខុសច្បាប់ ក្នុងការចុះឈ្មោះបោះឆ្នោត។
កាលពីថ្មីនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនអន្តោប្រវេសន៍ចំនួន ២៥សញ្ជាតិ កំពុងរស់នៅក្នុងប្រទេសកម្ពុជា ហើយជាង ១៦ ម៉ឺននាក់ជាជនជាតិវៀតណាម។ តែយ៉ាងណា បក្សប្រឆាំង ចាត់ទុកថា តួលេខនេះ មិនត្រឹមត្រឹមឡើយ៕