en     km
en     km

CNRP​ ថា​ ការ​ជួល​ដី​នៅ​តាម​ព្រំដែន​នៅ​តែ​មាន​ទោះបី​មាន​បំរាម​ក៏​ដោយ (មានសំឡេង)

Share

បើ​ទោះបីជា​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ក្រើនរម្លឹក​អាជ្ញាធរ​ថ្នាក់​ក្រោម​ម្តង​ហើយ​ ម្តងទៀត​ ដោយ​ហាម​ដាច់ខាត​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​ នៅ​តាម​ព្រំដែន​ជួល​ដី​ទៅ​ពលរដ្ឋ​ប្រទេស​ជិតខាង​ក៏​ដោយ​ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ពលរដ្ឋ​វៀតណាម​នៅ​តែ​បន្ត​ជួល​ដី​ ពលរដ្ឋ​ខ្មែរ​ដដែល​។​ នេះ​បើ​តាម​ការ​អះអាង​របស់​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។​

cambodia-border-vnជុំវិញ​បញ្ហា​នេះ​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ លោក​ ខៀវ​ សុភ័គ​ មាន​ប្រសាសន៍​ថា​ ប្រសិនបើ​មាន​ករណី​ដូច​ការ​លើក​ឡើង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ក្រសួង​នឹង​លុប​ចោល​ កុងត្រា​ជួល​ដី​នៅ​តំបន់​នោះ​។​ លោក​ថា​ សម្តេច​ ហ៊ុន​ សែន​ ក៏​បាន​ផ្ញើ​លិខិត​ទៅ​រដ្ឋាភិបាល​វៀតណាម​ដោយ​ស្នើ​កុំឱ្យ​ប្រជាពលរដ្ឋ​វៀតណាម​មក​ជួល​ដី​ពលរដ្ឋ​ខ្មែរ​បន្ត​ទៀត​។​ កញ្ញា​ ឆេ​ង​ ណា​តា​ រាយ​កាណ៍​៖​

ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​អះអាង​ថា​ នៅ​ព្រំដែន​កម្ពុជា​វៀតណាម​ នៅ​តែ​មាន​សកម្មភាព​ជួល​ដី​ខ្មែរ​ ឱ្យ​ជនជាតិ​វៀតណាម​ដដែល​ទោះជា​មានការ​ហាមឃាត់​ពី​រដ្ឋាភិបាល​ ក៏​ដោយ​។​

​ក្រុម​តំណាងរាស្ត្រ​គណបក្សប្រឆាំង​អះអាង​បែប​នេះ​ធ្វើ​ឡើង​តាម​រយៈ​លិខិត​មួយ​ ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ សម្តេច​ ស​ ខេ​ង​ ឱ្យ​ចាត់វិធានការ​បន្ថែម​ ដើម្បី​បញ្ឈប់​ការ​ជួល​ដី​ខ្មែរ​ នៅ​តាម​ព្រំដែន​ ឱ្យទៅ​ជនជាតិ​វៀតណាម​ នៅ​ក្នុង​ទឹកដី​ខេត្តស្វាយរៀង​។​

​លិខិត​របស់​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​ ២៣​ខែសីហា​ ឆ្នាំ​២០១៦​ បាន​បញ្ជាក់​ថា​ សកម្មភាព​ជួល​ដីស្រែ​ទៅ​ឱ្យ​ជនជាតិ​វៀតណាម​ នៅ​តាម​ព្រំដែន​កម្ពុជា​ -​ វៀតណាម​ នៅ​ខេត្តស្វាយរៀង​ នៅ​តែ​បន្ត​មាន​ តាម​រូបភាព​ឱ្យ​ជនជាតិ​ខ្មែរ​ ធ្វើ​ជា​តំណាង​ ដែល​មាន​អាជ្ញាធរ​មូលដ្ឋាន​ជួយ​បិទ​បាំង​។​

​លិខិត​ដដែល​បន្ថែម​ថា​ នៅ​ឃុំ​ទួល​ស្តី​ មានការ​ជួល​ដី​ឱ្យ​ប្រជាពលរដ្ឋ​វៀតណាម​ ធ្វើស្រែ​ចំនួន​១៩៦​ហិ​កតា​ និង​នៅ​ឃុំ​ច​ន្ទ្រា​ ស្រុក​ច​ន្ទ្រា​ មាន​ចំនួន​ ២០០​ហិ​កតា​  រីឯ​នៅ​សង្កាត់​ប្រាសាទ​ ក្រុង​បា​វិត​ ចំនួន​៤០​ហិ​កតា​ថែម​ទៀត​។​

​លោក​ ខៀវ​ សុភ័គ​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​FM102​ នៅ​ថ្ងៃ​ ព្រហស្បត្ដិ​ ទី​ ២៥​សីហា​ ថា​ លោក​មិន​ទាន់​បានឃើញ​លិខិត​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ ស្នើ​ឱ្យ​ក្រសួង​ចាត់វិធានការ​ណ៍​ជុំវិញ​ជួល​ដី​ឱ្យ​ពលរដ្ឋ​វៀតណាម​ នៅ​ខេត្ដស្វាយរៀង​នោះ​ទេ​។​

​បែប​នេះ​ក្តី​ លោក​បញ្ជាក់​ថា​ ប្រសិនជា​មាន​ករណី​ដូចដែល​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​អះអាង​ក្នុង​លិខិត​ ក្រសួងមហាផ្ទៃ​នឹង​រំលាយ​កិច្ចសន្យា​ទាំងនោះ​ចោល​ ដោយ​មិន​ចាំបាច់​ផ្ដល់​សំណង​ទៅ​ភាគី​ខាង​ណា​នោះ​ទេ​។​

​លោក​ ខៀវ​ សុភ័គ​៖«​បាទ​នាយក​រដ្ឋមន្ដ្រី​យើង​ក៏​បាន​សរសេរ​សំបុត្រ​ ទៅ​នាយក​រដ្ឋមន្ដ្រី​វៀតណាម​ដែរ​ ថា​កុំ​ឲ្យ​ប្រជាជន​វៀតណាម​ មក​ជួល​ដី​កម្ពុជា​ ហើយ​សមត្ថកិច្ច​របស់​យើង​ ក៏​ហាម​ប្រជាជន​កម្ពុជា​ក្នុង​នាម​អាជ្ញាធរ​ទាំង​ពីរ​ប្រទេស​ យើង​បាន​ធ្វើ​ហើយ​ ប៉ុន្ដែ​បើ​នៅ​តែ​ជួល​ទៀត​យើង​មាន​តែ​បដិសេធន៍​មិន​ទទួលស្គាល់​កុងត្រា​ហ្នឹង​»​។​

​យ៉ាងណា​ លោក​បណ្ឌិត​ មាស​ នី​ អ្នក​ស្រាវជ្រាវ​បញ្ហា​សង្គម​មាន​ប្រសាសន៍​ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​វិទ្យុ​ស្រី្ត​ កាលពី​ថ្មីៗ​នេះ​ថាបើ​តាម​លោក​ អ្វី​ដែល​គ្រាន់តែ​ជា​បំរាម​ ហើយ​គ្មាន​ ក្រុមការងារ​ចុះ​ស្វែងរក​ការ​ពិត​ គឺ​មិន​មាន​ប្រសិទ្ធភាព​ឡើយ​។​

លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវបញ្ហាសង្គម
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវបញ្ហាសង្គម

លោក​បណ្ឌិត​ មាស​ នី​៖«​ប៉ុន្ដែ​សកម្មភាព​តាម​ព្រំដែន​ដែល​ខ្ញុំ​ បាន​ធ្វើ​ដំណើរ​ថ្មីៗ​នេះ​ ឃើញ​ថា​គ្មាន​អ្វី​ប្លែក​ទេ​ គឺ​នៅ​ដដែល​អ​ញ្ចឹ​ង​ខ្ញុំ​គិត​ថា​ គ្រាន់តែ​អំពាវនាវ​ប៉ុណ្ណេះ​ទៀត​ ហើយ​មិន​មាន​ធ្វើ​អី​ទេ​ រឿង​ហ្នឹង​គ្រាន់តែ​ជា​ការ​ស្រែកៗ​ទៅ​កុំ​ឲ្យ​ស្ងាត់​ផ្ទះ​ ហ្នឹង​ក៏​ជា​ការ​ព្រួយបារម្ភ​មួយ​ដែរ​សម្រាប់​ ប្រព័ន្ធ​គ្រប់គ្រង​របស់​យើង​»​។​

​សូម​ជម្រាប​ថា​ កាលពី​ថ្ងៃ​ទី​ ១៦​ខែសីហា​ ឆ្នាំ​២០១៥​ ខណៈ​សម្តេច​ ហ៊ុន​ សែន​ ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ កងកម្លាំង​ ប្រដាប់​អាវុធ​ និង​ប្រជាពលរដ្ឋ​នៅ​ខេត្តតាកែវ​ សម្តេច​ បាន​ក្រើនរំលឹក​ម្តង​ហើយ​ម្តងទៀត​ ដល់​មន្ត្រី​ នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​ ត្រូវ​ទប់ស្កាត់​ និង​រារាំង​កុំ​ឲ្យ​មានការ​ជួល​ដី​ ទៅ​ឲ្យ​ប្រទេស​វៀតណាម​ ជា​ដាច់ខាត​។​

​កាលពី​ថ្ងៃ​ទី​ ១៧​ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ក្រសួងមហាផ្ទៃ​ បាន​ចេញ​សារាចរ​ណែនាំ​មួយ​ដោយ​តម្រូវ​ ឱ្យ​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ រដ្ឋបាល​ខេត្ដ​ ក្រុង​ ស្រុក​ ឃុំ​ សង្កាត់​ ដែល​ជាប់​ព្រំដែន​ មន្ទីរ​ និង​អង្គភាព​ជំនាញ​ ជុំវិញ​ខេត្ដ​ជាប់​ព្រំដែន​ទាំងអស់​ ឱ្យ​បញ្ឈប់​សកម្មភាព​ជួល​ដី​នៅ​តាម​ព្រំដែន​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ នៃ​ប្រទេស​ ជាប់​ព្រំដែន​ទាំង​អស់នេះ​រួម​មាន​ប្រទេស​ វៀតណាម​ថៃ​ និង​ឡាវ​។​

​ករណី​នេះ​ នឹង​បង្ក​ឲ្យ​មាន​ផល​លំបាក​ក្នុង​ការ​គ្រប់គ្រង​ និង​អាច​បង្ក​ឲ្យ​មាន​ភាព​ស្មុគស្មាញ​ផ្សេងៗ​តាម​ព្រំដែន​។​

​សារាចរ​នោះ​ក៏​បាន​តម្រូវ​ឲ្យ​ មានការ​រៀបចំ​ចាត់ចែង​អនុវត្ដ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ និង​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ ផង​ដែរ​៕

Share

Image
Image
Image