បើទោះបីជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្រើនរម្លឹកអាជ្ញាធរថ្នាក់ក្រោមម្តងហើយ ម្តងទៀត ដោយហាមដាច់ខាតមិនឱ្យពលរដ្ឋខ្មែរ នៅតាមព្រំដែនជួលដីទៅពលរដ្ឋប្រទេសជិតខាងក៏ដោយ ប៉ុន្តែបច្ចុប្បន្ននេះពលរដ្ឋវៀតណាមនៅតែបន្តជួលដី ពលរដ្ឋខ្មែរដដែល។ នេះបើតាមការអះអាងរបស់ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា ប្រសិនបើមានករណីដូចការលើកឡើងរបស់គណបក្សសង្គ្រោះជាតិ ក្រសួងនឹងលុបចោល កុងត្រាជួលដីនៅតំបន់នោះ។ លោកថា សម្តេច ហ៊ុន សែន ក៏បានផ្ញើលិខិតទៅរដ្ឋាភិបាលវៀតណាមដោយស្នើកុំឱ្យប្រជាពលរដ្ឋវៀតណាមមកជួលដីពលរដ្ឋខ្មែរបន្តទៀត។ កញ្ញា ឆេង ណាតា រាយកាណ៍៖
ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានអះអាងថា នៅព្រំដែនកម្ពុជាវៀតណាម នៅតែមានសកម្មភាពជួលដីខ្មែរ ឱ្យជនជាតិវៀតណាមដដែលទោះជាមានការហាមឃាត់ពីរដ្ឋាភិបាល ក៏ដោយ។
ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងអះអាងបែបនេះធ្វើឡើងតាមរយៈលិខិតមួយ ស្នើទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច ស ខេង ឱ្យចាត់វិធានការបន្ថែម ដើម្បីបញ្ឈប់ការជួលដីខ្មែរ នៅតាមព្រំដែន ឱ្យទៅជនជាតិវៀតណាម នៅក្នុងទឹកដីខេត្តស្វាយរៀង។
លិខិតរបស់ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិកាលពីថ្ងៃ ២៣ខែសីហា ឆ្នាំ២០១៦ បានបញ្ជាក់ថា សកម្មភាពជួលដីស្រែទៅឱ្យជនជាតិវៀតណាម នៅតាមព្រំដែនកម្ពុជា - វៀតណាម នៅខេត្តស្វាយរៀង នៅតែបន្តមាន តាមរូបភាពឱ្យជនជាតិខ្មែរ ធ្វើជាតំណាង ដែលមានអាជ្ញាធរមូលដ្ឋានជួយបិទបាំង។
លិខិតដដែលបន្ថែមថា នៅឃុំទួលស្តី មានការជួលដីឱ្យប្រជាពលរដ្ឋវៀតណាម ធ្វើស្រែចំនួន១៩៦ហិកតា និងនៅឃុំចន្ទ្រា ស្រុកចន្ទ្រា មានចំនួន ២០០ហិកតា រីឯនៅសង្កាត់ប្រាសាទ ក្រុងបាវិត ចំនួន៤០ហិកតាថែមទៀត។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់វិទ្យុស្ដ្រីFM102 នៅថ្ងៃ ព្រហស្បត្ដិ ទី ២៥សីហា ថា លោកមិនទាន់បានឃើញលិខិតដែលគណបក្សសង្គ្រោះជាតិ ស្នើឱ្យក្រសួងចាត់វិធានការណ៍ជុំវិញជួលដីឱ្យពលរដ្ឋវៀតណាម នៅខេត្ដស្វាយរៀងនោះទេ។
បែបនេះក្តី លោកបញ្ជាក់ថា ប្រសិនជាមានករណីដូចដែលគណបក្សសង្គ្រោះជាតិ បានអះអាងក្នុងលិខិត ក្រសួងមហាផ្ទៃនឹងរំលាយកិច្ចសន្យាទាំងនោះចោល ដោយមិនចាំបាច់ផ្ដល់សំណងទៅភាគីខាងណានោះទេ។
លោក ខៀវ សុភ័គ៖«បាទនាយករដ្ឋមន្ដ្រីយើងក៏បានសរសេរសំបុត្រ ទៅនាយករដ្ឋមន្ដ្រីវៀតណាមដែរ ថាកុំឲ្យប្រជាជនវៀតណាម មកជួលដីកម្ពុជា ហើយសមត្ថកិច្ចរបស់យើង ក៏ហាមប្រជាជនកម្ពុជាក្នុងនាមអាជ្ញាធរទាំងពីរប្រទេស យើងបានធ្វើហើយ ប៉ុន្ដែបើនៅតែជួលទៀតយើងមានតែបដិសេធន៍មិនទទួលស្គាល់កុងត្រាហ្នឹង»។
យ៉ាងណា លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវបញ្ហាសង្គមមានប្រសាសន៍ ក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុស្រី្ត កាលពីថ្មីៗនេះថាបើតាមលោក អ្វីដែលគ្រាន់តែជាបំរាម ហើយគ្មាន ក្រុមការងារចុះស្វែងរកការពិត គឺមិនមានប្រសិទ្ធភាពឡើយ។
លោកបណ្ឌិត មាស នី៖«ប៉ុន្ដែសកម្មភាពតាមព្រំដែនដែលខ្ញុំ បានធ្វើដំណើរថ្មីៗនេះ ឃើញថាគ្មានអ្វីប្លែកទេ គឺនៅដដែលអញ្ចឹងខ្ញុំគិតថា គ្រាន់តែអំពាវនាវប៉ុណ្ណេះទៀត ហើយមិនមានធ្វើអីទេ រឿងហ្នឹងគ្រាន់តែជាការស្រែកៗទៅកុំឲ្យស្ងាត់ផ្ទះ ហ្នឹងក៏ជាការព្រួយបារម្ភមួយដែរសម្រាប់ ប្រព័ន្ធគ្រប់គ្រងរបស់យើង»។
សូមជម្រាបថា កាលពីថ្ងៃទី ១៦ខែសីហា ឆ្នាំ២០១៥ ខណៈសម្តេច ហ៊ុន សែន ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅខេត្តតាកែវ សម្តេច បានក្រើនរំលឹកម្តងហើយម្តងទៀត ដល់មន្ត្រី នៅតាមបណ្តាខេត្តជាប់ព្រំដែនប្រទេសវៀតណាម ត្រូវទប់ស្កាត់ និងរារាំងកុំឲ្យមានការជួលដី ទៅឲ្យប្រទេសវៀតណាម ជាដាច់ខាត។
កាលពីថ្ងៃទី ១៧ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រសួងមហាផ្ទៃ បានចេញសារាចរណែនាំមួយដោយតម្រូវ ឱ្យគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ដ ក្រុង ស្រុក ឃុំ សង្កាត់ ដែលជាប់ព្រំដែន មន្ទីរ និងអង្គភាពជំនាញ ជុំវិញខេត្ដជាប់ព្រំដែនទាំងអស់ ឱ្យបញ្ឈប់សកម្មភាពជួលដីនៅតាមព្រំដែនទៅឲ្យប្រជាពលរដ្ឋ នៃប្រទេស ជាប់ព្រំដែនទាំងអស់នេះរួមមានប្រទេស វៀតណាមថៃ និងឡាវ។
ករណីនេះ នឹងបង្កឲ្យមានផលលំបាកក្នុងការគ្រប់គ្រង និងអាចបង្កឲ្យមានភាពស្មុគស្មាញផ្សេងៗតាមព្រំដែន។
សារាចរនោះក៏បានតម្រូវឲ្យ មានការរៀបចំចាត់ចែងអនុវត្ដឲ្យមានប្រសិទ្ធិភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់ ផងដែរ៕