ប្រទេស ជប៉ុន ចិន កូរ៉េខាងត្បូង បានព្រមព្រៀងគ្នាជំរុញឲ្យទប់ស្កាត់ប្រទេសកូរ៉េខាងជើងកុំឲ្យបង្កសង្គ្រាម និងទទូចឲ្យប្រទេសផ្ដាច់ការមួយនេះ គោរពសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
បណ្តាញផ្សាយព័ត៌មាន Channel News Asia បានឲ្យដឹងថា ជប៉ុន ចិន កូរ៉េខាងត្បូង ព្រមព្រៀងគ្នាដូចនេះ ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបានបាញ់ មីស៊ីលចូលទៅដែនអធិបតេយ្យរបស់ប្រទេសជប៉ុន កាលពីថ្ងៃពុធម្សិលមិញ។
បើតាមមន្ត្រីជប៉ុន រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសទាំងបីជាប់ព្រំដែនគ្នានេះ ក៏កំពុងតែស្វះស្វែងរកទំនាក់ទំនងល្អ និងការយល់ចិត្តថ្លើមគ្នា ដើម្បីបើកកិច្ចប្រជុំត្រីភាគីនៅក្នុងប្រទសជប៉ុននៅក្នុងឆ្នាំនេះ។
កាលពីថ្ងៃពុធនាវាមុជទឹករបស់កូរ៉េខាងជើងមួយគ្រឿង បានបាញ់មីស៊ីលឆ្លង់ទ្វីប ដោយបានបាញ់ ឆ្លងដែនចូលដែនទឹករបស់ប្រទេសជប៉ុន។
ការបង្ហាញសមត្ថភាពជឿនលឿនខាងបច្ចេកវិទ្យាចំពោះប្រទេសឯកោមួយនេះ ក្នុងការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងបាញ់កាំជ្រូចមីស៊ីលជាបន្តបន្ទាប់នៅក្នុងឆ្នាំនេះ គឺជាការមិនខ្វល់ពីទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។
លោក Kishida រដ្ឋមន្ត្រីការបរទេសជប៉ុន និយាយថាសមភាគីរបស់លោកគឺ លោក Wang Yi នៃប្រទេសចិន និង កូរ៉េខាងត្បូង Yun Byung-se ចាត់ទុកគោលបំណងរបស់ទីក្រុងព្យុងយ៉ាង គឺចង់គំរាមកំហែងដល់កិច្ចសហប្រតិបត្តិការរវាងជប៉ុន ចិន និង កូរ៉េខាងត្បូង៕ ប្រភព: CNA