អតីតរបបយោធានិយមនៃប្រទេសភូមា បានសម្រេចដកហូតតំណែងលោក ថេន សេន ជាប្រធានគណបក្សសាមគ្គីអភិវឌ្ឍន៍សហព័ន្ធ បន្ទាប់ពីបានជ្រើសរើសមេដឹកនាំថ្មី គឺអតីត ឧត្ដមសេនីយ៍ចូលនិវត្ដ លោក U Than Htay ឲ្យកាន់តំណែងជាប្រធានបក្សកាលពីថ្ងៃ ពុធ ម្សិលមិញ។
តាមសារព័ត៌មានភូមា Irrawady ចុះផ្សាយថា លោក U Than Htay ជាអតីតរដ្ឋមន្ដ្រីក្រសួង គមនាគមន៍ និង ថាមពល ត្រូវបានជ្រើសរើសជាប្រធានបក្ស ហើយអតីតមេបញ្ជាការកងទ័ពជើងអាកាសលោក U Myat Hein ជាអនុប្រធានបក្ស។
លោក ថេន សេន បានថ្លែងសន្ទរកថាមុនពេលលោកត្រូវបានដកហូតតំណែងថា៖«នៅលើពិភពលោកប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យ តែងតែមានការផ្លាស់ប្ដូរមេដឹកនាំ ហើយគណបក្សមួយមិនអាចកាន់អំណាចជារៀងរហូតបានទេ »។
លោក ថេន សេន ក៏បានទទូចឲ្យគណបក្សសាមគ្គីអភិវឌ្ឍន៍សហព័ន្ធ ត្រូវក្លាយជាគណបក្សរបស់ប្រជាជន ជាជាងគណបក្សរបស់ពួកយោធា។
លោក ថេន សេន បានឡើងកាន់តំណែងជាប្រធានាធិបតី នៅឆ្នាំ ២០១០ ហើយនៅឆ្នាំ ២០១១ លោកប្រកាសកែទម្រង់ការដឹកនាំប្រទេស ដោយទម្លាក់ការដឹកនាំរបស់ពួកយោធា ទៅជារដ្ឋាភិបាលស៊ីវិល ហើយក្រោយមកប្រទេសអតីតរបបយោធានិយមមួយនេះបានបោះឆ្នោត តាមគោលការណ៍ប្រជាធិបតេយ្យជាលើកដំបូងកាលពីចុងឆ្នាំ ២០១៥ ដោយជ័យជំនះបានទៅលើគណបក្សប្រឆាំងដែលដឹកនាំដោយលោកស្រី អ៊ុង សានស៊ូជី៕