ភ្នំពេញ៖ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានដាក់លិខិតស្នើទៅក្រសួងមហាផ្ទៃដោយទទូចឱ្យបញ្ចេញបញ្ជីរាយនាម ជនបរទេស ដែលទទួលបានសញ្ជាតិខ្មែរស្របច្បាប់ ដោយមានព្រះរាជក្រឹត្យបញ្ជាក់ត្រឹមត្រូវ។
យោងតាមលិខិតរបស់អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី ២២ខែសីហា ឆ្នាំ ២០១៦ ការស្នើសុំនេះគឺ ក្នុងគោលបំណងកុំឲ្យមានការសង្ស័យ ពីចំនួនជន អន្តោប្រវេសន៍ខុសច្បាប់ ដែលទទួលបានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ តាមរយៈអំពើពុករលួយ ឬការធ្វេសប្រហែសរបស់មន្ត្រីធ្វើអត្តសញ្ញាណប័ណ្ណ។
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក៏បានស្នើទៅក្រសួងយុត្តិធម៌ អំពីបញ្ជីឈ្មោះជនបរទេស ដែលទទួលសញ្ជាតិផងដែរ។
ជាមួយគ្នានេះ គណបក្សសង្គ្រោះជាតិ ក៏បានប្រកាសប្តឹងទៅតុលាការ ចំពោះជនបរទេស ដែលប្រើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដោយខុសច្បាប់ ក្នុងការចុះឈ្មោះបោះឆ្នោត។
កាលពីពេលថ្មីនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា គេបានរកឃើញថា ជនអន្តោប្រវេសន៍ចំនួន ២៥សញ្ជាតិ កំពុងរស់នៅក្នុងប្រទេសកម្ពុជា ហើយជាង ១៦ម៉ឺននាក់ ជាជនជាតិវៀតណាម។ តែយ៉ាងណា បក្សប្រឆាំង ចាត់ទុកថា តួលេខនេះ មិន អាចត្រឹមត្រឹមឡើយ៕