ភ្នំពេញ៖ នៅរយៈពេលចុងក្រោយនេះ សម្ដេចនាយករដ្ឋមន្ដ្រីបានចុះធ្វើយុទ្ធនាការតាមបណ្ដាខេត្ដមួយចំនួន ដោយភ្ជាប់ជាមួយការសន្យាកសាងអគារសិក្សា អគារបណ្ណាល័យ និង ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ខណៈនោះសម្ដេចបានថត រូបអនុស្សាវរីយ៍ជាច្រើនជាមួយសិស្សនុសិស្ស និងមន្ដ្រីរាជការ ដែលសម្ដេចបានចុះជួបផ្ទាល់។
តែទន្ទឹមនេះ មេបក្សប្រឆាំងដែលនិរទេសខ្លួនបានវាយប្រហារថា ប្រមុខរដ្ឋាភិបាលរូបនេះ ព្យាយាមកម្ចាត់លោកចេញក្រៅប្រទេស ដើម្បីបាន ឱ្យលោកបាត់បង់ឱកាសក្នុងការប្រកួតលើសង្វៀនដោយផ្ទាល់ ហើយវាយបំបាក់អ្នកទន់ខ្សោយ។ យ៉ាងណាក៏ដោយ អ្នកវិភាគបញ្ហាសង្គមថា គូប្រកួតគួរមានលើសង្វៀនក្នុងពេលតែមួយ។
ស្តាប់សំឡេង៖
នៅរយៈពេលជិតមួយឆ្នាំទៀត ការបោះឆ្នោតអំណាចមូលដ្ឋាន ឬថ្នាក់ក្រោមជាតិនឹងចាប់ផ្ដើមហើយ។ ប៉ុន្តែគណបក្សនយោបាយធំៗទាំង២ គឺគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្ដេចនាយករដ្ឋមន្ត្រី និង គណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក សម រង្ស៊ី ដែលគេរំពឹងថា នឹង ប្រកួតគ្នាយ៉ាងស្វិតស្វាញ ក្នុងការឃោសនារកសំឡេង នៅពេលខាងមុខនេះ។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ម្នាក់គត់ពេលនេះ ក្នុងឋានៈជាប្រមុខបក្សកាន់អំណាច បានចុះជួបពលរដ្ឋដោយមានការទាក់ទាញជាច្រើនពីមហាជនទូទៅ ខណៈលោក សម រង្ស៊ី បានជួបពលរដ្ឋនៅក្រៅប្រទេសដែលគ្មានសិទ្ធិបោះឆ្នោត។
អ្នកនយោបាយល្បីឈ្មោះទាំង ២នេះ ឃា្លតឆ្ងាយពីគ្នាដោយសារលោក សម រង្ស៊ី រងដីការចាប់ខ្លួនករណីបរិហារកេរ្តិ៍ លោកឧបនាយ្រដ្ឋមន្ត្រី ហោ ណាំហុង ក្នុងសំនុំចាស់ឆ្កឹះឡើងវិញ ។ លោក សម រង្ស៊ី បានចាកចេញពីប្រទេសជិតមួយឆ្នាំហើយ។ លោកឃោសនារកសំឡេងឆ្នោតនៅក្រៅ ប្រទេសនេះ តាមរយៈប្រព័ន្ធបណ្ដាញសង្គម និងរលកធាតុអាកាសតែប៉ុណ្ណោះ ដោយមិនមានឱកាសមកជួបពលរដ្ឋផ្ទាល់ឡើយ។
នៅថ្ងៃនេះ សម្ដេចនាយករដ្ឋមន្ត្រីបានចុះជួបពលរដ្ឋបន្ថែមទៀត នៅក្នុងទឹកដីកំណើតរបស់លោកនៅខេត្តកំពង់ចាម បន្ទាប់ពីបានជួបពលរដ្ឋជាច្រើនខេត្តមកហើយ។ ក្នុងឱកាសជួបមន្ត្រីរាជការក្នុងខេត្តដ៏ធំនេះ សម្ដេចនាយករដ្ឋមន្ត្រីបាន ប្រាប់លោកគ្រូអ្នកគ្រូកុំឱ្យចាញ់បោកអ្នកនយោបាយម្ខាងទៀត ដែលសន្យាឱ្យប្រាក់ខែ ៥លានរៀល។ សម្ដេច ហ៊ុន សែន៖ «ប៉ុន្ដែយើងនៅនឹកឃើញគ្រូរបស់យើង គ្រូរបស់យើងរៀនដូរអង្ករ ប៉ុន្ដែឥឡូវយើងប្រាក់ខែប៉ុន្មាន ប៉ុន្ដែដល់ពេលបោះឆ្នោត គេមកសន្យាឲ្យ ៥លាន ប៉ុន្ដែខ្យល់»។
ចាប់ពីចុះពិនិត្យសាលារៀនមួយទៅសាលារៀនមួយទៀត សម្ដេចនៅតែបន្តសន្យាជួយកសាងអាគារសាលារៀន ច្រើន បន្ទប់ដល់សាលាគរុកោសល្យភូមិភាគរបស់ខេត្តនេះ ជាមួយនឹងការប្រគល់លុយ ជាច្រើនលានរៀល ដល់សិស្សគរុក កោសល្យ និងលោកគ្រូ អ្នកគ្រូ។ ក្រៅពីនេះទៀត ប្រមុខរដ្ឋាភិបាលមានប្រសាសន៍វាយប្រហារលើក្រុមប្រឆាំង ដែលតែងចោទសម្ដេចថា ប្រើសិទ្ធិរំលោភគោលការណ៍បញ្ចេញមតិ ។
ក្នុងជំនួបជាមួយលោកគ្រូ អ្នកគ្រូ នៅសាលាគរុកោសល្យភូមិភាគនៅខេត្ដកំពង់ចាម នាព្រឹកថ្ងៃ ពុធ នេះ ប្រមុខរាជរដ្ឋាភិបាល បានអះអាងថា ការដែលគរុសិស្សអបអរសាទរនិងអ្នកខ្លះស្រែកជូនពរគណបក្សប្រជាជនគឺជាការបញ្ចេញមតិមួយដែលត្រូវបានសម្ដេច អះអាងថា ជាសិទ្ធិនៃការបញ្ចេញមតិ។
សម្ដេចបានទទូចថា ក្រុមប្រឆាំងមិនត្រូវចាត់ទុកដំណើទស្សកិច្ចរបសសម្ដេចឬក៏ការបញ្ចេញមតិណាមួយប្រាសចាកគោលការលទ្ធិប្រជាធិបតេយ្យនោះទេ ។ សម្ដេច ហ៊ុន សែន ៖«អញ្ចឹងអស់លោកតែងតែចោទថាទាំងអស់ហ្នឹងគឺជាសិទ្ធិ ដែលបំពានលើថាមិនឲ្យយកសាលាធ្វើនយោបាយ ប៉ុន្ដែខ្ញុំមានមកធ្វើនយោបាយឯណា ខ្ញុំមកដោះស្រាយសាលាតើ ប៉ុន្ដែមកដោះស្រាយសាលាក្មេងវាពេញចិត្ដ ប៉ុន្ដែផ្ទុយទៅវិញពួកគេមកវាយប្រហារខ្ញុំវាយប្រហារបក្សកាន់អំណាចក្នុងសាលាគេថា សិទ្ធិបញ្ចេញមតិ មើលឲ្យវាមានតុល្យភាពតិចមើលអស់លោក»។
នៅខណៈប្រមុខរដ្ឋាភិបាលដើរចុះជួបពលរដ្ឋ មានសិទ្ធិបោះឆ្នោតដោយផ្ទាល់ លោក សម រង្ស៊ី បានថ្លែងប្រាប់អ្នកគាំទ្ររបស់ខ្លួននៅក្រៅប្រទេសថាចំណាត់ការរបស់រដ្ឋាភិបាល តាមរយៈតុលាការមកលើសមាជិករបស់គឺជាការទង្វើរបស់សម្ដេច ហ៊ុន សែន មិនចង់ឲ្យគណបក្សប្រឆាំងចូលរួមបោះឆ្នោត ជាពិសេស គឺរូបលោកផ្ទាល់។
លោក សម រង្ស៊ី លើកឡើងដូចនេះតាមរយៈវីដេអូមួយកាលពីម្សិលមិញ ដែលលោកបានថ្លែងនៅទីក្រុង Spartanburg រដ្ឋ South Carolina សហរដ្ឋអាមេរិក។ លោកថា សម្ដេចហ៊ុនសែនឡើងសង្វៀនប្រកួតតែម្នាក់ឯង គឺវាយខ្យល់ ។ លោក សម រង្សី «បើលោកឯងយកប៉ូលីសយកទាហ៊ានយកតុលាការអាយ៉ងលោកឯងរារាំងមិនឲ្យសមរង្សីឡើងដាល់អ្នកឯងដាល់គ្នានៅលើសៃវៀនឲ្យប្រជារាស្ដ្រមើល អ្នកឯងឡើងលើសៃវៀនតែម្នាក់ឯង អ្នកឯងដាល់តែម្នាក់ឯងអ្នកឯងដាល់ជាមួយខ្យល់អ្នកឯងថាអ្នកឯងឈ្នះវាអញ្ចឹងហី ឈ្នះខ្យល់ហ្នឹង ដូច្នេះអត់មានអ្នកណាទទួលស្គាល់ទេ» ។
កាលពីខែកក្កដា នៅក្នុងពិធីមួយជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី សន្យាថា នឹងវិលចូលប្រទេសវិញ នៅមុនការបោះឆ្នោតឃុំសង្កាត់ចូលមកដល់ គឺនៅខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។
តែយ៉ាងណាក៏ដោយលោកបណ្ឌិត មាស នី មើលឃើញថា អ្នកនយោបាយទាំង ២ រូបនេះ គួរប្រើយុទ្ធសាស្ត្រថ្មី ជាជាង ម្នាក់នៅក្រៅស្រុក ម្នាក់ក្នុងសង្វៀនប្រកួត ។ លោកបន្តថា បើការបោះឆ្នោតជិតមកដល់ហើយម្ខាង មិនអាចចូលស្រុកបាន គឺជាការប្រកួតមិនស្មើភាពគា្ននោះទេ ។
លោកទទូចឱ្យអ្នកនយោបាយទាំង ២ នេះចេះទទួលស្គាល់ គុណវិបត្តិជាតិធំ ដែលកើតមាននាពេលនេះ។ លោក មាស នី៖«បើកាលមេដឹកនាំគណបក្សនយោបាយមួយកំពុងតែជាប់ខ្នោះ ហើយយើងដើរតាមផ្លូវប្រជាធិបតេយ្យ បានន័យថា យើងដាក់ខ្នោះម្ខាង ឲ្យគណបក្សមួយឲ្យនៅជាប់ខ្នោះ ហើយគណបក្សម្ខាងទៀតខំប្រឹងរត់ម្នាក់ឯង អញ្ចឹងសម្រាប់តម្លៃប្រជាធិបតេយ្យវាមិនមានតម្លៃអីទេ»។
យ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិដែលមានការចាប់អារម្មណ៍ច្រើនចំពោះការបោះឆ្នោតខាងមុខនេះ ហើយសង្ឃឹមថាលោក សម រង្ស៊ី នឹងបានវិលចូលប្រទេសវិញ តាមរយៈយន្តការរបស់សហគមន៍អន្តរជាតិ ហើយពេលនោះ គូប្រកួតខ្លាំងទាំង ២នេះ នឹងមានវត្តមានលើទីលានប្រកួតជាមួយគ្នាមិនខាន ដែលនាំឱ្យលទ្ធផលបោះឆ្នោត មានភាពសុក្រឹត និង យុត្តិធម៌ ។ មានន័យថា អ្នកឈ្នះ ឈ្នះដោយកិត្តិយស និងអ្នកចាញ់ ចាញ់ដោយអស់ចិត្ត៕