ក្រុងបាងកក៖ ប៉ូលីសនិយាយថា យ៉ាងតិចណាស់មនុស្សម្នាក់ស្លាប់ និង៣០នាក់ផ្សេងទៀតរងរបួសក្នុងការបំផ្ទុះ គ្រាប់បែកជាប់ៗគា្នចំនួន២គ្រាប់កាលពីថ្ងៃអង្គារទី ២៣សីហា ម្សិលមិញក្នុងប្រទេសថៃ។
ហេតុការណ៍បំផ្ទុះនេះ បានកើតឡើងនៅជិតសណ្ឋាគារមួយ នៅក្នុងទីក្រុងឆ្នេរសមុទ្រភាគខាងត្បូងខេត្តប៉ាត់តានី (Pattani) ហើយកាលពី២សប្តាហ៍មុន ក៏មានការបំផ្ទុះដូចគ្នានេះដែរនៅភាគខាងត្បូងប្រទេស។
វរសេនីយ៍ទោ Winyu Tiamraj បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធនេះថា ការបំផ្ទុះមួយគ្រាប់ដំបូងគឺកើតឡើងនៅកន្លែងចតរថយន្តមួយ ក្រោយសណ្ឋាគារភាគខាងត្បូង ប៉ុន្តែមិនបង្កឱ្យមានអ្នកស្លាប់និងរបួសនោះទេ។
ប៉ុន្តែលោកវរសេនីយ៍ទោថា៖ «ការផ្ទុះគ្រាប់បែកលើកទីពីរ គឺផ្ទុះចេញពីរថយន្តមួយគ្រឿងដែលចតនៅមាត់ទ្វារចូលសណ្ឋាគារ។ ក្រោយការបំផ្ទុះនោះ មានមនុស្សម្នាក់បានស្លាប់ និង ៣០នាក់ ផ្សេងទៀតរងរបួស»។
កាលពីជាង២សប្តាហ៍មុនមានការបំផ្ទុះគ្រាប់ដូចគ្នានេះ បានវាយប្រហារមកលើតំបន់រមណីយដ្ឋានទេសចរណ៍៣កន្លែងទីក្រុងចំនួនពីរផ្សេងទៀត។
តំបន់ភាគខាងត្បូងប្រទេសថៃ ដែលជាតំបន់ម៉ូស្លិម បាន ផ្ទុះហិង្សាតាំងពីឆ្នាំ ២០០៤ ដោយសម្លាប់មនុស្ស ជាង៦០០០នាក់។ គោលដៅនៃការវាយប្រហារនេះ គឺដើម្បីទាមទារបំបែកខ្លួន ពីរដ្ឋាភិបាល កណ្ដាល នៃរាជធានីបាងកក៕ ប្រភព:CNA