ភ្នំពេញ៖ ព្រះតេជគុណ ប៊ុត ប៊ុនទិញ ប្រធានបណ្ដាញព្រះសង្ឃឯករាជ្យមានថេរដីកាថា ព្រះអង្គមានការអាណិតអាសូរ សម្ដេច ហ៊ុន សែន ដែលមានអ្នកចេះដឹងនិងមន្ត្រីធំៗនៅក្បែរខ្លួនច្រើន ក៏ប៉ុន្ដែអ្នកចេះដឹងទាំងនោះមិនបាននាំអ្វីក្រៅតែពីបង្កបញ្ហា មកឲ្យសម្ដេចជួយដោះស្រាយ និង ទទួលជំនួស ពួកគេដែលជាអ្នកប្រព្រឹត្ដិ។
មិនតែប៉ុណ្ណោះមន្ដ្រីអ្នកចេះដឹងទាំងនោះ បានត្រឹមតែហែហមសម្ដេចប៉ុន្ដែមិនយល់ពីចិត្ដសម្ដេច។ ជុំវិញថេរដីកានេះអ្នកនាំពាក្យគណបក្សកាន់អំណាចស្វាគមន៍ ហើយកោតសរសើរព្រះតេជគុណ ប៊ុត ប៊ុនទិញ ដែលហ៊ានយករឿងពិតមកថ្លែងជាសាធារណៈឲ្យសម្ដេចដឹង។ លោក លៀ ស៊ីណា រាយការណ៍៖
ប្រធានបណ្ដាញព្រះសង្ឃឯករាជ្យ ព្រះតេជគុណ ប៊ុត ប៊ុនតិញ មានថេរដីកាតាមរយៈវីដេអូឃ្លីបមួយកាលពីយប់ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១៦ ។ តាមរយៈវីដេអូនោះ ព្រះតេជគុណមានថេរដីកាថា នៅក្បែរខ្លួនសម្ដេចសម្បូរទៅដោយអ្នកចេះដឹង ប៉ុន្ដែអ្នកទាំងនោះមួយចំនួនមិនដែលបាននាំរឿងល្អមកឲ្យសម្ដេចទេ គឺមានតែនាំរឿងមកឲ្យសម្ដេច អ្នកទទួល និង ដោះស្រាយទៅវិញ។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ៖«ទទូលស្គាល់ និងអាណិតអាសូរ ញោមនាយករដ្ឋមន្ដ្រីកាលពីព្រឹកមិញគាត់មានប្រសាសន៍ថា ខ្ញុំករុណខ្ញុំជានាយករដ្ឋមន្ដ្រីល្ងង់ ហើត្រូវការមនុស្សអ្នកចេះដើម្បីជួយខ្ញុំករុណា ប៉ុន្ដែអ្នកចេះមួយចំនួនធំបានយកបន្ទុកអាក្រក់ យកមកឲ្យគាត់ដោះស្រាយហើយនិងជួយទទួលទៅវិញ»។
ជុំវិញថេរដីកា របស់ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ត្រូវបានអ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន្ដ ដែលបានផ្ដល់បទសម្ភាសន៍មកកាន់វិទ្យុស្ដ្រីនៅថ្ងៃទី ២៣សីហា ថា លោកមានការកោតសរសើរ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលហ៊ានរិះគន់ចំៗ ជាសាធារណៈ ឲ្យសម្ដេចនាយករដ្ឋមន្ដ្រី បានដឹងរឿងដែលលោក មិនបានដឹង ហើយ ក៏ជាសារក្រើនរំលឹកដល់មន្ដ្រីថ្នាក់ក្រោមទាំងអស់ឲ្យមានការប្រឹងប្រែងបំពេញការ និង បញ្ឈប់ការលាក់លៀមព័ត៌មានពិតពីថ្នាក់ដឹកនាំបន្ដទៀត។
លោក សុខ ឥសាន្ដ បន្ដទៀតថា សម្ដេចតែងតែព្យាយាមបង្ហាញឲ្យពលរដ្ឋ បានឃើញថាលោកមានសេចក្ដីខ្វល់ខ្វាយពីទុក្ខកង្វល់របស់ពលរដ្ឋ ហើយប្រឹងប្រែងធ្វើយ៉ាងណាដោះស្រាយបញ្ហារបស់ពលរដ្ឋឲ្យបាន។
អ្នកនាំពាក្យបញ្ជាក់ថា សាររបស់សម្ដេចកាលពីថ្ងៃទី ២២សីហា ក្នុងវេទិកាស្តីពី ការការពារ និងអភិរក្សធនធានធម្មជាតិ នៅវិមានសន្តិភាព គឺជាការដាស់តឿនដល់មន្ដ្រីថ្នាក់ក្រោមទាំងអស់ ដែលបំពេញការងារមិនល្អឲ្យកែប្រែ។
លោក សុខ ឥសាន្ដ៖« យើងគាំទ្ររាល់មតិដ៏ល្អៗរបស់ជនគ្រប់រូប ហើយរួមទាំងព្រះតេជគុណ ប៊ុត ប៊ុនតិញ ផង ដែលហ៊ានលាតត្រដាងការពិតនេះ ជូនប្រមុខរាជរដ្ឋាភិបាល យើងស្វាគមន៍ណាស់ព្រោះយើងចាត់ទុកថាជាការរិះគន់ដើម្បីស្ថាបនា»។
ក៏ប៉ុន្ដែលោក ឡុង គឹមឃន អ្នកស្រាវជ្រាវនយោបាយការបរទេស និង ច្បាប់អន្ដរជាតិយល់ថា រឿងដែលប្រមុខរាជរដ្ឋាភិបាល ស្ដីបន្ទោសដល់ថ្នាក់ក្រោមជុំវិញការបំពេញភារកិច្ចមិនបានល្អ និង លាក់លៀមព័ត៌មានមិនឲ្យថ្នាក់ដឹកនាំបានដឹងរឿងពិតគឺជារឿងដែលកើតឡើងដដែលៗ។
ជាងនេះអ្នកស្រាវជ្រាវនយោបាយការបរទេស និង ច្បាប់អន្ដរជាតិរូបនេះ បន្ថែមថាបើសិនជាមន្ដ្រីថ្នាក់ក្រោមអនុវត្ដន៍តួនាទីរបស់ខ្លួនមិនបានល្អ មានបញ្ហាមិនរាយការណ៍ដល់ថា្នក់ដឹកនាំឲ្យបានដឹង ទាំងនេះគឺជាកំហុសរបស់ថ្នាក់ដឹកនាំខ្លួនឯងដែលគ្រប់គ្រង មនុស្សនៅក្រោមឱវាទមិនបានល្អ។
លោក ឡុង គឹមឃន យល់ថា ប្រសិនជាប្រមុខថ្នាក់ដឹកនាំបានត្រឹមតែ ស្ដីបន្ទោសពីកំហុសផ្សេងៗនៃទង្វើមន្ដ្រីមួយចំនួនគឺមិនអាចដោះស្រាយបញ្ហាបាននោះទេ។ លោកថា រឿងសំខាន់ថ្នាក់ដឹកនាំត្រូវតែមាន ផែនការយុទ្ធសាស្ដ្រ និង តាមដានការអនុវត្ដន៍ឲ្យបានខ្ជាប់ខ្ជួនទើបអាច ធ្វើឲ្យមន្ដ្រីមួយចំនួន ព្យាយាមធ្វើការ ដោយមិនលាក់បាំងការពិតពីសម្ដេច។
លោក ឡុង គឹមឃន៖ «ខ្ញុំបានឃើញច្រើនហើយនៅក្នុងសង្គមយើងនោះ មិនមែនទើបតែម្ដងហ្នឹងទេដែលថ្នាក់ដឹកនាំប្រទេសលោកបន្ទោសមន្ដ្រីរបស់លោក ហើយក៏ជារឿងទូទៅ ទៅហើយនៅពេលដែលលកើត បញ្ហាគឺតែងតែបន្ទោសមន្ដ្រីរាជការថ្នាក់ក្រោម ប៉ុន្ដែសួរថាទាំងអស់ហ្នឹងមកពីបញ្ហាអ្វី ? មកពីអ្នកណា?»។
សូមជម្រាបថានៅ ក្នុងវេទិកាស្តីពី ការការពារ និងអភិរក្សធនធានធម្មជាតិ នៅវិមានសន្តិភាព កាលពីថ្ងៃទី ២២ខែ សីហា សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងដោយយកកំហុសមួយចំនួនដាក់បន្ទុក លើខ្លួនសម្ដេចផ្ទាល់ សម្ដេច បានបញ្ជាក់ថា ព្រោះតែសម្ដេចជឿ លើអ្នកចេះទើបបានជាច្បាប់មួយចំនួនដែលរៀបរៀងឡើង សម្ដេចព្រមចុះហត្ថលេខា ស្ទើរគ្រប់រឿង ត្រង់ចំណុចនេះសម្ដេច ថា សម្ដេចមិនបន្ទោសអ្នកណាទេ គឺសម្ដេចបន្ទោសខ្លួនសម្ដេចផ្ទាល់៕