en     km
en     km

​យុវជន​អាស៊ាន​ ទទូច​ឱ្យ​មេដឹកនាំ​អាស៊ាន​លុប​បំបាត់​ទោស​ប្រហារជីវិត

Share

សៀមរាប៖ ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់​ មាន​ប្រទេស​ចំនួន​៨​ កំពុង​អនុវត្ត​ទោស​ប្រហារជីវិត​ លើកលែងតែ​កម្ពុជា​ និង​ហ្វី​លី​ពី​ន​ប៉ុណ្ណោះ​ដែល​មិន​មានទោស​ប្រហារជីវិត​នេះ​។​

លោក ប៉ែន សុមុនី នាយកប្រតិបត្តិអង្គការ ស្ម័គ្រចិត្តដើម្បីសង្គម
លោក ប៉ែន សុមុនី នាយកប្រតិបត្តិអង្គការ ស្ម័គ្រចិត្តដើម្បីសង្គម

យុវជន​នៃ​ប្រទេស​កំពុង​អនុវត្ត​ច្បាប់​នេះ​ ថា​ច្បាប់​នេះ​ប៉ះពាល់​ដល់​ជីវិត​រស់នៅ​របស់​ពួក​គេ​។​ ពួក​គេ​ទទូច​ឱ្យ​មេដឹកនាំ​អាស៊ាន​ លុប​បំបាត់​ច្បាប់​ប្រហារជីវិត​។​

​ការ​ទាមទារ​របស់​យុវជន​ អាស៊ាន​ ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​យុវជន​អាស៊ាន​ឆ្នាំ​២០១៦​ នៅ​សណ្ឋាគារ​រ៉ូ​យ៉ា​ល់​អ៊ី​ម​ផាយ​ នៅ​ខេត្តសៀមរាប​នា​ ថ្ងៃ​ទី​២៣​ខែសីហា​ ឆ្នាំ​២០១៦​នេះ​។​

​លោក​ ប៉ែន​ សុ​មុនី​ នាយក​ប្រតិបត្តិ​អង្គការ​ ស្ម័គ្រចិត្ត​ដើម្បី​សង្គម​បាន​ថ្លែង​ថា​ មូលហេតុ​ដែល​ពួក​គេ​ចង់​លុប​បំបាត់​ច្បាប់​ទោស​ប្រហារជីវិត​នេះ​ព្រោះ​ច្បាប់​នេះ​ ធ្វើ​ឱ្យ​មានការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​យុវជន​ក្នុង​តំបន់​អាស៊ាន​ក៏​ដូច​ជា​ពិភពលោក​ ដោយសារ​នា​ពេល​បច្ចុប្បន្ន​នេះ​ យុវជន​ជា​ច្រើន​បាន​រង​ឥទ្ធិពល​គ្រឿងញៀន​ ដែល​ធ្វើ​ឱ្យ​ពួក​គេ​ប្រឈម​មុខ​ នឹង​ការ​កាត់ទោស​ប្រហារជីវិត​។​

​លោក​ ប៉ែន​ សុ​មុនី​៖«​ប៉ះពាល់​យ៉ាង​មិ​ញ​ ដោយ​យើង​ឃើញ​ថា​ប្រទេស​នៅ​ក្នុង​អាស៊ាន​ទាំងអស់​ហ្នឹង​ ឃើញ​ថា​មាន​ប្រទេស​ប្រើ​មែនទែន​ ដែល​យុវជន​រង​ឥទ្ធិពល​ពី​គ្រឿងញៀន​ ហើយ​អ​ញ្ចឹ​ង​ហើយ​អ្នក​ដែល​ទទួល​រង​ការ​ចោទ​ពី​ការ​រកស៊ី​គ្រឿងញៀន​ ដូច​ជា​កន្លង​មក​មាន​យុវជន​មួយ​ចំនួន​ត្រូវ​បាន​កាត់ទោស​ប្រហារជីវិត​នៅ​ឥណ្ឌូ​នេ​ស៊ី​។​ អាហ្នឹង​គឺជា​បញ្ហា​របស់​អាស៊ាន​ទាំងមូល​ដែល​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ​ដល់​ជីវិត​របស់​យុវជន​។​ យើង​ឃើញ​ថា​សមាហរណកម្ម​អាស៊ាន​ វា​មាន​លំហូរ​ដោយ​សេរី​របស់​យុវជន​នៅ​ក្នុង​ប្រទេស​អាស៊ាន​ទាំងនោះ​។​ អ​ញ្ចឹ​ង​ច្បាប់​នោះ​មិនមែន​ប៉ះពាល់​តែ​ប្រទេស​ទាំង​៨​ទេ​ រួម​ទាំង​កម្ពុជា​ និង​អាស៊ាន​ដែរ​»​។​

​លោក​ ប៉ែន​ សុ​មុនី​ បន្ត​ថា​ ថ្មីៗ​នេះ​ប្រទេស​ហ្វី​លី​ពី​ន​ដែល​ជា​ប្រទេស​មិន​អនុវត្ត​ច្បាប់​ប្រហារជីវិត​ បាន​កំពុង​សើរើ​ឡើង​វិញ​ ដើម្បី​ធ្វើ​ឱ្យ​មានច្បាប់​ទោស​ប្រហារជីវិត​ ដូច​ប្រទេស​ទាំង​៨​ក្នុង​អាស៊ាន​ដែរ​។​

​លោក​បានឱ្យ​ដឹង​បន្ថែម​ថា​ យុវជន​ទាំងនោះ​បារម្ភ​ថា​ នៅ​ពេល​ច្បាប់​នេះ​រីក​រាលដាល​ដល់​ទូ​ទាំង​តំបន់​អាស៊ាន​ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ពួក​គេ​។​ ករណី​នេះ​ លោក​ទាមទារ​ឱ្យ​មានការ​ចូលរួម​ពី​យុវជន​ទាំង​នៅ​ក្នុង​តំបន់​ ដើម្បី​ធ្វើការ​តស៊ូ​មតិ​ឱ្យ​លុប​បំបាត់​ទោស​ប្រហារជីវិត​ក្នុង​តំបន់​អាស៊ាន​។​

យុវជន អាស៊ាន ពិភាក្សាគ្នាដើម្បីរកដំណោះស្រាយបញ្ហាប្រឈមរបស់យុវជន
យុវជន អាស៊ាន ពិភាក្សាគ្នាដើម្បីរកដំណោះស្រាយបញ្ហាប្រឈមរបស់យុវជន

លោក​រំពឹង​ថា​ នៅ​ពេល​ដែល​មានការ​ចូលរួម​ពី​យុវជន​ទាំងអស់​ ច្បាប់​ទោស​ប្រហារជីវិត​នឹង​អាច​លុប​បំបាត់​បាន​នៅ​ក្នុង​ប្រទេស​ទាំងអស់​ក្នុង​តំបន់​អាស៊ាន​បាន​ ទោះ​ក្នុង​រយៈ​ខ្លី​ ឬ​វែង​ក៏​ដោយ​។​

​លោក​ ប៉ែន​ សុ​មុនី​៖«​ថ្មីៗ​នេះ​ឃើញ​ថា​មានការ​កើនឡើង​នូវ​ការ​ប្រហារជីវិត​ ជា​ពិសេស​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ឃើញ​ថា​មានការ​ចាប់អារម្មណ៍​ជា​លក្ខណៈ​តំបន់​ និង​អន្តរជាតិ​ បើ​ទោះបីជា​មានការ​ស្នើ​សុំ​អន្តរាគមន៍​ទៅ​លើ​បញ្ហា​ទាំងអស់​ហ្នឹង​ពី​ប្រទេស​អូស្ត្រាលី​ ហូ​ឡង់​កន្លង​មក​ឃើញ​ថា​ ឥណ្ឌូ​នេ​ស៊ី​នៅ​តែ​ប្រកាន់ទោស​ប្រហារជីវិត​។​ ..​ប៉ុន្តែ​យើង​ឃើញ​ថា​ មាន​ករណី​មួយ​ដែល​ជា​កិច្ច​ប្រឹងប្រែង​របស់​វេទិកា​យុវជន​អាស៊ាន​យើង​ ចំពោះ​យុវនារី​ម្នាក់​នៅ​ប្រទេស​ហ្វី​លី​ពី​ន​ ឥលូវ​នេះ​ត្រូវ​បាន​គេ​ពន្យា​ពេល​ក្នុង​ការ​កាត់ទោស​ប្រហារ​ជិ​វិត​ អាហ្នឹង​យើង​ឃើញ​ថា​ ជា​ផ្នែក​មួយ​ជោគជ័យ​នៅ​ក្នុង​ការ​តស៊ូ​មតិ​របស់​យើង​»​។​

​ចំណែក​យុវជន​ ប៊ុ​ន​ រ័​ត្ន​ ជា​និស្សិត​ថ្នាក់អនុបណ្ឌិត​ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​និ​តិ​សាស្ត្រ​ និង​វិទ្យា​ស្ត្រ​សេដ្ឋកិច្ច​ បាន​លើក​ឡើង​ថា​ លោក​គាំទ្រ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទាំងអស់​លុប​បំបាត់​ នូវ​ច្បាប់​ប្រហារជីវិត​ ព្រោះថា​ការ​ប្រហារជីវិត​ ពុំ​មែន​ជា​ដំណោះស្រាយ​ល្អ​ និង​យុត្តិធម៌​ពិតប្រាកដ​សម្រាប់​ជន​រង​គ្រោះ​នោះ​ទេ​។​

​លោក​បន្ត​ថា​ ប្រសិនបើ​ច្បាប់​នេះ​ត្រូវ​បាន​លុប​បំបាត់​ គឺ​តម្លៃ​ និង​សិទ្ធិ​របស់​មនុស្ស​នឹង​ត្រូវ​បាន​លើកកម្ពស់​ ហើយ​បើ​ច្បាប់​នេះ​នៅ​តែ​បន្ត​មាន​ មិន​ត្រឹមតែ​ប្រទេស​ទាំង​៨​នោះ​ទេ​ដែល​ប៉ះពាល់​ គឺ​កម្ពុជា​ក៏​ប៉ះពាល់​ផង​ដែរ​។​ លោក​ទទូច​ថា​ត្រឹម​ទោស​ដាក់​ពន្ធនាគារ​ អស់​មួយ​ជីវិត​គ្រប់គ្រាន់​ហើយ​សម្រាប់​អ្នក​ដែល​ប្រព្រឹត្ត​ខុស​។​

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ កញ្ញា​ Ninian​ Sumadia​ ជា​យុវ​ជ​តី​មក​ពី​ប្រទេស​ហ្វី​លី​ពី​ន​បាន​និយាយ​ថា​៖​

​នៅ​ក្នុង​ប្រទេស​របស់​កញ្ញា​មានការ​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​សិទ្ធិ​មនុស្ស​ ហើយ​នៅ​ពេល​នេះ​ទៀត​ប្រទេស​នេះ​មាន​បំណង​ចង់​ អនុវត្ត​ច្បាប់​ទោស​ប្រហារជីវិត​ទៀត​ផង​។​

«​ពួក​យើង​មិន​ត្រូវការ​ច្បាប់​ប្រហារជីវិត​មនុស្ស​នោះ​ទេ​។​ នៅ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន​មានការ​រំលោភសិទ្ធិ​មនុស្ស​ច្រើន​ ហើយ​ឥលូវ​ការ​កាត់ទោស​ប្រហារជីវិត​ អាច​នឹង​កើត​មាន​ទ្បើ​ង​ដោយសារ​តែ​មនុស្ស​ស្ថិត​ក្រោម​ឥទ្ធិពល​គ្រឿងញៀន​ ដែល​ធ្វើ​ឱ្យ​ពួក​គេ​ប្រឈម​មុខ​ នឹង​ការ​ប្រហារជីវិត​។​ ខ្ញុំ​ជឿជាក់​ថា​រដ្ឋាភិបាល​គួរតែ​ដាក់​ប​ញ្ជូ​ល​ច្បាប់​ទាក់ទង​នឹង​ថ្នាំ​ញៀន​ទៅ​ក្នុង​ក្រមព្រហ្មទណ្ឌ​ ប៉ុន្តែ​ពុំគួរ​ឱ្យ​មានច្បាប់​ប្រហារជីវិត​ ទៅ​លើ​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​នោះ​ទេ​ »​។​ ​

​សូម​ជម្រាប​ថា​ ចាប់ពី​ថ្ងៃ​ទី​២២​ ដល់​ថ្ងៃ​ទី​២៤​ ខែសីហា​ យុវជន​ប្រមាណ​ជាង​២០០​នាក់​ មក​ពី​បណ្តា​ប្រទេស​ក្នុង​អាស៊ាន​ទាំង​១០​រួម​មាន​ ថៃ​ ហ្វី​លី​ពី​ន​ ឥណ្ឌូ​នេ​ស៊ី​ ម៉ា​ឡេ​ស៊ី​ សឹ​ង្ហ​បុរី​ វៀតណាម​ជាដើម​ ក្នុង​នោះ​ក៏​មាន​ប្រទេស​ទី​ម័​រ​ឡេ​ស្តេ​ផង​ដែរ​ បាន​ពិភាក្សា​លើ​បញ្ហា​ផ្សេងៗ​ ដែល​យុវជន​ កំពុង​ជួប​ប្រទះ​ រួម​និង​ដំណោះស្រាយ​ទៅ​ថ្ងៃ​អនាគត​។​ បញ្ហា​ទាំងនោះ​រួម​មាន​ សន្តិភាព​និង​ការ​ផ្សះផ្សា​ ការ​អប់រំ​ សុខភាព​ផ្លូវភេទ​ អភិបាលកិច្ច​ និង​ប្រជាធិបតេយ្យ​ ការ​ចំណាកស្រុក​របស់​យុវជន​ ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ និង​សុខុមាលភាព​របស់​យុវជន​៕

Share

ព័ត៌មានទាក់ទង

Image