ភ្នំពេញ៖ ស្ដ្រីបឹងកក់ម្នាក់ក្នុងចំណោម ពីរនាក់ត្រូវបានដោះលែង កាលពីយប់ថ្ងៃចន្ទទី ២២សីហា បន្ទាប់ពីឃុំខ្លួនរយៈពេល ៦ថ្ងៃ និង បន្ទាប់ពីតុលាការរាជធានីភ្នំពេញបានប្ដូរបទចោទ ករណីប្រមាថ ខណៈអ្នកស្រី ទេព វន្នី រងបទចោទថ្មីទៀតត្រូវបន្ដឃុំខ្លួនក្នុងពន្ធនាគារព្រៃសនៅឡើយ។
អ្នកស្រី ប៊ូវ សោភា ត្រូវបានដោះលែងពីពន្ធនាគារព្រៃសនៅម៉ោង ៨និង៣០នាទី កាលពីយប់ថ្ងៃចន្ទ។ ប៉ុន្ដែនៅពេលអ្នកស្រី ចេញពីពន្ធនាគារអ្នកស្រី បានទទូចឲ្យតុលាការដោះលែងអ្នកស្រី ទេព វន្នី ផងដែរដោយអ្នកស្រីអះអាងថា បទចោទទៅលើអ្នកស្រី ទេព វន្នី ថាប្រើហិង្សាទៅលើសមត្ថកិច្ចនៅពេលដែល ក្រុមសហគមន៍បឹងកក់ តវ៉ានៅខាងមុខផ្ទះសម្ដេចនាយករដ្ឋមន្ដ្រីកាលពីឆ្នាំទៅមិញ ថា មិនត្រឹមត្រូវនោះទេ ដោយទាមទារឲ្យបញ្ចេញកាមេរ៉ាសុវត្ថិភាព។ អ្នកស្រី ប៊ូវ សោភា បានចាត់ទុកថាជាអំពើអយុត្ដិធម៍មួយទៀតទៅលើអ្នកស្រី ទេព វន្នី។
អ្នកស្រី ទេព វន្នី និងអ្នកស្រី ប៊ូវ សោភា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅពេលដែលក្រុមអ្នកស្រីធ្វើពិធីថ្ងៃចន្ទ ពណ៍ខ្មៅ កាលពីថ្ងៃទី ១៥សីហា គឺភ្លាមៗបន្ទាប់ពីសមត្ថកិច្ចចូលទៅបង្ក្រាបហើយបាននាំទៅឃុំខ្លួននៅអធិការដ្ឋានខណ្ឌដូនពេញរយៈពេល ពីរយប់ ហើយក្រោយមកបាននាំខ្លួនមកតុលាការ និង បញ្ជូនទៅកាន់ពន្ធនាគារព្រៃស។
អ្នកស្រី ទេព វន្នី ត្រូវបាននាំទៅកាន់ពន្ធនាគារព្រៃសនេះគឺជាលើកទី ៣ ហើយ ដែលកាលពីឆ្នាំ ២០១២ និង ឆ្នាំ ២០១៣ អ្នកស្រីបានជាប់ក្នុងពន្ធនាគារដោយសារតែតវ៉ាករណីជម្លោះដីធ្លីជាមួយអ្នកមានអំណាចនៅតំបន់សហគមន៍បឹងកក់៕