ក្រុងតូក្យូ / ក្រុងសេអ៊ូល៖ អន្ដរក្រសួងការបរទេសជប៉ុន និងកូរ៉េខាងត្បូងបានឱ្យដឹងនៅពីថ្ងៃចន្ទទី២២សីហានេះថា ក្រុមរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងកូរ៉េខាងត្បូងនឹងជួបប្រជុំជាមួយគ្នានៅទីក្រុងតូក្យូប្រទេសជប៉ុន នៅថ្ងៃទី ២៣ និង ២៤ ខែសីហា ដើម្បីផ្លាស់ប្តូរទស្សនគ្នាស្តីពីកិច្ចសហប្រតិបត្តិការ និងបញ្ហាក្នុងតំបន់។
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសជប៉ុនម្នាក់បាននិយាយកាលពីខែមុនថា ប្រទេសជប៉ុនបានពិចារណាធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំត្រីភាគីប្រចាំឆ្នាំមួយនៅចុងខែសីហានេះ ប៉ុន្តែកិច្ចប្រជុំនេះដែលគ្រោងធ្វើនេះ គឺចំពេលនៃការផ្ទុះឡើងនូវភាពតានតឹងរវាង ចិន និង ជប៉ុន ដែលមានការព្រួយ បារម្ភថា កិច្ចប្រជុំនេះនឹងមិនអាចប្រព្រឹត្តទៅបាន។
ចំណងទំនាក់ទំនងរវាងចិន និងជប៉ុន ជួបនូវភាពរកាំរកូសនៅក្នុងខែនេះ បន្ទាប់ពីការកើនឡើងនៃនាវាឆ្មាំសមុទ្រ និងទូកនេសាទរបស់ចិន បានបើកចូលប្រជុំកូនកោះដែលនៅជិតដែនជម្លោះនៅសមុទ្រចិនខាងកើត។
កិច្ចប្រជុំនេះ ក៏ជាឱកាសមួយសម្រាប់រដ្ឋមន្ត្រីការបរទេសទាំងបីផងដែរ ដើម្បីពិភាក្សាគ្នាអំពីបញ្ហាក្នុងតំបន់ដូចជាការអភិវឌ្ឍមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលជារបៀបវារៈដ៏សំខាន់សម្រាប់កិច្ចប្រជុំកំពូលត្រីភាគីនៅទីក្រុងតូក្យូ ដែលបានកំណត់ឱ្យជប៉ុនធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំនេះ៕
ប្រភព៖ CNA