ក្រុងសេអ៊ូល៖ អាមេរិក និងកូរ៉េខាងត្បូង បានចាប់ផ្តើមធ្វើសមយុទ្ធយោធាប្រចាំឆ្នាំនៅថ្ងៃចន្ទទី ២២ ខែសីហានេះ។ យ៉ាងណាសម យុទ្ធយោធានេះ បានបង្កឱ្យមានការព្រមានពីការសងសឹកពីសំណាក់កូរ៉េខាងជើងផងដែរ នឹងបានបង្កជាភាពតានតឹងនៅឧបទ្វីបកូរ៉េ ហើយមន្ត្រីការទូតម្នាក់របស់ក្រុងព្យុងយ៉ាងក៏បានព្រមានពីរងើកភ្លើងនៃសង្គ្រាមដែលអាចកើតមានផងដែរ។
កូរ៉េខាងជើងបានក្លាយទៅជាប្រទេសឯកោដាច់ឆ្ងាយចេញពីពិភពលោក បន្ទាប់ពីប្រទេសកុម្មនីសមួយនេះ បានសាកល្បងអាវុធនុយក្លេអ៊ែរកាលពីខែមករាជាលើកទីបួន និងបានចាប់ផ្តើមបាញ់គ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយកាលពីខែកុម្ភៈ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានរឹតបន្តឹងទណ្ឌកម្មដល់ក្រុងព្យុងយ៉ាង ដែលចេះតែផ្គើនបាញ់មីស៊ីលឆ្លងទ្វីបជាច្រើនលើកច្រើនសារ។
កងទ័ពសហរដ្ឋអាមេរិក ២៥,០០០ បានចូលរួមក្នុងសមយុទ្ធដែលមានឈ្មោះថា Ulchi Freedom Guardian ដែលនឹងដល់ដើមខែកញ្ញាខាងមុខនេះ។ គណៈកម្មាធិការយុទ្ធសន្តិភាពរបស់ U.N. ដែលដឹកនាំដោយសហរដ្ឋអាមេរិក បាននិយាយថា កងទ័ពកូរ៉េខាងជើងធ្វើសមយុទ្ធនេះគឺមិនមែនជាការបង្កហេតុនោះទេ។
កូរ៉េខាងជើង បានហៅការរៀបចំសមយុទ្ធយោធានេះថា ជាការលុកលុយ និងជាការគំរាមកំហែងដែលថាក្រុងព្យុងយ៉ាង នឹងវាយប្រហារតបវិញ ។
ប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូងគឺបានធ្លាក់ក្នុងសង្គ្រាមរវាងឆ្នាំ ១៩៥០-១៩៥៣ បានបញ្ចប់ដោយ កិច្ចព្រមព្រៀងយុទ្ធសន្តិភាព ៕
ប្រភព៖ CNA