ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានអះអាងថា ការជ្រើសរើសមន្ត្រីជាប់កិច្ច សន្យារយៈពេលខ្លី សម្រាប់ចុះឈ្មោះបោះឆ្នោតនៅតាមមូលដ្ឋានបានប្រព្រឹត្តិទៅដោយមានការត្រួតពិនិត្យ និងអាស្រ័យទៅលើសមត្ថភាពបេក្ខជន។ ការបញ្ជាក់នេះលោក ហង្ស ពុទ្ធា បានធ្វើឡើងឆ្លើយតបទៅនឹងការរិះគន់មួយចំនួនដែលថា មានបក្សពួក និងបេក្ខជនខ្លះមិនមានសមត្ថភាពគ្រប់គ្រាន់។ តែយ៉ាងណាមន្ត្រីឃ្លាំមើលការបោះឆ្នោតបារម្ភថា បើមន្ត្រីចុះឈ្មោះទាំងនោះគ្មានជំហរអព្យាក្រឹត្យ និងធ្វើឲ្យការចុះឈ្មោះបោះឆ្នោតមានហានិភ័យ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានអះអាងថា ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីសម្រាប់ចុះឈ្មោះបោះឆ្នោតនៅតាមមូលដ្ឋានបាន គឺអាស្រ័យទៅលើសមត្ថភាពបេក្ខជនតាមរយៈការប្រឡងប្រជែកគ្នា។ លោកមានប្រសាសន៍ដូចនេះជាមួយវិទ្យុស្ត្រីនៅថ្ងៃទី២០ខែសីហានេះ ដោយសុំឆ្លើយតបចំពោះការរិះគន់ពីមជ្ឈដ្ឋានមួយចំនួន។
ប៉ុន្តែលោកទទួលស្គាល់ថា ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី មានបក្សពួកនិយមតិចតួច ហើយ គ.ជ.ប កំពុងពិនិត្យលើករណីនេះ។ លោកអះអាងថា មន្ត្រីទាំងនោះត្រូវតែបំពេញការងារដោយអព្យាក្រឹត្យ។ លោក ហង្ស ពុទ្ធា៖«បញ្ហាមួយចំនួន គ.ជ.ប រកឃើញដែរ ក្នុងនោះយើងកំពុងពិភាក្សាគ្នារកដំណោះស្រាយ។ ឧទារហណ៍ថា នៅក្នុងការិយាល័យចុះឈ្មោះបោះឆ្នោតមួយមានពិន្ទុដណ្តមសង់គ្នា ពិន្ទុត្រូវជាប់ និងក្រុមគ្រួសារមួយត្រូវជាប់ទាំងអស់គ្នា ជាប់ដោយសារពិន្ទុរបស់គាត់មិនមែនដោយសារ គ.ជ.ប ទេ ហើយយើងក៏ពិចារណាមិនឲ្យមានក្រុមគ្រួសារនៅក្នុងទីនឹងទេ»។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធ្វើឡើងឆ្លើយតបទៅនឹងការរិះគន់មួយចំនួនដែលត្រូវបានចុះផ្សាយតាមបណ្តាញសារ ព័ត៌មានមួយថា ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យានៅតាមមូលដ្ឋាននេះគ្មានតម្លាភាព និងបក្សពួកនិយម ។
កាលពីថ្មីៗនេះ វិទ្យុអាស៊ីសេរីបានចុះផ្សាយថា នីតិវិធីជ្រើសរើសបេក្ខជនកិច្ចសន្យាបម្រើការងារចុះឈ្មោះបោះឆ្នោតនៅថ្នាក់ឃុំមានភាពមិនប្រក្រតី។
លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា NICFEC យល់ឃើញថា ការជ្រើស រើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី សម្រាប់ចុះឈ្មោះបោះឆ្នោត អាចនឹងមានភាពចន្លោះប្រហោងតិចតួច តែយ៉ាងណាលោកថា សំខាន់មន្ត្រីជាប់កិច្ចសន្យាទាំងនោះត្រូវឈរលើគោលការណ៍អព្យាក្រឹត្យ។ លោក សំ គន្ធាមី៖«យើងនិងតាមដានតើការបំពេញតួនាទីមន្ត្រី និងយ៉ាង ដូច ម្ដេចដែរ។ នេះជាលក្ខណៈសំខាន់ បើយើងឃើញភាពមិនប្រក្រតីកើតឡើង ក៏យើងដាក់សេចក្តីថ្លែងការណ៍ ឬពាក្យបណ្តឹងមន្ត្រីទាំងនោះតែម្តង់ បើសិនជាគាត់មិនបំពេញតួនាទីមិនលំអៀង ត្រឹមត្រូវបានច្បាប់»។
តាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ការចុះឈ្មោះបោះឆ្នោតនឹងប្រព្រឹត្តទៅ ពីថ្ងៃទី១ ខែ កញ្ញា ដល់ថ្ងៃទី ២៩ វិច្ឆិកា ឆ្នាំ២០១៦។ ការចុះឈ្មោះបោះឆ្នោតលើកនេះ មានលក្ខណៈជឿនលឿនដោយប្រើ ប្រព័ន្ធកុំព្យូទ័រផ្ដិតស្នាមមេដៃរបស់អ្នកចុះបោះឆ្នោត ដែលមិនដូចមុនការចុះឈ្មោះលើឯកសារនោះទេ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា នៅថ្ងៃទី២៣ ខែ សីហា ខាងមុខនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីជាប់កិច្ចសន្យាទាំងនោះ៕