en     km
en     km

​ទស្សនៈ​វិភាគ​៖​ តើ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​ព្រំដែន​ពិតជា​ចង់​ជួល​ដី​ឱ្យ​ប្រទេស​ជិតខាង​ឬ​យ៉ាងណា​??

Share

​ភ្នំពេញ​៖​ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​ និង​កងកម្លាំងប្រដាប់អាវុធ​នៅ​ខេត្តតាកែវ​ កាលពី​ថ្ងៃ​ទី​១៦​ ខែសីហា​ថ្មីៗ​នេះ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ហាម​ដាច់ខាត​ការ​ជួល​ដី​ឲ្យ​ប្រជាជន​វៀតណាម​ និង​សម្រាប់​ខេត្ត​ទាំងអស់​ដែល​មាន​ព្រំ ប្រទល់​ជាមួយ​វៀតណាម​។​

​គេ​នៅ​ចាំ​បាន​ថា​ កាលពី​ថ្ងៃ​ទី​ ១៧​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​ សម្ដេច​បាន​ចេញ​សារាចរ​ណែនាំ​មួយ​ដោយ​តម្រូវ​ឲ្យ​គ្រប់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ រដ្ឋបាល​ថ្នាក់​ខេត្ដ​ទាំងអស់​នៅ​ជាប់​ព្រំដែន​ ត្រូវ​បញ្ឈប់​សកម្មភាព​ជួល​ដី​នៅ​តាម​ព្រំដែន​ឱ្យ​ប្រទេស​ជិតខាង​ មាន​ប្រទេស​វៀតណាម​ជាដើម​ ព្រោះ​នឹង​បង្ក​ការ​លំបាក​ក្នុង​ការ​គ្រប់គ្រង​។​ ផ្ទុយ​ទៅ​វិញ​ រយៈពេល​ចុង​ក្រោយ​នេះ​ មាន​សេចក្ដីរាយការណ៍​ថា​ សកម្មភាព​ជួល​ដី​តាម​ព្រំដែន​នៅ​តែ​បន្ត​កើត​មាន​ទៅ​ប្រជាជន​វៀតណាម​។​

តើ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​ព្រំដែន​ ពិតជា​ចង់​ជួល​ដី​ឱ្យ​ប្រទេស​ជិតខាង​មែន​ទេ​?​

​តើ​បម្រាម​ដូចនេះ​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រាប់​គ្រាន់​ដែរ​ឬទេ​?

​សូម​ស្តាប់​ទស្សនៈ​វិភាគ​របស់​លោក​ ម៉ៅ​ សំណាង​ អ្នករាយការណ៍​ព័ត៌មាន​នៃ​វិទ្យុ​ស្ត្រី​ ដូច​តទៅ​៖

 

សម្តេច ហ៊ុន សែន នាយករដ្ឋាមន្ត្រីនៃប្រទេសកម្ពុជា​ដែលបានកាន់អំណាចជាង៣០កន្លងមក។
សម្តេច ហ៊ុន សែន នាយករដ្ឋាមន្ត្រីនៃប្រទេសកម្ពុជា​ដែលបានកាន់អំណាចជាង៣០កន្លងមក។

​ក្រោយ​ពី​បាន​ថ្លែង​ណែនាំ​ដូចនេះ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក៏​បាន​សរសេរ​បញ្ជាក់​បន្ថែម​ទៀត​ លើ​ បណ្ដាញ​សង្គម​របស់​សម្ដេច​ ។​
​សម្តេច​ ហ៊ុន​ សែន​ បាន​បញ្ជាក់​ថា​៖​ «​ហាម​ដាច់ខាត​ការ​ជួល​ដី​ឲ្យ​ប្រជាជន​វៀតណាម​ តែ​នេះ​មិនមែន​សម្រាប់​តែ​ខេត្តតាកែវ​ មួយ​ទេ​ គឺ​សម្រាប់​ខេត្ត​ទាំងអស់​ដែល​មាន​ព្រំប្រទល់​ជាមួយ​វៀតណាម​ »​ ។​

​បម្រាម​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​លើក​ឡើង​នា​ពេល​នេះ​ គឺជា​សារ​មួយ​ញញាក់​អារម្មណ៍​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ដីស្រែ​នៅ​ជាប់​ព្រំដែន​ទាំងអស់​ ឱ្យ​យកចិត្តទុកដាក់​គ្រប់គ្រង​ថែរក្សា​ដី​របស់​ខ្លួន​ឱ្យ​បាន​គង់វង្ស​ និង​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ជួល​ដី​ទៅ​ប្រទេស​វៀតណាម​បន្ត​ទៀត​ ព្រោះ​កន្លង​ទៅ​សម្ដេច​យល់​ថា​ ការ​ជួល​ដី​ឱ្យ​ប្រទេស​ជិតខាង​នឹង​នាំ​ឱ្យ​មាន​ភាព​ស្មុ​គ្រ​ស្មាញ​ក្នុង​ការ​គ្រប់គ្រង​។​ ប៉ុន្តែ​ច​ម្ង​ល់​នៅ​តែ​ចោទសួរ​ដដែលៗ​ទៅ​លើ​រដ្ឋាភិបាល​ចំពោះ​បញ្ហា​នេះ​។​

​តើ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​ព្រំដែន​ពិតជា​ចង់​ជួល​ដី​ឱ្យ​ប្រទេស​ជិតខាង​មែន​ឬទេ​?

ជុំវិញ​រឿង​នេះ​ ប្រសិនបើ​យើង​ក្រឡេក​មើលទៅ​លើ​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​ព្រំដែន​ ភាគតិច​ណាស់​ដែល​មាន​ជីវភាព​ធូរធារ​ ព្រោះ​ភាគច្រើន​ពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ព្រំដែន​ជា​កសិករ​ ធ្វើស្រែ​ចម្ការ​ លើកលែង​នៅ​តំបន់​មាន​រោងចក្រ​ និង​ កាស៊ីណូ​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ​។​

​ទន្ទឹម​គ្នា​នេះ​ គម្លាត​រវាង​ទី​ជនបទ​ជាប់​ព្រំដែន​ និង​ទីប្រជុំជន​ក៏​ជា​មូលហេតុ​ចម្បង​មួយ​ធ្វើ​ឱ្យ​ពលរដ្ឋ​បង្ខំចិត្ត​ជួល​ដី​ឱ្យ​ប្រទេស​ជិតខាង​ដែរ​ ព្រោះ​ដីស្រែ​នៅ​ជាប់​ព្រំដែន​បាន​ក្លាយជា​កន្លែង​ស្ងប់ស្ងាត់​ ហើយ​ភាគច្រើន​ពលរដ្ឋ​គ្មាន​លទ្ធភាព​បង្កបង្កើន​ផល​កសិកម្ម​ និង​មិន​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​ចិត្ត​ទៅ​រស់នៅ​ទីនោះ​ច្រើន​ទេ​។​

​ជាង​នេះ​ទៀត​សោត​ ប្រព័ន្ធ​ទឹក​ស្រោចស្រព​ដំណាំ​កសិកម្ម​ ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវថ្នល់​ អគារសិក្សា​ ឬ​មន្ទីរ​បម្រើសេវា​សាធារណៈ​ផ្សេងៗ​ដែល​ជា​តម្រូវការ​ពលរដ្ឋ​ក៏​ប្រទេស​កម្ពុជា​នៅ​ពុំ​ទាន់​មាននៅ​តាម​ព្រំដែន​ឱ្យ​បាន​គ្រប់គ្រាន់​ដែរ​។​

​បើ​និយាយ​ពី​កសិផល​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ធ្វើ​បាន​ គឺ​ភាគច្រើន​គ្មាន​ទីផ្សារ​សម្រាប់​លក់​ឡើយ​។​ ដើម្បី​បាន​ទិន្នផល​ពី​ដី​របស់​ខ្លួន​ កសិករ​ខ្មែរ​ត្រូវ​ចំណាយ​ទុន​ច្រើន​ រីឯ​ផល​ចំណេញ​បាន​តិច​បំផុត​ និង​ពេល​ខ្លះ​ខាត​ទាំង​ដើម​ទាំង​ចុង​ផង​ក៏​មាន​។​

​ក្នុង​ស្ថានភាព​បែប​នេះ​ គឺ​ជម្រើស​ល្អ​បំផុត​របស់​ពលរដ្ឋ​នៅ​តាម​បណ្តោយ​ព្រំដែន​ មាន​តែ​ជួល​ដី​ឱ្យ​ពលរដ្ឋ​ប្រទេស​ជិតខាង​ធ្វើ​កសិកម្ម​ ដោយ​រង់ចាំ​ទទួល​កម្រៃ​បន្តិចបន្តួច​ក៏​សមគួរ​ជាង​ទុក​ដី​ទំនេរ​ចោល​ដែរ​។​

​តែ​យ៉ាងណា​ ការ​ជួល​ដី​តាម​បណ្តោយ​ព្រំដែន​ឱ្យ​ប្រទេស​ជិតខាង​ ក្រៅពី​បាន​ប្រាក់​បន្តិចបន្តួច​ វា​ក៏​បាន​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ទៅ​ធ្វើ​ជា​កម្មករ​លើ​ដីស្រែ​របស់​ខ្លួន​ផង​ដែរ​។​

​តើ​ប្រជាពលរដ្ឋ​ខ្មែរ​ពិតជា​ចង់បាន​បែប​នេះ​ឬ​យ៉ាងណា​ ឬ​មួយ​ជា​ជម្រើស​ទាល់ច្រក​?

lang

​ផ្អែក​លើ​ហេតុផល​ខាងលើ​នេះ​ គេ​អាច​សន្និដ្ឋាន​បាន​ថា​ ពលរដ្ឋ​ខ្មែរ​សម្រេច​យក​ដី​របស់​ខ្លួន​ជួល​ឱ្យ​ប្រទេស​ជិតខាង​ពិតជា​មាន​មូលហេតុ​។​ មូលហេតុ​ អាច​មក​ពី​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​ព្រំដែន​មិន​មាន​លទ្ធភាព​ ធ្វើស្រែ​ចម្ការ​របស់​ខ្លួន​ គឺ​ដោយសារ​តែ​បញ្ហា​ក្រីក្រ​ បញ្ហា​សន្តិសុខ​ព្រំដែន​ បញ្ហា​កង្វះ​ប្រព័ន្ធ​ធារាសាស្ត្រ​។​

​ដើម្បី​បញ្ឈប់​បញ្ហា​នេះ​ រដ្ឋាភិបាល​គួរតែ​គិតដល់​តំបន់​ព្រំដែន​ និង​ចោល​ក្រសែភ្នែក​សម្លឹង​ទៅ​កាន់​អ្នក​រស់នៅ​តាម​បណ្តោយ​ព្រំដែន​តាម​រយៈ​ការ​លើកទឹកចិត្ត​ផ្សេងៗ​ដល់​ប្រជាពលរដ្ឋ​ដូច​ជា​ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ មាន​សាលារៀន​ មន្ទីរពេទ្យ​ ផ្លូវថ្នល់​ ព្រមទាំង​ផ្សារ​ទិញ​លក់​ផលិតផល​ កសិករ​និង​ធានា​ថា​ជីវភាព​របស់​ពួក​គេ​ធូរធារ​។ប្រសិនបើ​ធ្វើ​ដូចនេះ​បាន​ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​បណ្តោយ​ព្រំដែន​មិន​ចង់​ជួល​ដី​ឱ្យ​ប្រទេស​ជិតខាង​ឡើយ​។​

​ក្នុង​ន័យ​នេះ​ ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ ទាំង​រដ្ឋ​ និង​វិស័យ​ឯកជន​ ត្រូវ​យកចិត្តទុកដាក់​លើកកម្ពស់​ និង​ជួយ​កែប្រែ​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ព្រំដែន​ឱ្យ​បាន​ល្អ​ប្រសើរ​ គឺ​តាម​រយៈ​ការ​ផ្តល់​តម្រូវការ​ជាក់ស្តែង​ ដូច​ការ​ផ្តល់​ប្រភព​ទុន​ ប្រភព​ទឹក​ ទីផ្សារ​លក់​សម្រាប់​ផលិតផល​កសិកម្ម​ និង​សន្តិសុខ​តាម​ព្រំដែន​ជាដើម​។​

​ចូរ​កុំ​ភ្លេច​ថា​ ពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ព្រំដែន​ទាំងអស់​គឺជា​របង​ដ៏​រឹង​មាំ​បំផុត​នៃ​ប្រទេស​ជាតិ​៕

Share

Image
Image
Image