លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានថ្លែងថាជាការជាន់ដានប្រវត្តិសាស្ត្រជាថ្មីទៀត ដែលករណីកើតឡើង ដូចប៉ុលពតមេដឹកនាំ របបកម្ពុជាប្រជាធិបតេយ្យ មិនបានដឹកនាំពីសុខទុក្ខពលរដ្ឋរស់នៅតាមជនបទ ជាពិសេស ការសម្លាប់រង្គាល ដែលលោកថាថ្នាក់ដឹកនាំអតីតរបបនេះខ្លះដូចជាលោក សុន សេន អតីតរដ្ឋមន្ត្រីសន្តិសុខជាតិ ជាមនុស្សវៀតណាមបង្កប់។
ដោយភ្ជាប់ រឿងនេះ លោក ខឹម វាសនា ថាការធ្វើអត្តសញ្ញាណប័ណ្ណឱ្យពលរដ្ឋវៀតណាម មានរៀបចំជារចនាសម្ព័ន្ធនេះ ដែលលោកថា សម្ដេច ហ៊ុន សែន មិនបានដឹងរឿងនេះទេ ហើយជាល្បិចមួយទៀតរបស់ វៀតណាម។ តែជាមួយគ្នានេះបក្សប្រឆាំង CNRP នៅថ្ងៃនេះក៏បានប្រកាសទប់ស្កាត់ ជនបរទេសចុះឈ្មោះបោះឆ្នោត។ យ៉ាងណាក៏ដោយ ទាំងមន្ត្រីបក្សកាន់អំណាច ចាត់ទុកការអះអាងរបស់ លោក ខឹម វាសនា ថាជាការបំភ័ន្តប្រជាជន ខណៈស្វាគមន៍ផែនការរបស់CNRP។ កញ្ញា ឆេង ណាតា ជូនសេចក្ដីរាយការណ៍លម្អិត៖
ការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់នឹងប្រព្រឹត្ដិទៅនៅសល់ជិត ១មួយឆ្នាំទៀត ហើយការបោះឆ្នោតសភាអណត្ដិទី៦ ក៏ជិតមកដល់ដែរ មេបក្សនយោបាយជាច្រើន ចាប់ផ្ដើមវោហាសាស្ដ្រដើម្បីទាក់ទាញអ្នកគាំទ្រ ដែលក្នុងនោះគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដឹកនាំដោយលោក ខឹម វាសនា អតីតអ្នកតំណាងរាស្ដ្រគណបក្ស សម រង្សី បានចុះធ្វើវេទិកាជាច្រើន រយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ។
ក្នុងវេទិកានីមួយៗលោក ខឹម វាសនា ប្រើប្រាស់វោហារសាស្ត្ររបស់លោក ដើម្បីទាក់ទាញអ្នកគាំទ្រប៉ុន្ដែ យូៗម្ដង លោកវាយប្រហារប្រមុខដឹកនាំគណបក្សកាន់អំណាច គឺសម្ដេច នាយករដ្ឋមន្ដ្រី ហ៊ុន សែន។ នៅក្នុងវេទិកាជួបជុំសមាជិក និងអ្នកគាំទ្រគណបក្ស ដែលមានទីតាំងស្ថិតនៅភូមិព្រៃពក ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត កាលពីថ្ងៃសៅរ៍ ទី១៣ខែសីហា ឆ្នាំ២០១៦ ប្រធានគណបក្សដែលមជ្ឈដ្ឋានខ្លះដាក់រហស្សនាមថា អ្នកនយោបាយរិះគន់ឥតសំចៃ បានលើកឡើងពីល្បិចវៀតណាម ចូលពាក់ព័ន្ធ និងរបបកម្ពុជាប្រជាធិបតេយ្យដឹកនាំដោយអតីតនាយករដ្ឋមន្ដ្រី ប៉ុល ពត ហើយ ធ្វើឲ្យខ្មែរក្នុងរបបនោះមិនទុកចិត្ដគ្នា ឈានដល់ការសម្លាប់រង្គាល។ លោកថាការជ្រៀតជ្រែកពីប្រទេសជិតខាងមួយនេះ កើតមានដល់បច្ចុប្បន្ននេះទៀត។
លោក លើកឡើងថាពលរដ្ឋវៀតណាម ដែលទទួលបានអត្ដសញ្ញាណប័ណ្ណខ្មែរ គឺជាផែនការនៃរចនាសម្ព័ន្ធមួយដែលលោកថា ជាល្បិចវៀតណាម។
លោក ខឹម វាសនា បានថ្លែងដូចនេះថា៖«ទី១.អាបរទេសវានៅក្នុងហ្នឹង វាប្រែកាឡា ណាប្អូនដែលខ្ញុំហៅថាល្បិច អន្ទាក់នុះណា ប៉ិនបើយើងមើលទៅឃើញហើយ។ បងប្អូនឱ្យតែស្រឹបហ្មង វាមានរចនាសម្ព័ន្ធវា ឱ្យធ្វើអត្តសញ្ញាណប័ណ្ណជនជាតិយួននៅស្រុកខ្មែរឱ្យអស់។ បងប្អូន! ដល់ពេលគ.ជ.ប គេធ្វើច្បាប់ឱ្យតែមានអត្តសញ្ញាណប័ណ្ណ ត្រង់អត្តសញ្ញាណប័ណ្ណធ្វើខុសច្បាប់អីគេអត់ខ្វល់ គេថាឱ្យតែមានអត្តសញ្ញាណឱ្យចុះឈ្មោះបោះឆ្នោត។ ឃើញទេបងប្អូន! កាលពីមុនមានតែលិខិតបញ្ជាក់អត្តសញ្ញាណអាចបោះឆ្នោតបាន ដល់ពេលឥលូវយើងតវ៉ាថាមិនឱ្យប្រើលិខិតបញ្ជាក់អត្តសញ្ញាណទេ ទាល់តែអត្តសញ្ញាណប័ណ្ណហ្មង ក្រែងលោថាយួនវាពិបាកធ្វើ! ស្អែកវាពិបាកហើយ!!»។
ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាជាធិបតេយ្យរូបនេះ អះអាងថា ពលរដ្ឋខ្មែរខ្លះត្រូវការលុយ ពិតជាមិន ខ្វល់ រឿងនេះទេ ដែលជាហេតុបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋវៀតណាមទាំងនោះ បានកាន់អត្តសញ្ញាណប័ណ្ណខ្មែរ ហើយបាន ចុះឈ្មោះបោះឆ្នោត។ លោកថាជាការទទួលខុត្រូវរបស់ក្រសួងមហាផ្ទៃ។
លោក ខឹម វាសនា ៖«វាឱ្យរចនាសម្ព័ន្ធវាធ្វើដល់មូលដ្ឋាន។ ស្រឹបៗៗៗ ប៉ូលីសភូមិ ប៉ូលីសឃុំគេធ្វើ ហើយខ្មែរខ្លះចង់បានស៊ីលុយគេទៅមិនដឹងល្បិចយួនវាឱ្យធ្វើ យួនវាកាន់អត្តសញ្ញាណប័ណ្ណខ្មែរឡើងអាលីងពេញដៃទាំងអស់។ ដល់មកដល់កន្លែងធុងឆ្នោតវិញ គ.ជ.ប គេថាគេអត់ដឹងផង ព្រោះច្បាប់បោះឆ្នោតអញ្ចឹង ឱ្យតែមានឯកសារបញ្ជាក់ថាគឺជាជនជាតិខ្មែរដោយអត្តសញ្ញាណប័ណ្ណហ្នឹង»។
លោកខឹម វាសនា អះអាងថា ក្រសួងមហាផ្ទៃ ក៏មានជនជាតិវៀតណាម ធ្វើការនៅក្នុងក្រសួងនេះដែរ។
លោក ខឹម វាសនា ៖«ឥឡូវចូលមកដល់សម្ដេច នាយករដ្ឋមន្ដ្រី ហ៊ុន សែន យើង ខ្ញុំថាទៀតហើយណា យួនវាប្រែរូបណាបងប្អូន ហើយមិនប្រែរូបម៉េចបើស្រុកគេប្រែហើយហ្នឹង យកដីគេស្រស់ៗម៉េចបាន វាត្រូវប្រែរូប លោក នាយករដ្ឋមន្ដ្រី ហ៊ុន សែន ហ្នឹងគេបញ្ចើចបញ្ចើទៅលក់ពងទាមាន់ស្ងោអាំង អីឯណាមិនដឹងស្អីៗគាត់ចឹងទៅ ។ការងារទាំងអស់គេអ្នកធ្វើជាពិសេសប៉ូលីស ក្រសួងមហាផ្ទៃនេះ ម៉ែអាយួនច្រើន គាត់មានដែរដឹងឯណាខមាទោស និយាយទៅណា សឹងតែថាច្បាប់បោះឆ្នោតច្បាប់សញ្ជាតិហ្នឹងគាត់មិនមើលផង មិនដឹងគេសរសេរយ៉ាងម៉េចផង គេយកទៅអនុម័តក្នុងរដ្ឋសភា នុងដូច ប៉ុល ពត ទៀតហើយនោះ។ ហើយច្បាប់បោះឆ្នោតច្បាប់ស្អីច្បាប់ស្អី ហ្នឹងគេបង្ហាញគាត់ តែបន្ដិចៗទេ ចំណែកអាផ្សេងៗដែលជាល្បិចរបស់គេ នោះយួនវានៅក្នុងនោះធ្វើ វាបញ្ជូនទៅកាន់រដ្ឋសភាអនុម័តអីហ្នឹង។ សព្វថ្ងៃច្បាប់ គ.ជ.ប បងប្អូនមើលមើ ឲ្យតែមានអត្ដសញ្ញាណប័ណ្ណគឺថា អាចបោះឆ្នោតបានហើយ ហើយថែមទាំងបើមានពីណាទៅរារាំងបុគ្គលដែលមានអត្ដសញ្ញាណប័ណ្ណ ទោះបីបុគ្គលនោះមិនចេះនិយាយខ្មែរក៏ដោយ ជាប់គុកទៀតណា ផាកពិន័យមានទោសទៀតណា ហើយលោកនាយករដ្ឋមន្ដ្រីគាត់លក់ពងមាន់អាំងអីអញ្ចឹងទៅ មានដឹងអី ទៅកន្លែងណាគេលាងថ្នល់ អាច្បាប់អីអញ្ចឹងគាត់មានដឹងអី»។
មានប្រសាសន៍ឆ្លើយតប និងការថ្លែងរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមានប្រសាសន៍ថា លោក ខឹម វាសនា គួរតែដឹងគុណថ្ងៃរំដោះជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ថ្ងៃ ៧មករា។ លោកថាប្រសិនជាគ្មានថ្ងៃនេះទេ លោក ខឹម វាសនា ក៏មិនអាចមកឈរនិយាយស្ដីបានដូច្នេះដែរ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃបន្ដថាការថ្លែងរបស់ លោក ខឹម វាសនា ដែលថាការចុះឈ្មោះបោះឆ្នោតដោយអនុញ្ញាត ឲ្យជនបរទេសមានអត្ដសញ្ញាណប័ណ្ណក្នុងការចុះឈ្មោះបោះឆ្នោតពេលខាងមុខ ជាការរៀបចំរបស់បរទេសដាក់មកឲ្យរាជរដ្ឋាភិបាលធ្វើ លោកប្រាប់លោក ខឹម វាសនា ឱ្យបង្ហាញភស្ដុតាង។
លោក ខៀវ សុភ័គ៖«ខ្ញុំគិតថា នេះគឺជាការថ្លែងដោយល្មើសទៅនឹងសិទ្ធិ នៃការបញ្ចេញមតិហើយ ហើយសុំឲ្យលោក ខឹម វាសនា ខ្លួនឯងបង្ហាញនូវភស្ដុតាងកន្លែងណា ដែលថាមានការណែនាំពីខាងក្រៅប្រទេសមករាជរដ្ឋាភិបាល សូមផ្ដល់ភស្តុតាងពិតប្រាកដកុំនិយាយឲ្យតែឮ»។
សម្រាប់លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សកាន់អំណាចមានប្រសាសន៍ថា ការលើកឡើងរបស់លោក ខឹម វាសនា ត្រឹមជាការស្រមើស្រមៃប៉ុណ្ណោះ ដែលជាការនិយាយគ្មានភស្ដុតាង គ្មានសំអាងអ្វីយកមកបញ្ជាក់ ឲ្យជាក់លាក់នោះទេ។ លោកបញ្ជាក់ថា រាល់ការចេញអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃនិងមានច្បាប់ ត្រឹមត្រូវ។
លោក សុខ ឥសាន្ដ៖«ខ្ញុំយល់ថា ការនិយាយរបស់គាត់ហ្នឹងគឺជាការយល់ឃើញជាលក្ខណៈបុគ្គលរបស់គាត់ទេ គឺមិនមានភស្ដុតាង និង ហេតុផលណាច្បាស់លាស់ទេ អញ្ចឹងការនិយាយរបស់គាត់កន្លងទៅមានប្រជាជនណា យកចិត្ដទុកដាក់ការនិយាយរបស់គាត់ អញ្ចឹងការនិយាយនេះទុកជាការទទួលខុសត្រូវរបស់គាត់ទៅ»។
ទាក់ទិននិងជនបរទេសកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ហើយមានសិទ្ធិបោះឆ្នោត គណបក្សសង្គ្រោះជាតិបានចេញយុទ្ធសាស្ត្រទប់ស្កាត់ ៖
១.ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ នឹងស្នើទៅក្រសួងយុត្ដិធម៌ ឱ្យផ្ដល់នូវបញ្ជីឈ្មោះជនបរទេសដែលទទួលបានសញ្ជាតិខ្មែរ តាមរយៈសញ្ជាតិតូបនីយកម្ម ត្រឹមត្រូវតាមច្បាប់។
២.គណបក្ស នឹងស្នើទៅក្រសួងមហាផ្ទៃ ដើម្បីស្រាវជ្រាវនិងចាត់វិធានការចំពោះការ ផ្ដល់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដោយខុសនីតិវិធីច្បាប់។ គណបក្សប្រឆាំងនេះ នឹងចូលរួមសហការជាមួយនឹងក្រសួងមហាផ្ទៃ ក្នុងការផ្ដល់ឈ្មោះជនបរទេសដែលទទួលបាន អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដោយខុសច្បាប់។
៣.គណបក្សប្រឆាំងធំនេះ ឱ្យដឹងថា នឹងពឹងពាក់មេធាវីដើម្បីរៀបចំពាក្យបណ្ដឹងប្ដឹងជនបរទេសដែលប្រើប្រាស់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដោយខុសច្បាប់ ទៅចុះឈ្មោះបោះ ឆ្នោត ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងទៅតុលាការ និង
ទី៤. គណបក្សនេះ អះអាងថា នឹងរៀបចំភ្នាក់ងារសង្កេតការណ៍តាមការិយាល័យចុះឈ្មោះបោះឆ្នោត ដើម្បីពិនិត្យឃ្លាំមើល ដំណើរការចុះឈ្មោះបោះឆ្នោត ហើយនិងប្ដឹងជំទាស់ ប្ដឹងតវ៉ា នូវភាពមិនប្រក្រតីទាំងឡាយ រួមទាំងជនបរទេសដែលប្រើប្រាស់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ខុសច្បាប់ យកទៅចុះឈ្មោះបោះឆ្នោត។
ឆ្លើយតបនិងសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រឆាំងធំជាងគេនៅកម្ពុជានេះដែរ លោក ខៀវ សុភ័គ បង្ហាញក្ដីស្វាគមន៍ លោកថានេះជាការប្រសើរមួយដែលជាការជួយគ្នា ដើម្បីភាពច្បាស់លាស់ ប៉ុន្ដែលោកថា ប្រសិនជាមានការចុះអង្កេតការណ៍ទាំងដំណើរការចុះឈ្នោះ និងបោះឆ្នោតហើយ នៅពេលដែលចេញលទ្ធផលគណបក្សសង្គ្រោះបដិសេធប្រកែកមិនទទួលលទ្ធផលបោះឆ្នោតទៀត គណបក្សនេះនឹងត្រូវតែប្រឈមចំពោះមុខច្បាប់។
លោក ខៀវ សុភ័គ៖«អបអរសាទរត្រង់ចំណុចហ្នឹង យើងមើលទាំងអស់គ្នាតាំងពីចុះឈ្មោះបោះឆ្នោត យើងមើលតាំងពីដើមទីឲ្យហើយ ហើយកុំយកលេសថា ចូលរួមបោះឆ្នោតតែមិនទទួលយកលទ្ធផល កុំដូចឆ្នាំ ២០១៣ ទៀត ! »។
តែយ៉ាងនេះក្ដីលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិរីករាយដែលក្រសួងមហាផ្ទៃបើកចំហដូចនេះ។ លោកបន្ដទៀតថា ប្រសិនជាដំណើរការនៃការចុះឈ្មោះបោះឆ្នោត និង ការបោះឆ្នោតប្រកបដោយ សេរី យុត្ដិធម៍ និង ត្រឹមត្រូវ នោះមិនថាគណបក្សណាទេក៏នឹងទទួលយកលទ្ធផលនោះដែរ។
តែលោកបញ្ជាក់ថា ចំពោះបញ្ហាដែលកើតមានកន្លងមកគឺដោយសារកើតបញ្ហាហើយមិនព្រមដោះស្រាយ ហើយនៅពេលនេះប្រសិនជាបានឃើញបញ្ហាហើយ រួមគ្នាដោះស្រាយឲ្យចប់មុនការបោះឆ្នោត នោះក្រោយពេលចេញលទ្ធផលយើងនឹងទទួលស្គាល់។
លោក យឹម សុវណ្ណ៖«ធម្មតាទេការបោះឆ្នោតតែចេញលទ្ធផលមកហើយការបោះឆ្នោតនោះ ប្រកបដោយ សេរី និងយុត្ដិធម៍យើងដោះស្រាយបញ្ហាចម្រូងចម្រាស់ទាំងប៉ុន្មានដែលមាន នៅមុនការបោះឆ្នោតគឺវាចប់ហើយ គឺវាគ្មានអ្វីដែលមានបញ្ហាទៀតទេ កន្លងមកគឺមកពីអត់ដោះស្រាយ ប៉ុន្ដែឥឡូវបើយើងឃើញមានបញ្ហាយើងរួមគ្នាដោះស្រាយ កាលណាដោះស្រាយចប់ តែលទ្ធផលចេញមកយ៉ាងម៉េចយើងទទួលស្គាល់ ទាំងអស់គ្នា តែប្រសិនជាមិនដោះស្រាយទុកឲ្យបញ្ហានៅតែបន្ដហ្នឹងបញ្ហានៅតែបន្ដទៀតហើយបាទ»។
ប៉ុន្ដែអ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន្ដ ដែលផ្ដល់បទសម្ភាសន៍មកកាន់វិទ្យុស្ដ្រី មានប្រសាសន៍ថា លោកមិនគាំទ្រការទាមទារបស់គណបក្សសង្គ្រោះជាតិ ជុំវិញបំណងចង់ដាក់អ្នកសង្កេតការណ៍តាមមណ្ឌលចុះឈ្មោះបោះឆ្នោត និង បោះឆ្នោតនោះទេ ។
លោក សុខ ឥសាន្ដ៖«យើងមិនស្វាគមន៍ទេយើងស្វាគមន៍តែអ្វីដែលជានីតិវិធី និងបទបញ្ជារបស់គ.ជ.ប ដែលមានលក្ខណៈស្មើភាពគ្នាចំពោះគណបក្សនយោបាយនានាដែលប្រកួតប្រជែងក្នុងការបោះឆ្នោត»។
ចំណែកលោក សូ ចន្ថា សាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយមានប្រសាសន៍ថា ប្រសិនជាមានជនបរទេសដែលមករស់នៅកម្ពុជាហើយបានទទួលព្រះរាជ្យក្រឹត្យពីព្រះមហាក្សត្រដែលបញ្ជាក់ថា ជននោះបានចូលជាសញ្ជាតិខ្មែរ ហើយជននោះគឺមានសិទ្ធិគ្រប់គ្រាន់ដូចពលរដ្ឋខ្មែរដែរក្នុងការបោះឆ្នោតស្របទៅតាមច្បាប់។ ប៉ុន្ដែលោកថា ប្រសិនជាជនបរទេស មិនទាន់ទទួលបានព្រះរាជ្យក្រឹត្យពីព្រះមហាក្សត្រចូលសញ្ជាតិខ្មែរទេ។ តែបែរជាមានអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ហើយអាចចុះឈ្មោះបោះឆ្នោតបាន។ ទាំងនេះគឺជាការទទួលខុសត្រូវរបស់អាជ្ញាធរ ព្រោះធ្វើឲ្យប៉ះពាល់ដល់រដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ ដែលចែងអំពីសិទ្ធិពលរដ្ឋខ្មែរជាម្ចាស់ប្រទេស។
លោក សូ ចន្ថា៖«ខ្ញុំថាវាប៉ះពាល់ខ្លាំងណាស់ទីមួយរដ្ឋធម្មនុញ្ញ បានចែងយ៉ាងច្បាស់ ថាពលរដ្ឋខ្មែរជាម្ចាស់ប្រទេស ជាម្ចាស់ទឹក ម្ចាស់ដី ជាម្ចាស់វាសនារបស់ប្រទេសកម្ពុជា អញ្ចឹងមានតែពលរដ្ឋខ្មែរដែលមានសញ្ជាតិខ្មែរទេ ដែលអាចសម្រេចវាសនាក្នុងជ្រើសរើសមេដឹកនាំបាន ប៉ុន្ដែបើឲ្យជនបរទេសដែលមិនទាន់ទទួលបានសញ្ជាតិហើយធ្វើការសម្រេចដែរនោះ នេះគឺជាជ្រៀតជ្រែកមួយហើយ»។
ជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា គេសង្កេតឃើញមានច្រើនជាតិសាសន៍ ប៉ុន្ដែជនជាតិវៀតណាម ឬគេហៅថា ជនអន្ដោប្រវេសន៍ មានចំនួនច្រើនជាងគេ ដែលបក្សប្រឆាំងអះអាងក្រៅផ្លូវការថា អាចមានជាង១លាននាក់ តែរដ្ឋាភិបាលអះអាងថា មានជាង១០ម៉ឺននាក់ ៕