en     km
en     km

អង្គការ​សង្គម​ស៊ី​វិល​ ៦០​ អំពាវនាវ​ឲ្យ​ដោះ​លែង​សកម្មជន​បឹង​កក់​ (មានសំឡេង)

Share

ភ្នំពេញ៖ អង្គការ​សង្គម​ស៊ី​វិល​ចំនួន​ ៦០​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ អំពាវនាវ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដោះ​លែង​សកម្មជន​បឹង​កក់​។​

ប្រជាពលរដ្ឋសហគមន៍បឹងកក់បាន​ស្រែក​តវ៉ា​ឲ្យ​ដោះ​លែង​អ្នកស្រី​ ទេព​ វ​ន្នី​ និង​កញ្ញា​ ប៉ូវ​ សោភា
ប្រជាពលរដ្ឋសហគមន៍បឹងកក់បាន​ស្រែក​តវ៉ា​ឲ្យ​ដោះ​លែង​អ្នកស្រី​ ទេព​ វ​ន្នី​ និង​កញ្ញា​ ប៉ូវ​ សោភា

សង្គម​ស៊ី​វិល​ទាំងនេះ​បាន​ហៅ​ការ​ឃុំខ្លួន​អ្នក​បឹង​កក់​គឺជា​ ការ​រំលោភសិទ្ធិ​សេរីភាព​សម្តែង​មតិ​។​ ចំណែក​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ព្រមាន​ពី​ការ​ចាប់ខ្លួន​បន្ថែម​អ្នក​ធ្វើ​យុទ្ធនាការ​«​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​»​ ។​លោក​ ធូ​ វិ​រៈ​ រាយការណ៍​ព័ត៌មាន​នេះ​៖

 

សេចក្ដីថ្លែងការណ៍​របស់​អង្គការ​សង្គម​ស៊ី​វិល​ចំនួន​៦០​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ១៨​សីហា​ គឺ​ មួយ​ថ្ងៃ​បន្ទាប់​ពី​តុលាការ​រាជធានី​ភ្នំពេញ​ បញ្ជា​ឱ្យ​នាំ​ខ្លួន​លោកស្រី​ ទេព​ វ​ន្នី​ និង​អ្នកស្រី​ ប៊ូ​វ​ សោភា​ ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ ដោយ​ជាប់ចោទ​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ តាម​បញ្ញត្តិ​មាត្រា​ ៤៩៥​ នៃ​ក្រមព្រហ្មទណ្ឌ​ ដោយ​រង​ចាំ​សវនាការ​ជំនុំជម្រះ​ នៅ​ថ្ងៃ​ទី​ ២២​ខែសីហា​ខាង​មុខ​។​

​ការ​ចោទប្រកាន់​នេះ​ បន្ទាប់​ពី​សហគមន៍​ស្ត្រី​បឹង​កក់​បាន​ធ្វើ​យុទ្ធនាការ​ «​ថ្ងៃ​ចន្ទ​ព​ណ៍​ខ្មៅ​»​ ក្នុង​ស​ប្តា​ហ៍​ ទី​១៥​ ទាមទារ​ឱ្យ​ដោះ​លែង​មន្ត្រី​អា​ដ​ហុ​ក​ ចំនួន​៤​រូប​ និង​មន្ត្រី​គ​.​ជ​.​ប​ ១​រូប​។​ រួម​ទាំង​ ទាមទារ​ រក​យុត្តិធម៌​ពី​ករណី​ឃាតកម្ម​លើ​ លោក​បណ្ឌិត​ កែម​ ឡី​ អ្នកវិភាគ​ឯករាជ្យ​។​

​អង្គការ​សង្គម​ស៊ី​វិល​ បាន​ចាត់​ទុក​ការ​ឃុំខ្លួន​សកម្មជន​បឹង​កក់​ទាំង​ពីរ​នាក់​នេះ​ គឺជា​ការ​រំលោភសិទ្ធិ​មនុស្ស​ និង​សិទ្ធិ​សេរីភាព​សម្តែង​មតិ​របស់​ប្រជាពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ​។​

​អ្នកស្រី​ ណា​លី​ ពី​ឡូ​ក​ នាយករង​ផ្នែក​តស៊ូ​មតិ​នៃ​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​លី​កាដូ​ មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា​ រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​លើក​ស្ទួយ​ការ​បញ្ចេញមតិ​ដោយ​អហិង្សា​សង្គម​ប្រជាធិបតេយ្យ​នោះ​ទេ​។​

​អ្នកស្រី​ ណា​លី​ ពី​ឡូ​ក​៖​ «​សំណុំរឿង​នេះ​ បង្ហាញ​សារ​ជា​ថ្មី​ថា​ រដ្ឋាភិបាល​មិន​មាន​ចេតនា​ក្នុង​ការ​លើក​ស្ទួយ​ការ​បញ្ចេញមតិ​ដោយ​អហិង្សា​ក្នុង​សង្គម​ប្រជាធិបតេយ្យ​។​ ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ទាំងនេះ​ គឺជា​ការ​បង្ក្រាប​ជា​បន្តបន្ទាប់​ ទៅ​លើ​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ទទួល​ការ​គំរាមកំហែង​ហើយ​ ប៉ុន្តែ​នៅ​តែ​មិន​ទាន់​ព្រម​បញ្ឈប់​សកម្មភាព​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ​»​។​

​សេចក្តីថ្លែងការណ៍​ដដែល​បាន​បន្ថែម​ថា​ ចោទប្រកាន់​លើ​ស្ត្រី​សហគមន៍​បឹង​កក់​ទាំង​២​រូប​នេះ​ មិន​បាន​ធ្វើ​តាម​នីតិវិធី​ក្នុង​ការ​ស៊ើបអង្កេត​តាម​ផ្លូវ​តុលាការ​ ឱ្យ​បាន​គ្រប់គ្រាន់​នោះ​ទេ​។​

​សេចក្តីថ្លែងការណ៍​បន្ថែម​ថា​ តុលាការ​ដែល​បង្គាប់​ឲ្យ​មានការ​ជំនុំជម្រះ​ភ្លាមៗ​ គឺជា​ការ​រំលោភ​ទៅ​នឹង​សិទ្ធិ​ក្នុង​ការ​ជំនុំជម្រះ​ដោយ​ស្មើភាព​គ្នា​ យោង​តាម​ច្បាប់​ជាតិ​ និង​អន្តរជាតិ​ ដែល​រារាំង​ក្រុម​មេធាវី​ការពារ​មិន​ឲ្យ​មាន​ពេល​គ្រប់គ្រាន់​ ក្នុង​ការ​ការពារ​កូនក្ដី​។​

​លោក​ អៀង​ វុ​ទ្ធី​ នាយក​អង្គការ​សមធម៌​កម្ពុជា​ បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​នេះ​ថា​ បទបញ្ញត្តិ​នៃ​ការ​ឃុំខ្លួន​នេះ​ គឺ​មិន​មាន​ភាព​ចាំបាច់​ និង​មិន​ទាន់​បាន​បង្ហាញ​ពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​យុត្តិធម៌​ឲ្យ​បាន​ត្រឹមត្រូវ​គឺ​ ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ចូលរួម​ផ្នែក​នយោបាយ​។​

​លោក​ អៀង​ វុ​ទ្ធី​ ៖​ «​វា​ជា​រឿង​ចំឡែក​មួយ​ ដែល​អ្នក​ការពារ​សិទ្ធិ​មនុស្ស​អាច​ត្រូវ​បាន​ចាប់ខ្លួន​ ព្រោះតែ​ការ​តវ៉ា​ជំទាស់​ទៅ​នឹង​ការ​ចាប់ខ្លួន​មិន​ត្រឹមត្រូវ​នៃ​អ្នក​ ការពារ​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត​»​។​

​ឱ្យ​មាន​តែ​ក្រុម​ណា​ ចូលរួម​យុទ្ធនាការ​ ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ គឺ​ត្រូវ​ចាប់ខ្លួន​។​ នេះ​ជា​ការ​បញ្ជាក់​ ពី​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​ លោក​ ផៃ​ ស៊ី​ផា​ន​។​

អ្នកនាំពាក្យ​ទីស្ដីការគណរដ្ឋមន្ដ្រី​ លោក ផៃ សីុផាន
អ្នកនាំពាក្យ​ទីស្ដីការគណរដ្ឋមន្ដ្រី​ លោក ផៃ សីុផាន

លោក​បាន​មាន​ប្រសាសន៍​ថា​ លោក​មិន​ចាប់អារម្មណ៍​ទៅ​និង​សេចក្តីថ្លែងការណ៍​របស់​អង្គការ​សង្គម​ស៊ី​វិល​នោះ​ឡើយ​។​ ប៉ុន្តែ​អ្នកនាំពាក្យ​រដ្ឋាភិបាល​រូប​នេះ​ បាន​ព្រមាន​ពី​ការ​ចាប់ខ្លួន​អ្នក​ធ្វើ​យុទ្ធនាការ​ ថ្ងៃ​ចន្ទ​ព័ណ៌​ខ្មៅ​ បន្ថែម​ទៀត​។

​លោក​ ផៃ​ ស៊ី​ផា​ន​៖«​ចាប់​ទៀត​ បរទេស​បណ្តេញចេញ​ ឥឡូវ​ជួនកាល​ទៅ​ចាប់​ឃាត់​ ដើម្បី​ធ្វើ​កិច្ចសន្យា​ ហើយ​នៅ​ធ្វើ​ត​ទៀត​គឺ​ យើង​អនុវត្តន៍​តាម​ច្បាប់​ ហើយ​អាច​ប៉ះពាល់​ដល់​អង្គការ​មួយ​ចំនួន​ទៀត​ ដែល​ជា​ខ្សែរយៈ​របស់​ពួក​គេ​»​។​

​សេចក្ដីថ្លែងការណ៍​របស់​អង្គការ​សង្គម​ស៊ី​វិល​ចំនួន​៦០​នេះ​បញ្ជាក់​ថា​ គិត​ចាប់ពី​ខែឧសភា​ មក​ កងកម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នក​តវ៉ា​ក្នុង​យុទ្ធនាការ​អហិង្សា​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ យ៉ាងតិច​ ៣៦​លើក​ក្នុង​ចំណោម​មនុស្ស​ប្រមាណ​២០​នាក់​៕

Share

ព័ត៌មានទាក់ទង

Image