ភ្នំពេញ៖ នាយករដ្ឋមន្ដ្រីថៃប្រាយុទ្ធចាន់អូចា ប្ដេជ្ញាថា លោកនឹងពិចារណាការបន្ដតំណែងជានាយករដ្ឋមន្ដ្រីនៅពេលក្រោយទៀត ប្រសិនបើព្រះរាជាណាចក្រនេះ គ្មានជម្រើសរើសរដ្ឋមន្ដ្រីផ្សេងមក បន្ដ។
តាមបណ្តាញផ្សាយព័ត៌មាន Chanel News Asia នេះជាលើកដំបូងហើយដែលលោក ប្រាយុទ្ធ បានបង្ហាញជំហរដូចនេះ បន្ទាប់ពីរាជាណាចក្រថៃ បានឆ្លងកាត់ការបោះឆ្នោតប្រជាមតិ កាលពីថ្ងៃទី១៤សីហា។
កាលពីដើមសប្ដាហ៍នេះ ឧត្ដមសេនីយ៍ប្រាយុទ្ធចាន់អូចា បានអំពាវនាវអោយពលរដ្ឋថៃ បញ្ឈប់ការខ្វែងគំនិតគ្នាលើរដ្ឋធម្មនុញ្ញ ហើយត្រូវធ្វើដំណើរឆ្ពោះទៅរកបរិបទថ្មី ពីការបោះឆ្នោតសភា នៅឆ្នាំ២០១៧។
លោកឧត្ដមសេនីយ៍បានទទូចថា ការគ្រប់គ្រងអំណាចរបស់លោក គឺដើម្បីម្យ៉ាងគត់ ស្ថេរភាព សន្ដិសុខនៃរាជាណាចក្រថៃ។ ទោះជាយ៉ាងនេះក្ដី ការថ្លែងរបស់លោកឧត្ដមសេនីយ៍ ចាន់ប្រាយុទ្ធ ដែលបច្ចុប្បន្នជានាយករដ្ឋមន្ដ្រីថៃ កើតចេញពីរដ្ឋប្រហារ ខែឧសភា២០១៤ ធ្វើឡើងស្របពេលដែល គណបក្សធំៗនៅក្នុងប្រទេសថៃមួយចំនួន ជាពិសេសគឺគណបក្សរបស់អតីតរបស់នាយករដ្ឋមន្ដ្រីអភិស៊ិត វេចាជីវ៉ា បានប្រកាសទទួលស្គាល់លទ្ធផលនៃការធ្វើប្រជាមតិ ឬរដ្ឋធម្មនុញ្ញ ខណៈដែលអតីតនាយករដ្ឋមន្ដ្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ព្រមានថាការបោះឆ្នោតឆ្នាំ ២០១៧ និងមិនឆ្លុះបញ្ចាំងឆន្ទះពិតៗរបស់ពលរដ្ឋថៃនោះទេ ដោយសារតែរដ្ឋធម្មនុញ្ញថ្មីនេះ ដែលពួកយោធារៀបរៀងឡើង មានចរិកលក្ខណៈរឹតត្បិតយ៉ាងខ្លាំងលើសិទ្ធិសេរីភាពរបស់ពលរដ្ឋថៃ ៕