ភ្នំពេញ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងថាបើព្រះសង្ឃនិមន្តចូលរួមសង្កេតការណ៍បោះឆ្នោតអាចប៉ះពាល់ដល់កិត្តិយសព្រះសង្ឃ។
លោក ស៊ិក ប៊ុនហុក ថ្លែងបែបនេះធ្វើឡើងនៅក្នុងកម្មវិធី ប្រកាសដាក់ជាផ្លូវការ ការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រឆ្នាំ២០១៦ ដែលមានកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប និងប្រទេសជប៉ុន កាលរសៀលថ្ងៃព្រហស្បតិ៍ ទី១៨សីហា ឆ្នាំ២០១៦ នៅសណ្ឋាគារអ៊ីមភើរៀល។
តែ ព្រះតេជគុណ លួន សុវ៉ាត ជាសកម្មជនសង្ឃដើម្បីសិទ្ធិមនុស្ស ចាត់ទុកការយល់ឃើញរបស់ប្រធានគ.ជ.ប ថាមិនត្រឹមត្រូវ។ ចំណែកអ្នកវិភាគថាគេចាត់ទុកព្រះសង្ឃថាជាពលរដ្ឋផងដែរ។ កញ្ញា ឆេង ណាតា ជូនសេចក្ដីរាយការណ៍៖
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរូបនេះ មានប្រសាសន៍ថាបើព្រះសង្ឃចូលរួមសង្កេតការណ៍ នឹងជៀសមិនផុតឡើយ ពីការមិនខុសឆ្គងនោះទេ ដូច្នេះនឹងមានការអនុវត្ត តាមច្បាប់ដែលមានចែងសម្រាប់អ្នកសង្កេតការណ៍ ដោយមិនលើកលែងចំពោះបុគ្គលណាម្នាក់ឡើយ។
លោកបន្តថា កន្លងមកមិនដែលមានព្រះសង្ឃចូលរួមសង្កេតការណ៍បោះឆ្នោតនោះទេ បើជៀសវាងបាន ព្រះសង្ឃមិនគួរចូលរួមសង្កេតការណ៍ឡើយ។
លោក ស៊ិក ប៊ុនហុក មានប្រសាសន៍បន្ថែម៖«ហ៊ានតែលំអៀង ហ៊ានតែអន្តរាគមន៍តែផ្តេសតែផ្តាស ពិន័យអាលូវហ្នឹង។ ហើយថាតើគប្បីទេ ដែលគួរចលនាឱ្យព្រះសង្ឃឱ្យទៅធ្វើអ្នកសង្កេតការណ៍ ស្ថិតនៅចំពោះមុខអាចមានបទល្មើសកើតឡើងពីការធ្វើសង្កេតការណ៍ របស់ខ្លួន។ ព្រះសង្ឃជាទីគោរព របស់ប្រជាពលរដ្ឋខ្មែរទូទៅ ម៉េចក៏ឱ្យទៅធ្វើសង្កេតការណ៍ ដែលអាចលំអៀង ហើយបើលំអៀងអាចមានទោស វាមិនងាប់ខាងអ៊ុំត្រូវចាប់ផ្សឹក ចាប់អីអន្តរធានទៀតហើយ ហើយស្មានតែស្រួលណាស់ទៅ»។
តែផ្ទួយពីនេះ សម្រាប់ព្រះតេជគុណ លួន សុវ៉ាត មានសង្ឃដីកាថា ព្រះសង្ឃគឺជាបុគ្គលមួយរូបដែល តំណាងឱ្យយុត្តិធម៌ សច្ចៈធម៌ និងឯករាជ្យភាពគឺអាចឱ្យសាធារណជនជឿទុកចិត្តបាន។
ព្រះអង្គបន្តថាការដែល គ.ជ.ប មិនគាំទ្រឱ្យព្រះសង្ឃចូលរួមសង្កេតការណ៍បោះឆ្នោតមានហាក់ដូចប្រាសចាកនឹងប្រធានបទ និងចង់ទាត់ព្រះសង្ឃចោលក្រៅសង្គមព្រោះ ព្រះសង្ឃក៏មានតួនាទី និងកាតព្វកិច្ច ចូលរួមក្នុងកិច្ចការងារសង្គមផងដែរ ជាពិសេសចូលរួមក្នុងកិច្ចការទាក់ទងនឹងសិទ្ធមនុស្ស យុត្តិធម៌ និងរឿងបោះឆ្នោត។
ព្រះអង្គ លួន សុវ៉ាត ៖«អញ្ចឹងអាត្មាមិនឯកភាពតាមទេ និយាយឱ្យត្រង់តែម្តងអាត្មាលើកទឹកចិត្តឱ្យព្រះសង្ឃចូល។ បើនិយាយឱ្យមែនទែនទៅវិញ បើ គ.ជ.ប ឱ្យព្រះសង្ឃគ្រប់គ្រងរឹតតែល្អ។ ឱ្យព្រះសង្ឃអ្នកតំណាងជាប្រធាន ជាអ្នកដឹកនាំនៃការបោះឆ្នោតរឹតតែប្រសើរ ពីព្រោះព្រះសង្ឃមិនបានប្រកាន់បក្ខពួកនយោបាយណាមួយទេ។ លោកឈរជាឯករាជ្យ ជាអព្យាក្រឹត្យ ហើយបើយើងក្រលេកមើលសមាសភាពក្នុងគ.ជ.ប តាំងពីលើដល់ក្រោមសុទ្ធតែជាអ្នកនយោបាយ»។
ចំណែកលោក មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម បានគាំទ្រឱ្យព្រះសង្ឃបានចូលរួមសង្កេតការណ៍បោះឆ្នោត ដូចប្រជាពលរដ្ឋធម្មតាដែរ។ លោកថា ព្រះសង្ឃក៏ជាពលរដ្ឋខ្មែរម្នាក់ដែលអាចមានសិទ្ធិបោះឆ្នោត។ លោកថា ការដែលព្រះសង្ឃចូលរួមសង្កេតការណ៍គឺជាការល្អ និងគ្មានបញ្ហាអ្វីនោះទេ។
លោកមានប្រសាសន៍បន្ថែមថា៖ «បើយើងមើលទាក់ទងទៅនឹងឯករាជ្យរបស់ព្រះសង្ឃ ឬក៏ភាពស្មោះត្រង់របស់ព្រះសង្ឃ ដែលជាទ្រឹស្តី គុណតម្លៃធំមួយរបស់ព្រះពុទ្ធសាសនា ខ្ញុំគិតថា ប្រសិនជាព្រះសង្ឃអាចរៀចំជាបណ្តាញ សម្រាប់ធ្វើការសង្កេតការណ៍ ក៏ល្អដែរក្នុងនាមជាពលរដ្ឋ។…ជាទូទៅដូចជាគ្មានរឿងអី ប៉ុន្តែមិនដឹងថាតើខាង គ.ជ.ប ហ្នឹងមានគំនិតយ៉ាងម៉េចហាក់ដូចជាមានបំណងមករិតបន្តឹងក្រុមសង្កេតការណ៍»។
នៅក្នុងការបោះឆ្នោតសភា អាណត្តិទី៥ កាលពីឆ្នាំ២០១៥ គេសង្កេតឃើញ ព្រះសង្ឃ នៅទូទាំងប្រទេស មានសកម្មភាពយ៉ាងខ្លាំង ក្នុងវិស័យនយោបាយ ដោយបាននិមន្តទៅ បោះឆ្នោត សង្កេតការណ៍ បោះឆ្នោត និងខ្លះទៀតចូលរួមមហាប្រជុំ ជាមួយគណបក្សសង្គ្រោះជាតិ ដឹកនាំដោយ លោក សម រង្ស៊ី និងលោក កឹម សុខា៕