en     km
en     km

រដ្ឋ​​មន្ត្រី​​ក្រសួង​អប់រំ​ មាន​ប្រសាសន៏​ថា ធន​ធាន​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ការ​ងារ

Share

ភ្នំ​​ពេញ​​៖ ​«ធន​​ធាន​​មនុស្ស​​ក្នុង​​ប្រទេស​​កម្ពុជា មិន​​ទាន់​​ឆ្លើយ​​តប​​ទៅ​​នឹង​​តម្រូវ​​ការ​​ការ​​ងារ​​នៅ​​ឡើយ​​ទេ​​ក្នុង​​ពេល​​បច្ចុប្បន្ន ដោយ​​សារ​​តែសិស្ស​ និស្សិត ដែល​​បាន​​បញ្ចប់​​ការ​​សិក្សា​​ពី​​សាកល​​វិទ្យា​ល័យ​​រាប់​​ម៉ឺន​​នាក់ ពុំ​​សូវ​​មាន​​សមត្ថភាព និង គុណ​​ភាព​។​ ម៉្យាង​​វិញ​​ទៀត នៅ​​តាម​​បណ្តា​​អង្គ​ភាព ឬ​​ស្ថាប័ន​​នា​​នា​​នៅ​​ខ្វះ​​បុគ្គលិក​​ធ្វើ​​ការ​​នៅ​​ឡើយ​​»។​ នេះ​​ជា​​ការ​​លើក​​ឡើង​​របស់ ឯក​​​ឧត្តម​​​​បណ្ឌិត​ហង់ ​ជួន​ណា​រ៉ុន​ រដ្ឋ​​មន្ត្រី​​ក្រសួង​​អប់​រំ​យុវជន​​និង​​កីឡា កាល​ពី​សៀល​​ថ្ងៃ​ទី​ ២០​ ខែ​​កក្កដា​ នៅ​​​មជ្ឈ​​មណ្ឌល​​សហ​​ប្រតិបត្តិ​​ការ​​កម្ពុជា​​ជប៉ុន (CJCC) ក្នុង​​កម្ម​​វិធី​​សម្ភោធ​ «​​សមា​គម​​ធន​​ធាន​​មនុស្ស​កម្ពុជា​»។

1-edited

​ដើម្បី​ឆ្លើយ​តប​តាម​តម្រូវ​ការ​ការ​ងារ​នា​ពេល​បច្ចុប្បន្ន​និង​ដើរ​ឲ្យ​ទាន់​សមា​ហរណ​កម្ម​សេដ្ឋ​កិច្ចអាស៊ាន​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ​ក្រសួង​អប់​រំ​កំពុង​តែ​ពង្រឹង​​វិស័យ​អប់រំ និង​លើក​ទឹក​ចិត្ត​ឲ្យ​សិស្សា​នុ​សិស្ស និស្សិត​សិក្សា​មុខ​ជំនាញ​ដែល​ខ្លួន​ពេញ​ចិត្ត​ ជា​ពិសេស​ចេះ​សម្រប​ខ្លួន​តាម​បរិយាកាស​ការ​ងារ​។ ទាក់​ទិន​នឹង​បញ្ហា​នេះ​ដែរ លោក​បណ្ឌិតហង្ស ជូនណារ៉ុន បាន​បញ្ជាក់​ប្រាប់​ផង​ដែរ​ថា​ ​ សិស្ស​ និស្សិត ​ដែល​​បាន​​​បញ្ចប់​​ការ​​សិក្សា មិន​មែន​សុទ្ធតែ​ទទួល​បាន​ការ​ងារ​ធ្វើ​នោះ​ទេ ព្រោះ​ពួក​គេ​ទាំង​នោះ​មិន​បាន​ពង្រឹង​សមត្ថភាព ​ចំណេះ​ដឹង​ និង​ជំនាញ​​ខ្លួន​ឯង​ក្នុង​ពេល​កំពុង​សិក្សា។ មួយ​វិញ​ទៀត ​គុណ​​ភាព​​នៃ​​ការ​​អប់​​រំក៏​​​នៅ​​​មាន​​​កម្រិត​​​។

​រដ្ឋ​​មន្ត្រី​​ក្រសួង​​អប់​​រំ​​រូប​​នេះ ក៏​បាន​សង្កត់​ធ្ងន់​ទៀត​ថា« រៀន​យ៉ាង​តិច បាន​សញ្ញាប័ត្រ​ជាន់​ខ្ពស់ ហើយ​ត្រូវ​រៀន ឲ្យ​បាន​បី​ទៅ​ប្រាំ​ឆ្នាំ​ទៀត​ ដើម្បី​អាច​យល់​ពី​ការ​ងារ ហើយ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​នៃ​ការ​ងារ។ មាន​​សញ្ញា​ប័ត្រ​​ហើយ មិន​ប្រាកដ​​ថា មាន​​ការ​​ងារ​​ទេ ព្រោះ​​ទាម​​ទារ​​ឲ្យ​​មាន​​ការ​​ប្តេជ្ញា​ចិត្ត​។ ប្រសិន​បើ​អ្នក​ហ្នឹង ខំ​ប្រឹង ធ្វើ​ការ រៀន​សូត្រ ដោយ​ពុំ​ចាំ​បាច់​មាន​សញ្ញា​ប័ត្រ​ពី​ក្រៅ​ប្រទេស គេ​ក៏​អាច​ធ្វើ​បាន​ដែរ ប៉ុន្តែ​ គាត់​ត្រូវ​តែ​រៀន​រហូត រៀន​ពី​ការ​ងារ​»។

2-edited
រូបភាព៖ ហ្វេស ប៊ុក HRAC

កញ្ញា​ សយ​ ឆេង​ហួង ជា​​​និសិ្សត​​ដែល​​កំពុង​​សិក្សា​​ថ្នាក់​​បរិញា​​បត្រ​​​ផ្នែក​​សេដ្ឋ​កិច្ច​​ឆ្នាំ​​ទី​ ២ ​នៃ​​សាកល​​វិទ្យា​​ល័យ ​​បញ្ញា​សាស្រ្ត បាន​បា្រប់​មណ្ឌល​ព័ត៌​ស្រ្តី​កម្ពុជា​ថា បច្ចុប្បន្ន​និស្សិត​មួយ​ចំនួន​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគ​ជ័យ​ ប៉ុន្តែ​និស្សិត​មួយ​ចំនួន​នៅ​តែ​ពុំ​អាច​ស្វែង​រក​ការ​ងារ​ធ្វើ​បាន ព្រោះ​ពួក​គេ​ពុំ​មាន​សមត្ថភាព​គ្រប់​គ្រាន់ ដើម្បី​បំពេញ​ការ​ងារ​ឡើយ​។
បច្ចុប្បន្ន​នេះ​​កញ្ញា​ ឆេងហួង ​កំពុង​​​តែ​​​ពង្រឹង​​សមត្ថ​ភាព​​របស់​​ខ្លួន​​​តាម​​​រយៈ​​ ការ​​​រៀន​​ភាសា​​បរទេស​និង​​វគ្គ​​សិក្សា​​ជំនាញ​​ខ្លីៗ បន្ថែម​​​​​ដើម្បី​​​ងាយ​​ស្រួល​​រក​ការ​​ងារ​​ធ្វើ​​នៅ​​ថ្ងៃ​​អនាគត​​។

ដូច​គ្នា​នេះ​​ដែរ ​លោក ​ឆាន ​សំណាង ជា​និសិ្សត​ទើប​​​​បញ្ចប់​​​ការ​​សិក្សា​​ផ្នែក​​​គ្រប់​​គ្រង​​នៃ​​សាកល​​វិទ្យា​​ល័យ​​មេគង្គ​​កម្ពុជា​​បាន​​លើក​​ឡើង​​ថា​ ​សមត្ថ​ភាព ​ជា​រឿង​​សំខាន់​​​ណាស់​​សម្រាប់​​និស្សិត​​គ្រប់​​​រូប​​​។ ជាក់​​ស្តែង បន្ទាប់​​ពី​​លោក​​​បញ្ចប់​​ការ​​សិក្សា​​ភ្លាម​ ​លោក​​ក៏​​ទទួល​​បាន​​ការ​​ងារ​​ធ្វើ​ភ្លាម​ ប៉ុន្តែ​​ដោយ​​សមត្ថ​ភាព​​នៅ​​មាន​​កម្រិត​​ ​លោក​​ពិបាក​​នឹង​​ធ្វើ​​ការ​​ទាំង​នោះ​យ៉ាង​ខ្លាំង​។​ ដូច្នេះ​ លោក​បាន​ជំរុញ​​និង​​លើក​​ទឹក​​ចិត្ត​​ដល់​​សិស្ស​ និស្សិត​ ដែល​​កំពុង​​សិក្សា​​​នៅ​​តាម​​សាកល​​វិទ្យា​​ល័យ​ ឱ្យ​​ខិត​​ខំ​​ព្យា​យាម​​​ពង្រឹង​​សមត្ថ​ភាព​​របស់​​ខ្លួន​​កាន់​​តែ​​ប្រសើរ​បន្ថែម​​ទៀត​​ ដើ​ម្បី​​សម​​ស្រប​​​តាម​​តម្រូវ​ការ​​ទី​ផ្សារ​​ការ​ងារ​នា​ពេល​​បច្ចុប្បន្ន​​នេះ​​៕

Share

Image
Image
Image