en     km
en     km

CNRP​ ប្រកាស​ទប់ស្កាត់​ជនបរទេស​ដែល​បន្លំ​ធ្វើ​ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ដើម្បី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​

Share

ភ្នំពេញ៖ គណបក្ស​សង្គ្រោះ​ជាតិ​ ប្រកាស​ដាក់​យុទ្ធសាស្ត្រ​ ៤​ចំនុច​ ដើម្បី​ទប់ស្កាត់​ជនបរទេស​ ដែល​ បន្លំ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដើម្បី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ នៅ​ថ្ងៃ​ទី​១កញ្ញា​ ខាង​មុខ​នេះ​។​

cnrp-electionបក្ស​ប្រឆាំង​អះអាង​ថា​ យុទ្ធសាស្ត្រ​ទាំង​៤​នេះ​ជា​ផ្នែក​មួយ​ នៃ​ការ​ពង្រឹង​ការ​បោះ​ឆ្នោត​ និង​ដំណើរការ​បោះ​ឆ្នោត​កាន់តែ​ប្រសើរ​។​

​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ផ្សព្វផ្សាយ​ ជា​សាធារណៈ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩​សីហា​នេះ​ គណបក្ស​បាន​ដាក់​យុទ្ធសាស្ដ្រ​៤​ចំនុច​ដែល​មាន​ខ្លឹមសារ​ដូច​ខាងក្រោម​៖

១.​ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ស្នើ​ទៅ​ក្រសួងយុត្ដិធម៌​ ឱ្យ​ផ្ដល់​នូវ​បញ្ជី​ឈ្មោះ​ជនបរទេស​ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ តាម​រយៈ​សញ្ជាតិ​តូប​នី​យ​កម្ម​ ត្រឹមត្រូវ​តាម​ច្បាប់​។​
២.​គណបក្ស​ នឹង​ស្នើ​ទៅ​ក្រសួងមហាផ្ទៃ​ ដើម្បី​ស្រាវជ្រាវ​និង​ចាត់វិធានការ​ចំពោះ​ការ​ ផ្ដល់​អត្ដសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ដោយ​ខុស​នីតិវិធី​ច្បាប់​។​ គណបក្សប្រឆាំង​នេះ​ នឹង​ចូលរួម​សហការ​ជាមួយនឹង​ក្រសួងមហាផ្ទៃ​ ក្នុង​ការ​ផ្ដល់​ឈ្មោះ​ជនបរទេស​ដែល​ទទួល​បាន​ អត្ដសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដោយ​ខុសច្បាប់​។​
៣.​គណបក្សប្រឆាំង​ធំ​នេះ​ ឱ្យ​ដឹង​ថា​ នឹង​ពឹងពាក់​មេធាវី​ដើម្បី​រៀបចំ​ពាក្យបណ្ដឹង​ប្ដឹង​ជនបរទេស​ដែល​ប្រើប្រាស់​អត្ដសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ដោយ​ខុសច្បាប់​ ទៅ​ចុះ​ឈ្មោះ​បោះ​ ឆ្នោត​ ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ និង​ទៅ​តុលាការ​ និង​
​ទី​៤.​ គណបក្ស​នេះ​ អះអាង​ថា​ នឹង​រៀបចំ​ភ្នាក់ងារ​សង្កេតការណ៍​តាម​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដើម្បី​ពិនិត្យ​ឃ្លាំមើល​ ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ហើយ​និង​ប្ដឹង​ជំទាស់​ ប្ដឹង​តវ៉ា​ នូវ​ភាព​មិន​ប្រក្រតី​ទាំងឡាយ​ រួម​ទាំង​ជនបរទេស​ដែល​ប្រើប្រាស់​អត្ដសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ខុសច្បាប់​ យក​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​

​ឆ្លើយ​តប​និង​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ លោក​ឧត្ដមសេនីយ៍​ ខៀវ​ សុភ័គ​ បាន​ស្វាគមន៍​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​មាន​បំណង​សហការ​ដូចនេះ​ ប៉ុន្ដែ​លោក​ថា​ គេ​មិន​ត្រូវ​បិទ​សិទ្ធិ​បែប​រើសអើង​នោះ​ទេ​។​

​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ដូចនេះ​ ហើយ​ដាក់ចុះ​នូវ​ផែនការ​ដូចនេះ​ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្សប្រឆាំង​ធំ​មួយ​នេះ​ កាលពី​ថ្ងៃ​ទី​១៨​សីហា​ បាន​បើក​សិក្ខាសាលា​ ដោយ​មាន​អ្នកជំនាញ​ច្បាប់​មក​បកស្រាយ​អំពី​ច្បាប់​ស្ដី​ពី​សញ្ជាតិ​ និង​ច្បាប់​អន្តោប្រវេសន៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ជនបរទេស​ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ គេ​សង្កេត​ឃើញ​មាន​ច្រើន​ជាតិ​សាសន៍​ ប៉ុន្ដែ​ជនជាតិ​វៀតណាម​ ឬ​គេ​ហៅ​ថា​ ជនអន្តោប្រវេសន៍​មាន​ចំនួន​ច្រើន​ជាងគេ​ ដែល​បក្ស​ប្រឆាំង​អះអាង​ក្រៅផ្លូវការ​ថា​ អាច​មាន​១​លាន​នាក់​ តែ​រដ្ឋាភិបាល​អះអាង​ថា​ មាន​ជាង​១០​ម៉ឺន​នាក់​៕

Share

Image
Image
Image