en     km
en     km

អ្នកវិភាគ​ និង​ អ្នក​ច្បាប់​៖​ ការ​ឃុំខ្លួន​ស្ត្រី​បឹង​កក់​២​រូប​ជា​ការ​បំបិទ​សេរីភាព​ នៃ​ការ​បញ្ចេញមតិ​របស់​ពលរដ្ឋ​

Share

ភ្នំពេញ៖ អ្នកវិភាគ​និង​អ្នក​ច្បាប់​ បាន​លើក​ទ្បើ​ង​ថា​ ការ​សម្រេច​ឃុំខ្លួន​ស្ត្រី​បឹង​កក់​២​រូប​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ គឺជា​ការ​គំរាមកំហែង​ និង​បំបិទ​សេរីភាព​ ការ​បញ្ចេញមតិ​ នៃ​ការ​ប្រមូលផ្តុំ​របស់​ប្រជាពលរដ្ឋ​។​

សកម្មជនថ្ងៃចន្ទពណ៌ខ្មៅអ្នកស្រី ទេព វន្នី និងអ្នកស្រី ប៊ូវ សោភា ។
សកម្មជនថ្ងៃចន្ទពណ៌ខ្មៅអ្នកស្រី ទេព វន្នី និងអ្នកស្រី ប៊ូវ សោភា ។

ការ​លើក​ទ្បើ​ង​ដូចនេះ​បន្ទាប់​ពី​ស្ត្រី​បឹង​កក់​គឺ​អ្នកស្រី​ ទេព​ វ​ន្នី​ និង​អ្នកស្រី​ ប៊ូ​វ​ សោភា​ ត្រូវ​បាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​ ដែល​ជាប់ចោទ​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​។​

​នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ លី​ សុ​ផា​ណា​ ប្រាប់​អ្នក​សារព័ត៌មាន​តាម​ប្រព័ន្ធ​តេ​ទ្បេ​ក្រាម​កាលពី​ថ្ងៃ​ទី​ ១៧​ខែសីហា​ ម្សិលមិញ​។​

​សហគមន៍​ស្ត្រី​បឹង​កក់​ដែល​តែងតែ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ព​ណ៍​ខ្មៅ​ ទាមទារ​ឱ្យ​ដោះ​លែង​មន្ត្រី​អា​ដ​ហុ​ក​ ចំនួន​ ៤​រូប​ និង​មន្ត្រី​ គ​.​ជ​.​ប​ ១​រូប​ ត្រូវ​បាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ នៅ​ពន្ធនាគារ​ព្រៃ​ស​ កាលពី​ថ្ងៃ​ទី​ ១៧​ខែសីហា​ ម្សិលមិញ​។​

​ការ​នាំ​ខ្លូ​ន​អ្នកស្រី​ទេព​ វ​ន្នី​ និង​អ្នកស្រី​ ប៊ូ​វ​ សោភា​ ទៅ​ព្រៃ​ស​ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ប៉ូលិស​ ខណ្ឌ​ដូច​ពេញ​ ឃុំខ្លួន​អស់​មួយ​យប់​។​

​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ លី​ សុ​ផា​ណា​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​តាម​ប្រព័ន្ធ​ តេ​ទ្បេ​ក្រាម​ កាលពី​ល្ងាច​ថ្ងៃ​ទី​ ១៧​ខែសីហា​ ម្សិលមិញ​ថា​ ចៅក្រម​ ជំនុំជម្រះ​លោក​ ពេជ្រ​ វិជ្ជាធរ​ បាន​បើក​សវនាការ​ជំនុំជម្រះ​លើ​ជនជាប់ចោទ​ឈ្មោះ​ ទេព​ វ​ន្នី​ និង​ឈ្មោះ​ ប៊ូ​វ​ សោភា​ តាម​នីតិ​វី​ធី​បង្គាប់​អោយ​បង្ហាញខ្លួន​ភ្លាម​ ដោយ​ជាប់ចោទ​ពី​បទ​ ញុះញង់​អោយ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ តាម​បញ្ញត្តិ​មាត្រា​ ៤៩៥​ នៃ​ក្រមព្រហ្មទណ្ឌ​។​

​លោក​ លី​ សុ​ផា​ណា​ បានឱ្យ​ដឹង​ទៀត​ថា​ បន្ទាប់​ពី​ដំណើរការ​សវនាការ​រួច​ ចៅក្រម​ជំនុំជម្រះ​សម្រេច​ឃុំខ្លួន​ជនជាប់ចោទ​ទាំង​២​រូប​ ដើម្បី​បន្ត​សវនាការ​នៅ​ថ្ងៃ​ចន្ទ​ ទី​ ២២​ខែសីហា​ ឆ្នាំ​ ២០១៦​ ពេល​ព្រឹក​ខាង​មុខ​ទៀត​។​

​ការ​សម្រេច​ឃុំខ្លួន​នេះ​ត្រូវ​បាន​ អ្នកវិភាគ​ និង​អ្នក​ច្បាប់​យល់​ឃើញ​ថា​ជា​ការ​រំលោភសិទ្ធិ​មនុស្ស​និង​ការ​បំបិទ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​។​

​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​លោក​ បណ្ឌិត​ មាស​ នី​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ ប្រសិនបើ​តុលាការ​ឯករាជ្យ​នោះ​ ស្រី្ត​បឹង​កក់​នឹង​មិន​អាច​ជាប់​ពី​បទ​ចោទ​នេះ​ទេ​។​ លោក​ មាស​ នី​ បន្ត​ថា​ការ​ឃុំខ្លួន​ស្ត្រី​បឹង​កក់​ទាំង​២​រូប​ ទំនង​មក​ពី​រាជរដ្ឋាភិបាល​មានការ​ព្រួយបារម្ភ​ពី​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ព​ណ៍​ខ្មៅ​ ដែល​ផ្សា​ភ្ជាប់​ការ​ទាមទារ​ឱ្យ​រក​យុ​ត្តិ​ធ​ម៍​ និង​អ្នកបញ្ជា​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ទ្បី​។​

​លោក​ មាស​ នី​ បាន​ចោទ​ជា​សំនួ​រថា​តើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ កន្លង​មកនេះ​មានការ​ចាប់ខ្លួន​មនុស្ស​ជា​ច្រើន​នាក់​ហើយ​ តែងតែ​ត្រូវ​បាន​ដោះ​លែង​ទៅ​វិញ​។​ ចុះ​ហេតុ​អ្វី​បានជា​លើក​នេះ​មិន​ដោះ​លែង​ពួក​គេ​ហើយ​ថែម​ទាំង​ចោទ​ ពួក​គេ​ថា​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ទៅ​វិញ​?​

​លោក​ មាស​ នី​ «​អ្វី​ដែល​យើង​ឆ្ងល់​ហេតុ​អី​ពី​មុនៗ​ គេ​ចាប់​ហើយ​គេ​លែង​វិញ​ប៉ុន្តែ​ម្តងនេះ​គេ​ចាប់​ហើយ​យក​ទៅ​ទុក​គឺ​ដោយសារ​តែ​គេ​ មើលឃើញ​ថា​ពី​មុន​មក​គ្រាន់តែ​ជា​ការ​ពាក់អាវ​ខ្មៅ​ដើម្បី​ធ្វើការ​សុំ​ឱ្យ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស​ បើ​អ​ញ្ចឹ​ង​លក្ខខណ្ឌ​បែប​ហ្នឹង​គឺ​រដ្ឋាភិបាល​មិនសូវ​មានការ​ព្រួយបារម្ភ​នោះ​ទេ​ ក៏​ប៉ុន្តែ​ដោយសារ​តែ​ឥលូវ​នេះ​ពាក់អាវ​ខ្មៅ​ ដូច​ក្រុម​បឹង​កក់​នេះ​គឺ​គាត់​ទាមទារ​ភ្ជាប់​ការ​ដោះ​លែង​សិទ្ធ​មនុស្ស​ផង​ ហើយ​មក​ជាមួយ​ការ​ រក​យុត្តិធម៌​ឱ្យ​លោក​កែម​ ទ្បី​ ផង​ ពាក្យ​ចុង​ក្រោយ​រក​យុត្តិធម៌​លោក​ កែម​ ទ្បី​ នេះ​វា​នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ឈឺក្បាល​១​ជាន់​ទៀត​ ដោយសារ​តែ​ទន្ទឹម​ប្រឈម​ជាមួយនឹង​ ការ​ស្លាប់​របស់​លោក​ កែម​ ទ្បី​ ថ្មីៗ​ ហើយ​មក​ដល់​ពេល​នេះ​កំពុង​ទទួល​រង​ការ​ចោទ​ ប្រកាន់​ពី​មហាជន​ថា​រដ្ឋាភិបាល​មិន​បាន​បំពេញ​ស៊ើបអង្កេត​ឱ្យ​បាន​ម៉តចត់​»​។​

​លោក​ មាស​ នី​ បញ្ជាក់​ដែរ​ថា​ រឿង​នេះ​គឺជា​រឿង​នយោបាយ​ហើយ​ បើ​អ្នកនយោបាយ​មិន​ដោះស្រាយ​ គឺ​ អ្នក​ទទួល​រង​គ្រោះ​គឺជា​ប្រជាពលរដ្ឋ​។​

​លោក​ មាស​ នី​ ៖«​រឿង​នេះ​វា​សុទ្ធតែ​ជា​រឿង​ទាក់ទង​នឹង​នយោបាយ​ អ​ញ្ចឹ​ង​ទេ​បើ​ស្ថាន​ការ​នយោបាយ​នេះ​មិន​អាច​ឈាន​ទៅ​រក​ការ​ផ្សះផ្សា​ជាតិ​ទេ​ គឺ​បើសិន​សត្វ​អង្ក្រង​ទាំង​ពីរ​នៅ​តែ​ខាំ​គ្នា​រាល់ថ្ងៃ​ទេ​ ខ្ញុំ​គិត​ថា​អាច​នឹង​មាន​ដាក់ទោស​ទណ្ឌ​ធ្ងន់​ហើយ​ក៏​នឹង​អាច​មានការ​ចាប់​ជា​បន្តបន្ទាប់​ទៀត​ដែរ​ បើសិនជា​ស្ថាន​ការ​នយោបាយ​នៅ​ក្នុង​ស្ថានភាព​តានតឹង​ដូច​រាល់ថ្ងៃ​»​។​

​ទន្ទឹម​នឹង​ការ​លើក​ទ្បើ​ង​ខាងលើ​នេះ​ដែរ​ មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លី​កាដូ​ លោក​ អំ​ សំអាត​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ដែរ​ថា​ ការ​ចាប់ខ្លួន​ស្ត្រី​បឹង​កក់​នេះ​គឺជា​ការ​គំរាមកំហែង​ និង​បិទ​សេរីភាព​របស់​ប្រជាពលរដ្ឋ​។​

​លោក​ អំ​ សំអាត​ បន្ត​ថា​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​គឺ​គ្រាន់តែ​ជា​ការ​ទាមទារ​ ឱ្យ​មានការ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស​ ទាមទារ​ឱ្យ​ស្វែងរក​យុត្តិធម៌​ ជូន​លោក​បណ្ឌិត​ កែម​ ទ្បី​ ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ប៉ុណ្ណោះ​មិនមែន​ជា​ការ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​នោះ​ទេ​។​

​លោក​ អំ​ សំអាត​ បន្ថែម​ទៀត​ថា​ អាជ្ញាធរ​នៅ​តែ​មានការ​ភ័យ​ខ្លាច​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ បើ​ទោះបីជា​យុទ្ធនាការ​នេះ​គ្រាន់តែ​ជា​ការ​បញ្ចេញមតិ​ក៏​ដោយ​ យ៉ាងណា​ក៏​ដោយ​លោក​ អំ​ សំអាត​ នៅ​តែ​មាន​សង្ឃឹមថា​តុលាការ​នឹង​ដោះ​លែង​ពួក​គេ​ ឱ្យ​មាន​សេរីភាព​ទ្បើ​ង​វិញ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។​

​លោក​ អំ​ សំអាត​៖«​អាជ្ញាធរ​ហាក់បីដូចជា​មានការ​ភ័យ​ខ្លាច​ចំពោះ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ ហើយ​បែរ​ទៅ​ជា​ការ​ចាប់ខ្លួន​ ហើយ​បញ្ជូន​មក​តុលាការ​ដើម្បី​ធ្វើការ​ចោទប្រកាន់​ ធ្វើការ​ឃុំខ្លួន​ ខ្ញុំ​គិត​ថា​នេះ​មិនមែន​ជា​ដំណោះស្រាយ​ល្អ​ទេ​ ផ្ទុយ​ទៅ​វិញ​វា​ធ្វើ​ឱ្យ​បញ្ឆេះ​កំហឹង​ប្រជាពលរដ្ឋ​ហ្នឹង​កាន់តែ​ខ្លាំង​ទៅ​ ហើយ​នាំ​ឱ្យ​មានការ​រិៈ​គន់​ពី​ប្រទេស​ជាតិ​ និង​អន្តជាតិ​មក​លើ​រដ្ឋាភិបាល​យើង​ថា​មិន​បាន​គោរព​គោលការណ៍​សិទ្ធិ​មនុស្ស​ ជា​ពិសេស​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​យើង​សង្ឃឹមថា​តុលាការ​ នឹង​ផ្តល់​ភាព​យុត្តិធម៌​ដល់​គាត់​ហើយ​ នឹង​ដោះ​លែង​គាត់​ឱ្យ​មាន​សេរីភាព​ទ្បើ​ង​វិញ​ »​។​

​ទោះជា​យ៉ាងណា​  វិទ្យុ​ស្ត្រី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល​ទេ​ នៅ​ថ្ងៃនេះ​។​ ប៉ុន្តែ​ យ៉ាងនេះ​ក្ដី​ ទាំង​អ្នកនាំពាក្យ​រដ្ឋាភិបាល​និង​អ្នកនាំពាក្យ​ គណបក្ស​ប្រជាជន​កម្ពុជា​ កំពុង​កាន់​អំណាច​ តែងតែ​បដិសេធ​ការ​ចោទប្រកាន់​ដូច​ ដោយ​អះអាង​ថា​ កម្ពុជា​មិនមែន​ជា​រដ្ឋ​អាក្រក់​រំលោភសិទ្ធិ​មនុស្ស​ អ្វី​ឡើយ​។​

​យោង​តាម​មាត្រា​ ៤៩៥​ ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចែង​ថា​ បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​៖​ អំពើ​ញុះញង់​ដោយ​ផ្ទាល់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ ឬ​ប្រព្រឹត្ត​អំពើ​បង្ក​  ឱ្យ​មាន​ភាព​វិក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ តាម​មធ្យោបាយ​ណាមួយ​ ក្នុង​ចំណោម​មធ្យោបាយ​ដែល​មាន​ចែង​នៅ​ក្នុង​មាត្រា​ ៤៩៤​ លក្ខខណ្ឌ​អត្ថិភាព​នៃ​ការ​ញុះញង់​ នៃ​ក្រម​នេះ​ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៦​ (​ប្រាំមួយ​)​ ខែ​ ទៅ​ ២​ (​ពីរ​)​ ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​ ១.០០០.០០០​ (​មួយ​លាន​)​ រៀល​ ទៅ​ ៤.០០០.០០០​ (​បួន​លាន​)​ រៀល​ ប្រសិនបើ​ការ​ញុះញង់​នេះ​គ្មាន​ប្រសិទ្ធភាព​ទេ​។​

​សូម​ជំរាប​ជូន​ថា​ ស្ត្រី​បឹង​កក់​ចំនួន​ ២​រូប​ ដែល​តុលាការ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​ ទី​០១​ អ្នកស្រី​ ទេព​ វ​ន្នី​ និង​ទី​០២​ គឺ​អ្នកស្រី​ ប៊ូ​វ​ សោភា​។​ ការ​សម្រេច​ឃុំខ្លួន​នេះ​បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌដូនពេញ​ ចាប់​ពួក​គេ​ពី​សហគមន៍​បឹង​កក់​        ខណៈ​ដែល​ពួក​គេ​កំពុង​ប្រារព្ធ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ ពណ៌​ខ្មៅ​ ហើយ​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ បាន​រយៈពេល​១​យប់​ ១​ថ្ងៃ​  រួច​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​បន្ត​ពី​រឿង​នេះ​។​ បន្ទាប់​ពី​សាកសួរ​ស្ត្រី​បឹង​កក់​ចំនួន​២​រូ​បរូច​រាល់​ហើយ​នោះ​ចៅក្រម​ជំនុំជម្រះ​ សាលាដំបូង​រាជធានី​ភ្នំពេញ​ ឈ្មោះ​ ពេជ្រ​ វិជ្ជាធរ​ បាន​សម្រេច​ឃុំខ្លួន​ជនជាប់ចោទ​ ទាំង​២​រូប​ គឺ​អ្នកស្រី​ ទេព​ វ​ន្នី​ និង​អ្នកស្រី​ ប៊ូ​វ​ សោភា​ ដោយ​រង់ចាំ​បន្ត​សវនាការ​នៅ​ថ្ងៃ​ទី​ ចន្ទ​ទី​២២​ ខែសីហា​ ខាង​មុខ​នេះ​បន្ត​ទៀត​៕

Share

Image
Image
Image