ភ្នំពេញ៖ អ្នកវិភាគនិងអ្នកច្បាប់ បានលើកទ្បើងថា ការសម្រេចឃុំខ្លួនស្ត្រីបឹងកក់២រូបពាក់ព័ន្ធនឹងយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ គឺជាការគំរាមកំហែង និងបំបិទសេរីភាព ការបញ្ចេញមតិ នៃការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋ។
ការលើកទ្បើងដូចនេះបន្ទាប់ពីស្ត្រីបឹងកក់គឺអ្នកស្រី ទេព វន្នី និងអ្នកស្រី ប៊ូវ សោភា ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ដែលជាប់ចោទពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
នេះបើយោងតាមអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធតេទ្បេក្រាមកាលពីថ្ងៃទី ១៧ខែសីហា ម្សិលមិញ។
សហគមន៍ស្ត្រីបឹងកក់ដែលតែងតែធ្វើយុទ្ធនាការថ្ងៃចន្ទពណ៍ខ្មៅ ទាមទារឱ្យដោះលែងមន្ត្រីអាដហុក ចំនួន ៤រូប និងមន្ត្រី គ.ជ.ប ១រូប ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស កាលពីថ្ងៃទី ១៧ខែសីហា ម្សិលមិញ។
ការនាំខ្លូនអ្នកស្រីទេព វន្នី និងអ្នកស្រី ប៊ូវ សោភា ទៅព្រៃស គឺធ្វើឡើងបន្ទាប់ពីប៉ូលិស ខណ្ឌដូចពេញ ឃុំខ្លួនអស់មួយយប់។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធ តេទ្បេក្រាម កាលពីល្ងាចថ្ងៃទី ១៧ខែសីហា ម្សិលមិញថា ចៅក្រម ជំនុំជម្រះលោក ពេជ្រ វិជ្ជាធរ បានបើកសវនាការជំនុំជម្រះលើជនជាប់ចោទឈ្មោះ ទេព វន្នី និងឈ្មោះ ប៊ូវ សោភា តាមនីតិវីធីបង្គាប់អោយបង្ហាញខ្លួនភ្លាម ដោយជាប់ចោទពីបទ ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
លោក លី សុផាណា បានឱ្យដឹងទៀតថា បន្ទាប់ពីដំណើរការសវនាការរួច ចៅក្រមជំនុំជម្រះសម្រេចឃុំខ្លួនជនជាប់ចោទទាំង២រូប ដើម្បីបន្តសវនាការនៅថ្ងៃចន្ទ ទី ២២ខែសីហា ឆ្នាំ ២០១៦ ពេលព្រឹកខាងមុខទៀត។
ការសម្រេចឃុំខ្លួននេះត្រូវបាន អ្នកវិភាគ និងអ្នកច្បាប់យល់ឃើញថាជាការរំលោភសិទ្ធិមនុស្សនិងការបំបិទសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក បណ្ឌិត មាស នី បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុ ស្ត្រីនៅថ្ងៃនេះថា ប្រសិនបើតុលាការឯករាជ្យនោះ ស្រី្តបឹងកក់នឹងមិនអាចជាប់ពីបទចោទនេះទេ។ លោក មាស នី បន្តថាការឃុំខ្លួនស្ត្រីបឹងកក់ទាំង២រូប ទំនងមកពីរាជរដ្ឋាភិបាលមានការព្រួយបារម្ភពីយុទ្ធនាការថ្ងៃចន្ទពណ៍ខ្មៅ ដែលផ្សាភ្ជាប់ការទាមទារឱ្យរកយុត្តិធម៍ និងអ្នកបញ្ជាបាញ់សម្លាប់លោកបណ្ឌិត កែម ទ្បី។
លោក មាស នី បានចោទជាសំនួរថាតើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ កន្លងមកនេះមានការចាប់ខ្លួនមនុស្សជាច្រើននាក់ហើយ តែងតែត្រូវបានដោះលែងទៅវិញ។ ចុះហេតុអ្វីបានជាលើកនេះមិនដោះលែងពួកគេហើយថែមទាំងចោទ ពួកគេថាញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ទៅវិញ?
លោក មាស នី «អ្វីដែលយើងឆ្ងល់ហេតុអីពីមុនៗ គេចាប់ហើយគេលែងវិញប៉ុន្តែម្តងនេះគេចាប់ហើយយកទៅទុកគឺដោយសារតែគេ មើលឃើញថាពីមុនមកគ្រាន់តែជាការពាក់អាវខ្មៅដើម្បីធ្វើការសុំឱ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស បើអញ្ចឹងលក្ខខណ្ឌបែបហ្នឹងគឺរដ្ឋាភិបាលមិនសូវមានការព្រួយបារម្ភនោះទេ ក៏ប៉ុន្តែដោយសារតែឥលូវនេះពាក់អាវខ្មៅ ដូចក្រុមបឹងកក់នេះគឺគាត់ទាមទារភ្ជាប់ការដោះលែងសិទ្ធមនុស្សផង ហើយមកជាមួយការ រកយុត្តិធម៌ឱ្យលោកកែម ទ្បី ផង ពាក្យចុងក្រោយរកយុត្តិធម៌លោក កែម ទ្បី នេះវានឹងធ្វើឱ្យរដ្ឋាភិបាលឈឺក្បាល១ជាន់ទៀត ដោយសារតែទន្ទឹមប្រឈមជាមួយនឹង ការស្លាប់របស់លោក កែម ទ្បី ថ្មីៗ ហើយមកដល់ពេលនេះកំពុងទទួលរងការចោទ ប្រកាន់ពីមហាជនថារដ្ឋាភិបាលមិនបានបំពេញស៊ើបអង្កេតឱ្យបានម៉តចត់»។
លោក មាស នី បញ្ជាក់ដែរថា រឿងនេះគឺជារឿងនយោបាយហើយ បើអ្នកនយោបាយមិនដោះស្រាយ គឺ អ្នកទទួលរងគ្រោះគឺជាប្រជាពលរដ្ឋ។
លោក មាស នី ៖«រឿងនេះវាសុទ្ធតែជារឿងទាក់ទងនឹងនយោបាយ អញ្ចឹងទេបើស្ថានការនយោបាយនេះមិនអាចឈានទៅរកការផ្សះផ្សាជាតិទេ គឺបើសិនសត្វអង្ក្រងទាំងពីរនៅតែខាំគ្នារាល់ថ្ងៃទេ ខ្ញុំគិតថាអាចនឹងមានដាក់ទោសទណ្ឌធ្ងន់ហើយក៏នឹងអាចមានការចាប់ជាបន្តបន្ទាប់ទៀតដែរ បើសិនជាស្ថានការនយោបាយនៅក្នុងស្ថានភាពតានតឹងដូចរាល់ថ្ងៃ»។
ទន្ទឹមនឹងការលើកទ្បើងខាងលើនេះដែរ មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រីនៅថ្ងៃនេះដែរថា ការចាប់ខ្លួនស្ត្រីបឹងកក់នេះគឺជាការគំរាមកំហែង និងបិទសេរីភាពរបស់ប្រជាពលរដ្ឋ។
លោក អំ សំអាត បន្តថាយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅគឺគ្រាន់តែជាការទាមទារ ឱ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្ស ទាមទារឱ្យស្វែងរកយុត្តិធម៌ ជូនលោកបណ្ឌិត កែម ទ្បី ដែលត្រូវបានគេបាញ់សម្លាប់ប៉ុណ្ណោះមិនមែនជាការប្រឆាំងនឹងរាជរដ្ឋាភិបាលនោះទេ។
លោក អំ សំអាត បន្ថែមទៀតថា អាជ្ញាធរនៅតែមានការភ័យខ្លាចយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ បើទោះបីជាយុទ្ធនាការនេះគ្រាន់តែជាការបញ្ចេញមតិក៏ដោយ យ៉ាងណាក៏ដោយលោក អំ សំអាត នៅតែមានសង្ឃឹមថាតុលាការនឹងដោះលែងពួកគេ ឱ្យមានសេរីភាពទ្បើងវិញនៅពេលឆាប់ៗខាងមុខនេះ។
លោក អំ សំអាត៖«អាជ្ញាធរហាក់បីដូចជាមានការភ័យខ្លាចចំពោះយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ហើយបែរទៅជាការចាប់ខ្លួន ហើយបញ្ជូនមកតុលាការដើម្បីធ្វើការចោទប្រកាន់ ធ្វើការឃុំខ្លួន ខ្ញុំគិតថានេះមិនមែនជាដំណោះស្រាយល្អទេ ផ្ទុយទៅវិញវាធ្វើឱ្យបញ្ឆេះកំហឹងប្រជាពលរដ្ឋហ្នឹងកាន់តែខ្លាំងទៅ ហើយនាំឱ្យមានការរិៈគន់ពីប្រទេសជាតិ និងអន្តជាតិមកលើរដ្ឋាភិបាលយើងថាមិនបានគោរពគោលការណ៍សិទ្ធិមនុស្ស ជាពិសេសសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិយើងសង្ឃឹមថាតុលាការ នឹងផ្តល់ភាពយុត្តិធម៌ដល់គាត់ហើយ នឹងដោះលែងគាត់ឱ្យមានសេរីភាពទ្បើងវិញ »។
ទោះជាយ៉ាងណា វិទ្យុស្ត្រីមិនអាចសុំការឆ្លើយតប ពីអ្នកនាំពាក្យរដ្ឋាភិបាលទេ នៅថ្ងៃនេះ។ ប៉ុន្តែ យ៉ាងនេះក្ដី ទាំងអ្នកនាំពាក្យរដ្ឋាភិបាលនិងអ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាច តែងតែបដិសេធការចោទប្រកាន់ដូច ដោយអះអាងថា កម្ពុជាមិនមែនជារដ្ឋអាក្រក់រំលោភសិទ្ធិមនុស្ស អ្វីឡើយ។
យោងតាមមាត្រា ៤៩៥ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាចែងថា បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍៖ អំពើញុះញង់ដោយផ្ទាល់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើបង្ក ឱ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមធ្យោបាយណាមួយ ក្នុងចំណោមមធ្យោបាយដែលមានចែងនៅក្នុងមាត្រា ៤៩៤ លក្ខខណ្ឌអត្ថិភាពនៃការញុះញង់ នៃក្រមនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៤.០០០.០០០ (បួនលាន) រៀល ប្រសិនបើការញុះញង់នេះគ្មានប្រសិទ្ធភាពទេ។
សូមជំរាបជូនថា ស្ត្រីបឹងកក់ចំនួន ២រូប ដែលតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ទី០១ អ្នកស្រី ទេព វន្នី និងទី០២ គឺអ្នកស្រី ប៊ូវ សោភា។ ការសម្រេចឃុំខ្លួននេះបន្ទាប់ពីពួកគេត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញ ចាប់ពួកគេពីសហគមន៍បឹងកក់ ខណៈដែលពួកគេកំពុងប្រារព្ធយុទ្ធនាការថ្ងៃចន្ទ ពណ៌ខ្មៅ ហើយបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានរយៈពេល១យប់ ១ថ្ងៃ រួចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តពីរឿងនេះ។ បន្ទាប់ពីសាកសួរស្ត្រីបឹងកក់ចំនួន២រូបរូចរាល់ហើយនោះចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ ឈ្មោះ ពេជ្រ វិជ្ជាធរ បានសម្រេចឃុំខ្លួនជនជាប់ចោទ ទាំង២រូប គឺអ្នកស្រី ទេព វន្នី និងអ្នកស្រី ប៊ូវ សោភា ដោយរង់ចាំបន្តសវនាការនៅថ្ងៃទី ចន្ទទី២២ ខែសីហា ខាងមុខនេះបន្តទៀត៕