ភ្នំពេញ៖ សមាគមជ័យលាភីបញ្ញាជនកម្ពុជា បានដាក់សំណើមួយទៅកាន់ សាលារាជធានីភ្នំពេញ ដើម្បីដឹកនាំមនុស្ស ១០០០០នាក់ ហែញត្តិជូនរដ្ឋសភា ដើម្បីទាមទារឱ្យមានការចុះឈ្មោះបោះឆ្នោតប្រកដោយភាពសុក្រឹត តាមរយៈការអនុវត្តច្បាប់សញ្ជាតិឱ្យមានប្រសិទ្ធភាព។
ប្រធានអង្គការនេះគឺលោក រស់ សារុម បានសរេសរលើលិខិតរបស់លោក ជូនទៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី ៤សីហា ហើយ ត្រូវបានគេហទំព័រក្នុងស្រុកមួយ ចុះផ្សាយនៅថ្ងៃនេះថា គោលបំណងនៃការដាក់ញត្តិនេះ គឺដើម្បីឱ្យការចុះឈ្មោះបោះឆ្នោតខាងមុខនេះ មានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។
អង្គការនេះ បាននិយាយថា នឹងប្រមូលផ្ដុំមនុស្ស ហែញត្តិដោយមានអ្នកចូលរួម ១០០០០នាក់ ដោយ ពីស្ពានក្បាលថ្នល់មកកាន់រដ្ឋសភា នៅថ្ងៃទី ២២សីហា វេលាម៉ោង៩ព្រឹក។
អង្គការនេះបានលើកឡើង នូវការទាមទារ ៣ចំនុចដូចនេះ៖
១. ស្នើ រាជរដ្ឋាភិបាលកម្ពុជា អនុវត្តយ៉ាងម៉ឹងម៉ាត់ច្បាប់ស្ដីពីសញ្ជាតិនៃព្រះរាជាណាចក្រកម្ពុជា
២. ស្នើ រដ្ឋសភា បង្កើតនិងអនុម័តច្បាប់ អនុញ្ញាតអោយពលករចំណាកស្រុកក្រៅប្រទេស បានចូលរួមចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតនៅតាមបណ្តាប្រទេសនានាដែលពួកគេធ្វើការ។
៣. ស្នើឱ្យស្ថាប័ននីតិបញ្ញត្តិ កុំជ្រៀតជ្រែកកិច្ចការ និងដំណើរការនីតិវិធីស្ថាប័នតុលាការ។
ទាក់ទិននឹងបញ្ហា ច្បាប់សញ្ជាតិ និងច្បាប់អន្តោប្រវេសន៍ គណបក្សសង្គ្រោះជាតិ នៅថ្ងៃនេះបានបើកសិក្ខាសាលា ដោយមានអ្នកជំនាញច្បាប់ជាច្រើន ត្រូវអញ្ជើញមកបកស្រាយ។
សំណើរបស់ អង្គការ សង្គមស៊ីវិល និងសិក្ខាសាលាបក្សប្រឆាំង ក៏ធ្វើឡើងស្របពេល មានការព្រួយបារម្ភថា ជនបរទេស រស់នៅកម្ពុជា អាចមានសិទ្ធិចុះឈ្មោះបោះឆ្នោត ទោះជាពួកគេមិន ចេះនិយាយភាសាខ្មែរ បានច្បាស់លាស់ ឱ្យតែមានអត្តសញ្ញាណប័ណ្ណ គឺអាចចុះឈ្មោះបោះឆ្នោតបាន៕