មន្ដ្រីការទូតជាន់ខ្ពស់កូរ៉េខាងជើង ដែលបានបាត់ខ្លួនមួយរយៈនេះត្រូវបានរកឃើញ ថាបានចូលទៅសុំសិទ្ធិជ្រកកោននៅប្រទេសកូរ៉េខាងត្បូងដែលធ្វើឱ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងដល់សហគមន៍អន្តរជាតិ។
ពួកមន្ដ្រីទីក្រុងសេអ៊ូល បានបញ្ជាក់ទៀតថា តាវ យ៉ុងហូ និងគ្រួសាររបស់លោក បានស្ថិតក្រោមការគាំពាររួចហើយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង។
តាមបណ្ដាញផ្សាយព័ត៌មាន BBC លោក តាវ យ៉ុងហូ គឺជាអនុប្រធានបេសកកម្មស្ថានទូត ប្រទេសកូរ៉េខាងជើង ប្រចាំនៅអង់គ្លេស លោកគឺជាមន្ដ្រីការទូតជាន់ខ្ពស់បំផុតរបស់ប្រទេស កុម្មុយនិស្តផ្ដាច់ការមួយនេះ ដែលបានរត់ភៀសខ្លួនទៅនៅប្រទេសកូរ៉េខាងត្បូងក្នុងឋានៈជាប្រទេសបងប្អូននិងគ្នា។
រយៈពេលចុងក្រោយនេះ លោកបានរងសម្ពាធពីរដ្ឋាភិបាលរបស់លោក ឱ្យលោកឡើងការពារ ចំពោះកំណត់ហេតុសិទិ្ធមនុស្ស របស់កូរ៉េខាងជើង។
អ្នកនាំពាក្យ រដ្ឋាភិបាល កូរ៉េខាងត្បូង លោក Jeong Joon-hee និយាយថា ៖«ហេតុផល ដែលនាំឱ្យលោកតាវ យ៉ុង ហូ ភៀសខ្លួន ដោយសារលោកមិនសប្បាយចិត្តការរស់នៅក្នុងរបប របស់លោក គឹម ជុង អ៊ុន ហើយ លោកចង់មករស់នៅក្នុងរបបប្រជាធិបតេយ្យ» ៕