ភ្នំពេញ៖ នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ប៉ា ងួនទៀង នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៨ខែសីហានេះ បានចូលខ្លួនទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងនាមជាសាក្សី សំណុំរឿងសូកប៉ាន់សាក្សីករណី នាង ខុម ចាន់តារាទី ហៅស្រី មុំ។
ការចូលខ្លួននេះធ្វើឡើងតាមដីកាកោះហៅ របស់សាលាដំបូងរាជធានី ពាក់ព័ន្ធ នឹង សំណុំរឿង មន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប និងមន្ត្រី គ.ជ.ប ១រូប ដែលតុលាការបានចោទប្រកាន់ពីបទសូកប៉ាន់សាក្សី ករណីរឿងស្នេហាផ្លូវភេទរបស់នាង ខុម ចាន់តារាទី និងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ។
ការសាកសួរនេះ ធ្វើឡើងដោយលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
បើតាមអ្នករាយការណ៍ព័ត៌មាន របស់វិទ្យុស្ត្រី ដែលកំពុងតាមដាននៅមុខសាលាដំបូងរាជធានីភ្នំពេញ លោក ប៉ា ងួនទៀង បានប្រាប់អ្នកសារព័ត៌មាននៅទីនោះថា លោកមិនមានការភ័យខ្លាចចំពោះការកោះហៅនេះទេ។
លោកបានចាត់ទុកការកោះហៅរបស់តុលាការនេះ គឺតុលាការខ្លួនគេផ្ទាល់បានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់តុលាការខ្លួនឯងទៅហើយ។
សូមបញ្ជាក់ថា មន្ត្រីអាដហុក៤រូប និងមន្ត្រីគ.ជ.ប ត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់សាក្សី និងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី អ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ បន្ទាប់ពីនាង ខុម ចាន់តារាទី បានសរសេរលិខិតចំហដោយចោទថានាងត្រូវបាន បង្ខំមិនឱ្យនិយាយការពិតប្រាប់សមត្ថកិច្ច ចំពោះរឿងអាស្រូវផ្លូវភេទ ដែលគេសង្ស័យ ថាមានទំនាក់ទំនងជាមួយលោក កឹម សុខា។
ក្នុងសំណុំរឿងនេះដែរមន្ត្រីសិទ្ធិមនុស្សសមាគមអាដហុកមួយចំនួន ក៏ត្រូវបានកោះហៅជាបន្តបន្ទាប់ផងដែរ៕