ភ្នំពេញ៖ ដើម្បីបង្កើនឱ្យមានការសរសេរព័ត៌មានផ្តោតលើបញ្ហាបរិស្ថាន ក្លឹបអ្នកសែតកម្ពុជា និង វិទ្យាសា្ថនកម្ពុជា សម្រាប់ការសិក្សាផ្នែកសារព័ត៌មាន បានបង្កើតបណ្តាញអ្នករាយការណ៍ព័ត៌មានផ្នែកបរិស្ថាន។
គោលបំណងនៃការបង្កើតនេះគឺដើម្បី ពង្រីកវិសាលភាពរាយការណ៍របស់អ្នកសារព័ត៌មានស្តីពីបរិស្ថានឱ្យមានភាពទូលាយជាងមុន ប្រកបដោយសុច្ចរិតភាព និងមានវិជ្ជាជីវៈ។ កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី ១៧ ខែសីហា នេះ។ កញ្ញា ឆេង ណាតា ដែលបានចូលរួមកិច្ចប្រជុំនេះមានសេចក្ដីរាយការណ៍៖
លោក មឿន ឈានណារិទ្ធ នាយកវិទ្យាសា្ថនកម្ពុជា សម្រាប់ការសិក្សាផ្នែកសារព័ត៌មាន បានឱ្យដឹងថា សារសំខាន់នៃការបង្កើត បណ្តាញអ្នកសារព័ត៌មានផ្នែកបរិសា្ថននេះគឺអាចជួយដល់អ្នកសារព័ត៌មានខ្លួនគេផ្ទាល់ រួមនឹងប្រជាពលរដ្ឋ និងអ្នកដឹកនាំ ក៏ដូចអ្នកធ្វើគោលនយោបាយ ដែលធ្វើការពាក់ព័ន្ធនឹងផ្នែកបរិស្ថានឱ្យយល់ដឹងកាន់តែស៊ីជម្រៅអំពី សារសំខាន់នៃបរិស្ថាន។
លោកបន្តថា អ្នកសារព័ត៌មានដែលចូលរួមក្នុងបណ្តាញនេះ នឹងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈពាក់ព័ន្ធនិងបរិស្ថាន។ ជាមួយគ្នានេះពួកគេអាចរួបរួមគ្នា ជាមួយអ្នកសារព័ត៌មានផ្សេងទៀតផ្សព្វផ្សាយនូវព័ត៌មានដែលមានភាពចម្រូងចម្រាស ទាក់ទង នឹងផលប៉ះពាល់បរិស្ថានផងដែរ។
លោកបន្តថា៖«ព្រោះយើងដឹងថាកន្លងមកបើយើងរាយការណ៍មានចម្រូងចម្រាស់ តែម្នាក់ឯង ធ្វើឱ្យអង្គភាពនោះងាយរងគ្រោះថ្នាក់ ប៉ុន្តែបើយើងសាមគ្គីគ្នា យើងផ្សាយម្តង៥អង្គភាព ឬក៏១០អង្គភាពពេលនោះ សុវត្ថិភាពយើងកាន់តែល្អផងដែរ»។
ទន្ទឹមនឹងនេះដែរ លោកថា នៅពេលដែលមាន អ្នកសារព័ត៌មានផ្នែកបរិស្ថានកាន់តែច្រើន នោះនឹងធ្វើឱ្យមានព័ត៌មាន ក៏ដូចជាអត្ថបទទាក់ទងនឹងផលប៉ះពាល់បរិស្ថាន កាន់តែសំបូរបែប ដែលវាអាចជួយដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារការប្រែប្រួលអាកាសធាតុអាច ឱ្យពួកគាត់ត្រៀម បង្កាខ្លួន នៅពេលគ្រោះមហន្តរាយកើតមានឡើង។
នាយកវិទ្យាសា្ថនកម្ពុជា សម្រាប់ការសិក្សាផ្នែកសារព័ត៌មានរូបនេះ ឱ្យដឹងបន្តថា កន្លងមកបើទោះបីជា មានការផ្សព្វផ្សាយព័ត៌មានច្រើនពាក់ព័ន្ធនឹងបរិស្ថាន ប៉ុន្តែព័ត៌មានទាំងនោះភាគច្រើន ផ្តោតតែទៅលើការធ្វើគោលនយោបាយ ឬព័ត៌មាននៅក្នុងសិក្ខាសាលា តែមិនបានចុះទៅដល់ទីកន្លែង ដែលប្រជាពលរដ្ឋរងគ្រោះផ្ទាល់ពីផលប៉ះពាល់បរិស្ថាននោះទេ។
លោកបន្ថែមថា៖«អញ្ចឹងយើងចង់ឱ្យអ្នកសារព័ត៌មានយើង ចុះទៅផ្ទាល់តែម្តង ទៅជួបប្រជាពលរដ្ឋដែលងាយរងគ្រោះដើម្បីគាត់អាចសម្តែង ក្តី កង្វល់សំណូមពរឱ្យនឹងតម្រូវការរបស់គាត់ ដើម្បីឱ្យថ្នាក់ដឹកនាំ និងអ្នកធ្វើគោលនយោបាយជួយដល់ពួកគាត់»។
ចំណែកលោក គី សុខលីម ទីប្រឹក្សាក្លឹបអ្នកកាសែតកម្ពុជា មានប្រសាសន៍ថា ភាគច្រើននៃស្ថាប័នសារព័ត៌មានតែងផ្តោតសំខាន់ទៅលើរឿងនយោបាយ ឬរឿងកំសាន្តជាដើម ដោយឡែកព័ត៌មានពាក់ព័ន្ធបញ្ហាបរិស្ថានមិនទទួលបានការចាប់អារម្មណ៍សរសេរនោះទេ។
លោកចង់ឱ្យអ្នកកាសែត ងាកមកចាប់អារម្មណ៍ជួយផ្សព្វផ្សាយបញ្ហាបរិស្ថាន ដើម្បីជាការប្រមាន និងដាស់តឿន ឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរ បានបង្ការហានិភ័យទុកជាមុន មិនមែនទាល់តែគ្រោះមហន្តរាយកើតឡើងរួចហើយទើបផ្សាយនោះទេ។
លោកមានប្រសាសន៍ទៀតថា៖ «យើងមិនមែនផ្សាយតែម្តងយើងឈប់នោះទេ ឃើញទេធនធានធម្មជាតិ.. ហើយក៏យើងមិនមែនមានអារម្មណ៍ថាផ្សាយហ្នឹងដាក់បន្ទុកថារដ្ឋាភិបាលជាអ្នកខុសដែរ អាហ្នឹងយល់គ្នាឱ្យច្បាស់អញ្ចឹង ផ្សាយក្នុងន័យប្រាប់ថាធនធានធម្មជាតិជាតិហ្នឹងគឺបានបាត់បង់។ នៅពេលដែលយើងផ្សាយថាធនធានធម្មជាតិបាត់បង់ វាពញ្ញាក់ដល់អ្នកសម្រេចគោលនយោបាយ មានន័យថាអ្នកដែលធ្វើ គោលនយោបាយរបស់ថ្នាក់ជាតិ ចាប់ផ្តើមពិចារណា…»។
កញ្ញា ថាន រស្មី អ្នករាយការព័ត៌មានរបស់វិទ្យុវិយោ ដែលបានចូលរួមជាមួយបណ្តាញអ្នករាយការព័ត៌មានផ្នែកបរិស្ថាននេះបានប្រាប់ថា មូលហេតុដែលកញ្ញា ចូលរួមជាមួយបណ្តាញនេះ ដោយសារកញ្ញា យល់ថា ការផ្សាយព័ត៌មានទាក់ទងនឹងបរិស្ថានមានសារៈសំខាន់។
កញ្ញា ប្តេជ្ញាថា នឹងពង្រឹងការរាយការណ៍ព័ត៌មានផ្នែកបរិស្ថានឱ្យបានកាន់តែច្រើន ឱ្យប្រជាពលរដ្ឋបានយល់ដឹង ដើម្បីត្រៀមខ្លួនបង្ការ និងចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា។
សូមជម្រាបថា ការបង្កើតឱ្យមានបណ្តាញក្រុមស្នូលរាយការណ៍ព័ត៌មានផ្នែកបរិស្ថាននេះ ក្រោយ ពីក្លឹបអ្នកសែតកម្ពុជា និងវិទ្យាសា្ថនកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន បានបណ្តុះបណ្តាល អ្នកសារព័ត៌មានមកពីស្ថានប័ននានា ក្នុងខេត្តក្រុងមួយចំនួន ស្តីពីការរាយការណ៍ព័ត៌មានផលប៉ះពាល់បរិស្ថាន នៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែងកាលពីពេលថ្មីនេះៗ៕