en     km
en     km

ក្រុម​អ្នក​សារព័ត៌មាន​បង្កើត​ក្រុម​ស្នួល​ ដើម្បី​ជំរុញ​ការ​សរសេរ​ព័ត៌មាន​ផ្តោត​លើ​បរិស្ថាន​

Share

ភ្នំពេញ៖ ដើម្បី​បង្កើន​ឱ្យ​មានការ​សរសេរ​ព័ត៌មាន​ផ្តោត​លើ​បញ្ហា​បរិស្ថាន​ ក្លឹ​ប​អ្នក​សែត​កម្ពុជា​ និង​ វិទ្យា​សា្ថ​ន​កម្ពុជា​ សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន​ បាន​បង្កើត​បណ្តាញ​អ្នករាយការណ៍​ព័ត៌មាន​ផ្នែក​បរិស្ថាន​។​

លោក មឿន ឈានណារិទ្ធ នាយកវិទ្យាសា្ថនកម្ពុជា សម្រាប់ការសិក្សាផ្នែកសារព័ត៌មាន។
លោក មឿន ឈានណារិទ្ធ នាយកវិទ្យាសា្ថនកម្ពុជា សម្រាប់ការសិក្សាផ្នែកសារព័ត៌មាន។

គោលបំណង​នៃ​ការ​បង្កើត​នេះ​គឺ​ដើម្បី​ ពង្រីក​វិសាលភាព​រាយការណ៍​របស់​អ្នក​សារព័ត៌មាន​ស្តី​ពី​បរិស្ថាន​ឱ្យ​មាន​ភាព​ទូលាយ​ជាង​មុន​ ប្រកបដោយ​សុច្ចរិត​ភាព​ និង​មាន​វិជ្ជាជីវៈ​។​ កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ១៧​ ខែសីហា​ នេះ​។​ កញ្ញា​ ឆេ​ង​ ណា​តា ដែល​បាន​ចូលរួម​កិច្ចប្រជុំ​នេះ​មាន​សេចក្ដីរាយការណ៍​៖

 

​លោក​ មឿ​ន​ ឈាន​ណា​រិ​ទ្ធ​ នាយក​វិទ្យា​សា្ថ​ន​កម្ពុជា​ សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន​ បានឱ្យ​ដឹង​ថា​ សារសំខាន់​នៃ​ការ​បង្កើត​ បណ្តាញ​អ្នក​សារព័ត៌មាន​ផ្នែក​បរិ​សា្ថ​ន​នេះ​គឺ​អាច​ជួយ​ដល់​អ្នក​សារព័ត៌​មានខ្លួន​គេ​ផ្ទាល់​  រួម​នឹង​ប្រជាពលរដ្ឋ​ និង​អ្នកដឹកនាំ​ ក៏​ដូច​អ្នក​ធ្វើ​គោលនយោបាយ​ ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ផ្នែក​បរិស្ថាន​ឱ្យ​យល់​ដឹង​កាន់តែ​ស៊ីជម្រៅ​អំពី​ សារសំខាន់​នៃ​បរិស្ថាន​។​

​លោក​បន្ត​ថា​ អ្នក​សារព័ត៌មាន​ដែល​ចូលរួម​ក្នុង​បណ្តាញ​នេះ​ នឹង​ទទួល​បានការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ពាក់ព័ន្ធ​និង​បរិស្ថាន​។​ ជាមួយ​គ្នា​នេះ​ពួក​គេ​អាច​រួបរួម​គ្នា​ ជាមួយ​អ្នក​សារព័ត៌មាន​ផ្សេង​ទៀត​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ដែល​មាន​ភាព​ចម្រូងចម្រាស​ ទាក់ទង​ នឹង​ផល​ប៉ះពាល់​បរិស្ថាន​ផង​ដែរ​។​

​លោក​បន្ត​ថា​៖«​ព្រោះ​យើង​ដឹង​ថា​កន្លង​មក​បើ​យើង​រាយការណ៍​មាន​ចម្រូងចម្រាស់​ តែ​ម្នាក់ឯង​ ធ្វើ​ឱ្យ​អង្គភាព​នោះ​ងាយ​រងគ្រោះថ្នាក់​ ប៉ុន្តែ​បើ​យើង​សាមគ្គី​គ្នា​ យើង​ផ្សាយ​ម្តង​៥​អង្គភាព​ ឬ​ក៏​១០​អង្គភាព​ពេល​នោះ​ សុវត្ថិភាព​យើង​កាន់តែ​ល្អ​ផង​ដែរ​»​។​

​ទន្ទឹម​នឹង​នេះ​ដែរ​ លោក​ថា​ នៅ​ពេល​ដែល​មាន​ អ្នក​សារព័ត៌មាន​ផ្នែក​បរិស្ថាន​កាន់តែ​ច្រើន​ នោះ​នឹង​ធ្វើ​ឱ្យ​មាន​ព័ត៌មាន​ ក៏​ដូច​ជា​អត្ថបទ​ទាក់ទង​នឹង​ផល​ប៉ះពាល់​បរិស្ថាន​ កាន់តែ​សំបូរ​បែប​ ដែល​វា​អាច​ជួយ​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ​អាច​ ឱ្យ​ពួក​គាត់​ត្រៀម​ បង្កា​ខ្លួន​ នៅ​ពេល​គ្រោះ​មហន្តរាយ​កើត​មាន​ឡើង​។​

​នាយក​វិទ្យា​សា្ថ​ន​កម្ពុជា​ សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន​រូប​នេះ​ ឱ្យ​ដឹង​បន្ត​ថា​ កន្លង​មក​បើ​ទោះបីជា​ មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​ច្រើន​ពាក់ព័ន្ធ​នឹង​បរិស្ថាន​ ប៉ុន្តែ​ព័ត៌មាន​ទាំងនោះ​ភាគច្រើន​ ផ្តោត​តែ​ទៅ​លើ​ការ​ធ្វើ​គោលនយោបាយ​ ឬ​ព័ត៌មាន​នៅ​ក្នុង​សិក្ខាសាលា​ តែ​មិន​បាន​ចុះ​ទៅ​ដល់ទី​កន្លែង​ ដែល​ប្រជាពលរដ្ឋ​រង​គ្រោះ​ផ្ទាល់​ពី​ផល​ប៉ះពាល់​បរិស្ថាន​នោះ​ទេ​។​

​លោក​បន្ថែម​ថា​៖«​អ​ញ្ចឹ​ង​យើង​ចង់ឱ្យ​អ្នក​សារព័ត៌មាន​យើង​ ចុះ​ទៅ​ផ្ទាល់​តែ​ម្តង​ ទៅ​ជួប​ប្រជាពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ​ដើម្បី​គាត់​អាច​សម្តែង​ ក្តី​ កង្វល់​សំណូមពរ​ឱ្យ​នឹង​តម្រូវការ​របស់​គាត់​ ដើម្បី​ឱ្យ​ថ្នាក់ដឹកនាំ​ និង​អ្នក​ធ្វើ​គោលនយោបាយ​ជួយ​ដល់​ពួក​គាត់​»​។​

​ចំណែក​លោក​ គី​ សុខ​លី​ម​ ទីប្រឹក្សា​ក្លឹ​ប​អ្នកកាសែត​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ភាគច្រើន​នៃ​ស្ថាប័ន​សារព័ត៌មាន​តែង​ផ្តោត​សំខាន់​ទៅ​លើ​រឿង​នយោបាយ​ ឬ​រឿង​កំសាន្ត​ជាដើម​ ដោយឡែក​ព័ត៌មាន​ពាក់ព័ន្ធ​បញ្ហា​បរិស្ថាន​មិន​ទទួល​បានការ​ចាប់អារម្មណ៍​សរសេរ​នោះ​ទេ​។​

​លោក​ចង់ឱ្យ​អ្នកកាសែត​ ងាក​មក​ចាប់អារម្មណ៍​ជួយ​ផ្សព្វផ្សាយ​បញ្ហា​បរិស្ថាន​ ដើម្បី​ជា​ការ​ប្រមា​ន​ និង​ដាស់តឿន​ ឱ្យ​ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​ បាន​បង្ការ​ហានិភ័យ​ទុកជា​មុន​ មិនមែន​ទាល់តែ​គ្រោះ​មហន្តរាយ​កើតឡើង​រួច​ហើយ​ទើប​ផ្សាយ​នោះ​ទេ​។​

​លោក​មាន​ប្រសាសន៍​ទៀត​ថា​៖​ «​យើង​មិនមែន​ផ្សាយ​តែ​ម្តង​យើង​ឈប់​នោះ​ទេ​ ឃើញ​ទេ​ធនធានធម្មជាតិ​..​ ហើយ​ក៏​យើង​មិនមែន​មាន​អារម្មណ៍​ថា​ផ្សាយ​ហ្នឹង​ដាក់បន្ទុក​ថា​រដ្ឋាភិបាល​ជា​អ្នក​ខុស​ដែរ​ អាហ្នឹង​យល់​គ្នា​ឱ្យ​ច្បាស់​អ​ញ្ចឹ​ង​ ផ្សាយ​ក្នុង​ន័យ​ប្រាប់​ថា​ធនធានធម្មជាតិ​ជាតិ​ហ្នឹង​គឺ​បាន​បាត់បង់​។​ នៅ​ពេល​ដែល​យើង​ផ្សាយ​ថា​ធនធានធម្មជាតិ​បាត់បង់​ វា​ពញ្ញាក់​ដល់​អ្នក​សម្រេច​គោលនយោបាយ​ មាន​ន័យ​ថា​អ្នក​ដែល​ធ្វើ​ គោលនយោបាយ​របស់​ថ្នាក់​ជាតិ​ ចាប់ផ្តើម​ពិចារណា​…»​។​

​កញ្ញា​ ថា​ន​ រស្មី​ អ្នក​រាយ​ការ​ព័ត៌មាន​របស់​វិទ្យុ​វិ​យោ​ ដែល​បាន​ចូលរួម​ជាមួយ​បណ្តាញ​អ្នក​រាយ​ការ​ព័ត៌មាន​ផ្នែក​បរិស្ថាន​នេះ​បាន​ប្រាប់​ថា​ មូលហេតុ​ដែល​កញ្ញា​ ចូលរួម​ជាមួយ​បណ្តាញ​នេះ​ ដោយសារ​កញ្ញា​ យល់​ថា​ ការ​ផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​បរិស្ថាន​មាន​សារៈសំខាន់​។​

​កញ្ញា​ ប្តេជ្ញា​ថា​ នឹង​ពង្រឹង​ការ​រាយការណ៍​ព័ត៌មាន​ផ្នែក​បរិស្ថាន​ឱ្យ​បាន​កាន់តែ​ច្រើន​ ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​ ដើម្បី​ត្រៀមខ្លួន​បង្ការ​ និង​ចូលរួម​ថែរក្សា​បរិស្ថាន​ទាំងអស់​គ្នា​។​

​សូម​ជម្រាប​ថា​ ការ​បង្កើត​ឱ្យ​មាន​បណ្តាញ​ក្រុម​ស្នូល​រាយការណ៍​ព័ត៌មាន​ផ្នែក​បរិស្ថាន​នេះ​ ក្រោយ​ ពី​ក្លឹ​ប​អ្នក​សែត​កម្ពុជា​ និង​វិទ្យា​សា្ថ​ន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន​ បាន​បណ្តុះបណ្តាល​ អ្នក​សារព័ត៌មាន​មក​ពី​ស្ថាន​ប័ន​នានា​ ក្នុង​ខេត្ត​ក្រុង​មួយ​ចំនួន​ ស្តី​ពី​ការ​រាយការណ៍​ព័ត៌មាន​ផល​ប៉ះពាល់​បរិស្ថាន​ នៅ​ខេត្តក្រចេះ​ និង​ខេត្តស្ទឹងត្រែង​កាលពី​ពេល​ថ្មី​នេះៗ​៕

Share

Image
Image
Image