ភ្នំពេញ៖ មេធាវីលោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភានៃគណបក្ស សម រង្ស៊ី បានស្នើសុំតុលាការរាជធានីភ្នំពេញ បង្អង់នីតិវិធីលើសំណុំរឿងស្ដ្រីសមាជិកព្រឹទ្ធសភារូបនេះ មួយរយៈដោយសំអាងលើអភ័យឯកសិទ្ធិរបស់លោកស្រី។
លោក មេធាវី សំ សុគង់ បានប្រាប់អ្នកសារព័ត៌មានដូចនេះ នៅខាងមុខតុលាការរាជធានីភ្នំពេញ បន្ទាប់ពីលោក បាន ដាក់សំណើទៅកាន់ចៅក្រមសាលាដំបូងម្នាក់ដែលកាន់ក្ដីសំណុំរឿងលោកស្រី ថាក់ ឡានី។
លោកស្រី ថាក់ ឡានី ត្រូវបានសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រី ប្ដឹងពីបទបរិហាកេរ្ដិ៍ ដោយសារលោកស្រី បាននិយាយប៉ះពាល់ករណីឃាតកម្មលោកបណ្ឌិត កែម ឡី ជាប់ពាក់ព័ន្ធឈ្មោះនាយករដ្ឋមន្ដ្រី កាលពីពេលថ្មីៗនេះ។ តែយ៉ាងណាក៏ដោយលោកស្រី ថាក់ ឡានី បានបដិសេធ ហើយអះអាងថាវីដេអូឃ្លី សំឡេងនោះគឺជាការកាត់តចោទប្រកាន់លើលោកស្រីតែប៉ុណ្ណោះ។
លោក មេធាវី សំ សុគង់ បានបញ្ជាក់ថា អ្វីដែលលោកបានស្នើឲ្យបង្អង់នីតិវិធីដូចនេះ គឺមូលហេតុកូនក្ដីរបស់លោក នៅមានអភ័យឯកសិទ្ធិព្រឹទ្ធសភា ហើយម្យ៉ាងទៀតលោកកំពុងតែ សិក្សាអំពីបទចោទនេះ ឡើងវិញ។
លោកស្រី ថាក់ ឡានី ដែលពេលនេះមិនដឹងថា ស្ថិតនៅឯណានោះ លោកស្រីមិនបានចូលខ្លួនតាមដីការកោះរបស់តុលាការពីរលើកមកហើយ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានបញ្ជាក់លើសារអេឡិចត្រូនិច តេឡេក្រាម របស់លោកថា តុលាការនឹងបន្ដនីតិវិធីស៊ើបសួរលើភស្ដុតាងពាក់ព័ន្ធ និង សក្សី ករណីក្នុងរឿងក្ដីលោកស្រី ថាក់ ឡានី បន្ដទៀត។
មិនមែនមានតែលោកស្រី ថាក់ ឡានី ម្នាក់ទេដែលសម្ដេច ហ៊ុន សែន បានប្ដឹងករណីដូចនេះ គឺមេបក្សប្រឆាំងនៃគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ក៏រងការប្ដឹងដែរ។ សម្ដេច នាយករដ្ឋមន្ដ្រីប្ដឹងទារសំណងជំងឺចិត្ដចំនួន ១០០ រៀលលុយខ្មែរ ប៉ុន្ដែបានទាមទារឲ្យតុលាការផ្ដន្ទាទោសអ្នកនយោបាយទាំងពីររូបនេះធ្ងន់ធ្ងរទៅតាមច្បាប់កំណត់៕