ភ្នំពេញ៖ ក្រសួងការពារជាតិប្រទេសរុស្ស៊ីនិយាយថា រុស្ស៊ីបានប្រើមូលដ្ឋានយោធាអ៊ីរ៉ង់នៅភាគខាងលិចប្រទេសនេះ ដើម្បីអនុវត្តការវាយប្រហារតាមផ្លូវអាកាសលើពួកសកម្មប្រយុទ្ធនៃប្រទេសស៊ីរី។
សេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែកប្រភេទTupolev-22M3 មានតួខ្លួនវែងនិងយន្តហោះចម្បាំង Sukhoi-34 បានហោះវាយប្រហារលើតំបន់ Hamedan នៃប្រទេសស៊ីរី នៅថ្ងៃពុធទី១៧សីហានេះ។
សេចក្តីថ្លែងការណ៍ដដែលបន្តថា យន្ដហោះទាំងនោះបានវាយប្រហារលើក្រុមសកម្មប្រយុទ្ធជីហាដនៅក្រុងអាឡេប៉ូ (Aleppo), អ៊ីដលីប (Idlib) និងខេត្ត Deir al-Zour។
អ៊ីរ៉ង់គឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់លោក បាសា អាល់អាសាដ នៃប្រធានាធិបតីស៊ីរីហើយអ៊ីរ៉ង់ តែងផ្តល់ការគាំទ្រផ្នែកយោធា និងហិរញ្ញវត្ថុយ៉ាងខ្លាំងចាប់តាំងពីមានការបះបោរប្រឆាំងនឹងលោកអាសាដបានផ្ទុះឡើងកាលពីឆ្នាំ ២០១១។
លោក Steve Rosenberg អ្នករាយការណ៍ព័ត៌មានរបស់ BBC ក្នុងក្រុងម៉ូស្គូ បានឱ្យដឹងថា នៅប៉ុន្មានខែចុងក្រោយនេះ មន្ត្រីជាន់ខ្ពស់រុស្ស៊ី និងអ៊ីរ៉ង់ បានពិភាក្សាគ្នាពីការបង្កើនកិច្ចសហប្រតិបត្តិការយោធារបស់ខ្លួន។
កាលពីសប្តាហ៍មុន ប្រទេសរុស្ស៊ី បានស្នើប្រទេសអ៊ីរ៉ាក់ និងអ៊ីរ៉ង់ដើម្បីអាចអនុញ្ញាតឱ្យកាំជ្រួចរុស្ស៊ីអាចហោះកាត់លើដែនអាកាស សម្រាប់ការវាយប្រហារលើគោលដៅភេរវកម្មនៅក្នុងប្រទេសស៊ីរី៕ ប្រភព៖ BBC