ភ្នំពេញ៖ នៅថ្ងៃបោះឆ្នោត នាពេលខាងមុខនេះ អ្វីដែលធ្វើឱ្យចាប់អារម្មណ៍នោះ គឺ គោលនយោបាយបក្ស។
នៅថ្ងៃនេះលោក សម រង្ស៊ី បានបង្ហាញគោលនយោបាយ ៥ចំនុច របស់គណបក្សសង្គ្រោះជាតិ ដែល៥ចំនុចនេះ គឺជាការវាយបកមួយទៀត លើបក្សកាន់អំណាច។ តាមចំនុចទាំង៥នេះគឺត្រូវប្រគល់ឱ្យពលរដ្ឋនិងដាក់ជាទ្រព្យសម្បត្តិជាតិវិញនូវ ដូចជាដី ធ្លី ធនធាន ធម្មជាតិ ដែលត្រូវបានកាន់កាប់ដោយ មិនសមភាព និងដោយ អំពើមិនត្រឹមត្រូវណាមួយ។ អ្នកវិភាគចាត់ទុកថាគោលនយោបាយនេះល្អ តែពេលអនុវត្តត្រូវអនុវត្តដោយ សមភាព និង អហិង្សា។ តែ បក្សកាន់អំណាច ចាត់ទុកគោលនយោបាយរបស់បក្សប្រឆាំងនេះ គ្រាន់តែល្បែងមួយ បោកម្ចាស់ឆ្នោត។ ជាបន្ដ កញ្ញា ជុំ ជោគជាតា មានសេចក្ដីរាយការណ៍ ៖
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃអង្គារ៍ ទី១៦ខែសីហា នេះ បានបញ្ចេញ គោលដៅយុទ្ធសាស្ដ្ររបស់បក្សចំនួនប្រាំចំនុច។គោលដៅទាំង៥ចំនុចនេះ ត្រូវបានលោក សម រង្ស៊ី សរសេរបង្ហោះនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃអង្គារទី១៦សីហានេះ។
គោលដៅយុទ្ធសាស្ដ្រប្រាំចំនុចដែលលោក សម រង្ស៊ី បានបង្ហាញនេះ រួមមានប្រគល់សងទ្រព្យសម្បត្តិជាតិ ជូនមកប្រទេសជាតិវិញ ដូចជាព្រៃឈើ រ៉ែ ភ្នំ បឹងបួរ ស្ទឹង ទន្លេ រហូតដល់ឆ្នេរសមុទ្រ និងកោះកណ្តាលសមុទ្រ -ប្រគល់សងទ្រព្យសម្បត្តិរបស់ប្រជារាស្ត្រ ជូនមកប្រជារាស្ត្រវិញ ដែលជាម្ចាស់ដើម និងម្ចាស់ពិត លើផ្ទះសម្បែង ដីធ្លី ស្រែ ចំការ។
លោក សម រង្ស៊ី សរសេរថាការកំណត់គោលដៅ នេះធ្វើឡើង ដោយសារតែរដ្ឋអំណាចសព្វថ្ងៃដែលមានបរទេសនៅពីក្រោយ បានលួចប្លន់អ្វីៗទាំងអស់ពីប្រជារាស្ដ្រខ្មែរ។
ទាក់ទងនឹងគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ ដែរ លោក សុខ ឥសាន្ដ មន្ដ្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា យល់ឃើញថា គោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ គ្រាន់តែជាការបោកប្រាស់ពលរដ្ឋខ្មែរ។
លោក សុខ ឥសាន្ដ ៖ « គោលនយោបាយដែលលើកឡើងដោយឈ្មោះ សម រង្ស៊ី នេះ វាគ្រាន់តែជាល្បិចបោកប្រាស់ថ្មីមួយទៀតតែប៉ុណ្ណោះ ដែលគេធ្លាប់បោកប្រាស់តាំងពីឆ្នាំ២០១៣ មក»។
ឆ្លើយបន្ថែមលើរឿងនេះ លោក អេង ឆៃអ៊ាង មន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ថាលោក មិចង់ធ្វើអត្ថាធិប្បាយទៅលើការរិះគន់របស់គណបក្សកាន់អំណាចនោះទេ ព្រោះថា នេះជាសិទ្ធិសេរីភាពរបស់គេ។ ប៉ុន្ដែសំខាន់អ្វីដែលគណបក្សសង្គ្រោះជាតិ សម្រេចដាក់បញ្ចូលគោលដៅទាំងប្រាំចំនុចខាងលើអោយទៅជាគោលនយោបាយថ្នាក់ជាតិ គឺ ដោយសារតែ សព្វថ្ងៃ ប្រជារាស្ដ្រខ្មែរ ត្រូវអ្នកមានអំណាច រំលោភលើ យកធនធានទ្រព្យសម្បត្តិជាតិ តាមអំពើចិត្ត។
លោក អេង ឆៃអ៊ាង៖ «ខ្ញុំមិនធ្វើអត្ថាធិប្បាយនូវអ្វីដែលគេរិះគន់ទៅលើគោលដៅរបស់គណបក្សទេ និងជាសិទ្ធិសេរីភាព ប៉ុន្ដែសំខាន់ប្រជាពលរដ្ឋខ្មែរ គឺ លោកបានដឹងហើយថា ប្រទេសកម្ពុជាបច្ចុប្បន្ននេះ វាហាក់បី ដូចជាមិនមែនជារបស់ប្រជារាស្ដ្រខ្មែរទេ ព្រោះយើងឃើញអ្នកដែលមានអំណាច គាត់ប្រើប្រាស់តួនាទីរបស់គាត់តាមអំពើចិត្ត ជាដើម ចឹងបានជាគណបក្សសង្គ្រោះជាតិមានគោលដៅថាយើងនឹងធ្វើយ៉ាងណា ដើម្បីយកប្រទេសកម្ពុជា ប្រគល់ជូនប្រជារាស្ដ្រខ្មែរវិញ ព្រោះថាធម្មតា ប្រជាពលរដ្ឋខ្មែរជាម្ចាស់ទឹកម្ចាស់ដី ប៉ុន្ដែយើងដឹងហើយថាបច្ចុប្បន្នេះ ម្ចាស់ទឹកម្ចាស់ដីមិនអាចធ្វើអ្វីបានទេ …»។
ទាក់ទងនឹងគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិទាំងប្រាំចំនុចនេះដែរ លោក សុខ ឥសាន្ដ មន្ដ្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏បានបង្ហាញពីគោលនយោបាយរបស់គណបក្សប្រជាជនផងដែរ។ លោក សុខ ឥសាន្ដ បានលើកឡើងថា គោលនយោបាយសម្រាប់គណបក្សប្រជាជន គឺ នៅតែអនុវត្ត តាមគោលនយោបាយរបស់ខ្លួនដដែល លើកម្មវិធី យុទ្ធសាស្ដ្រ ចតុកោណដំណាក់កាលទីមួយ ទីពីរ និងទីបី ដែលយើងទាំងអស់គ្នាកំពុងទទួលបានលទ្ធផល និងជ័យជំនៈ ពីយុទ្ធសាស្ដ្រទាំងបីដំណាក់កាលនេះ។
លោក សុខ ឥសាន្ដ បញ្ជាក់ថា៖ « គណបក្សប្រជាជន អត់មានអីប្រែប្រួលទេ គឺ នៅតែអនុវត្ត នយោបាយរបស់ខ្លួនដដែលទេ ដែលត្រូវបានប្រជាពលរដ្ឋលោកបោះឆ្នោតគាំទ្រ តាំងពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ននេះ គឺថា កម្មវិធីនយោបាយគណបក្សប្រជាជន ធ្វើមាននិរន្ដរភាព ចាប់តាំងពីយុទ្ធសាស្ដ្រត្រីកោណ ឆ្នាំ១៩៩៨ ,២០០៣ ហើយជាពិសេសចតុកោណ ពី ឆ្នាំ២០០៣ រហូតមកដល់២០១៦ -១៨ នេះ គឺថា វាជាយុទ្ធសាស្ដ្រ ចតុកោណដំណាក់កាលទីមួយ ទីពីរ ទីបី ហើយដែលយើងទាំងអស់គ្នាកំពុងទទួលលទ្ធផល ជ័យជំនៈ នូវយុទ្ធសាស្ដ្រចតុកោណទាំងបីដំណាក់កាល នេះហើយ។ ឥលូវវាចូលដល់ដំណាក់កាលនៃការកែទម្រង់នៃគ្រប់វិស័យ ដែលធ្វើអោយឃើញនូវជ័យជំនៈ និងលទ្ធផលផ្លែផ្កា គួរជាទីមោទនភាពដល់ប្រជាពលរដ្ឋទូទៅ »។
ជុំវិញគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ ដែលចេញជាផ្លូវការនៅថ្ងៃនេះដែរ លោក សូ ចន្ថា សាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយ បានបង្ហាញទស្សនៈថា គោលនយោបាយនេះ នឹងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋដែលរងគ្រោះដោយសារការបំពារបំពានដីធ្លី និងពលរដ្ឋដែលចង់បានសង្គមមួយមានយុត្ដិធម៌។ ប៉ុន្ដែ លោកបានលើកឡើងថា ដើម្បីអនុវត្តគោលនយោបាយនេះអោយមានប្រសិទ្ធិភាពត្រូវតែបង្កើតយន្ដការនានាដើម្បី ឆ្លើយតបដោយអហិង្សា។
លោក សូ ចន្ថា៖ « ពាក់ព័ន្ធនឹងចំនុចទាំងប្រាំនេះ ខ្ញុំគិតថា ជារឿងល្អ ដែលគណបក្សនេះ មានគោលនយោបាយការពារផលប្រយោជន៍ជាតិ ការពារទឹកដី ការពារកោះ ការពារសម្បត្តិធម្មជាតិ ហើយមានការអភិវឌ្ឍន៍ពិតប្រាកដ ដែលផ្ដល់ទៅដល់ផលប្រយោជន៍ទៅដល់ប្រជាពលរដ្ឋខ្មែរនោះ។ ចឹងខ្ញុំគិតថា គណបក្សនិមួយៗ តែងមានគោលនយោបាយរបស់ខ្លួនហើយគោលនយោបាយដែលផ្ដល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋពិតប្រាកដនោះ ទើបធ្វើការទាក់ទាញ ឬក៏អាច ធ្វើអោយពលរដ្ឋនិងមានការគាំទ្រ ហើយនិងបោះឆ្នោតអោយគណបក្សនោះបាន ចឹងសម្រាប់ខ្ញុំ គិតថា ជារឿងល្អដែលគណបក្សនិមួយៗចាប់ផ្ដើមបង្ហាញពីគោលនយោបាយរបស់ខ្លួនដែលជាក់លាក់នោះ»។
អ្នកសង្កេតការណ៍ឃ្លាំមើលការបោះឆ្នោត ពិនិត្យ ឃើញថា គណបក្សធំ២ដែលមានអាសនៈនៅសភា ក្រៅពី បង្ហាញគោលនយោបាយ ប្រកួតគ្នាហើយ ក៍បក្សទាំង២នៅបន្តវាយប្រហារ គ្នាទៀត តាមរលកធាតុអាកាស ហើយបានក្លាយជាសង្គ្រាមចិត្តសាស្ត្រមួយ ធ្វើឱ្យពលរដ្ឋ បារម្ភពីសុវត្ថិភាពរបស់ពួកគេ នៅពេលបោះឆ្នោតជិតចូលមកដល់ ខណៈ សកម្មជនបក្សប្រឆាំង និងសង្គមស៊ីវិល ជាច្រើននាក់ ត្រូវបានចាប់ខ្លួន៕