ភ្នំពេញ៖ ខណៈការបោះឆ្នោតកាន់តែជិតចូលមកដល់ គណបក្សប្រឆាំងធំជាងគេ ដែលមានអាសនៈនៅរដ្ឋសភា បានបញ្ចេញគោលនយោបាយការដឹកនាំប្រទេសរបស់ខ្លួនកាន់តែច្បាស់។
គណបក្សប្រឆាំង ដឹកនាំដោយ លោក សម រង្ស៊ី អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានបញ្ចេញ យុទ្ធសាស្ត្រថ្មីទៀត ចំនួន៥ចំនុច ដែលជាផ្នែកមួយ នៃការឃោសនារបស់ខ្លួនទាក់ទាញ ម្ចាស់ឆ្នោត។
ប៉ុន្តែចំនុចទាំង៥នេះ មើលទៅ គឺជាផែនការ ដ៏សំខាន់ចំពោះការផ្លាស់ប្ដូរការដឹកនាំ បើបក្សប្រឆាំងនេះ ឈ្នះឆ្នោតដឹកនាំប្រទេស។
ប៉ុន្តែអ្វីដែល ធ្វើឱ្យមានការទាក់ទាញគឺគោលដៅប្រាំចំនុចនេះ អាចនាំឱ្យអ្នកមានទ្រព្យសម្បត្តិ មួយចំនួនបានមកពីអំពើខុសច្បាប់ អាចប្រឈមមុខនឹង ផ្លូវច្បាប់តែអាចធ្វើពលរដ្ឋរងគ្រោះដោយការរំលោភបំពាន ដីធ្លីបាន ផលប្រយោជន៍មកវិញ។
នេះជាការយល់ឃើញរបស់អ្នកវិភាគ។ ប៉ុន្តែមន្ត្រីបក្សកាន់អំណាច ចាត់ទុកជារឿងបោកប្រាស់ ម្ចាស់ឆ្នោតទៅវិញ។ សូមស្ដាប់ លោក លៀ ស៊ីណា ស្រង់សម្ដីអ្នកវិភាគ មកជំរាបជូនដូចតទៅ៖
គោលដៅ ៥ ចំណុច របស់គណបក្សសង្គ្រោះជាតិ ត្រូវបានបង្ហោះលើ បណ្ដាញសង្គមរបស់ លោក សម រង្ស៊ី នៅថ្ងៃទី១៦សីហា ដែលមាន ដូចខាងក្រោមនេះ៖
១- ប្រគល់សងប្រទេសកម្ពុជា ជូនមកប្រជារាស្ត្រខ្មែរវិញ ដែលជាម្ចាស់ទឹកម្ចាស់ដី តែមួយគត់។
២- ប្រគល់សងទ្រព្យសម្បត្តិជាតិ ជូនមកប្រទេសជាតិវិញ ដូចជាព្រៃឈើ រ៉ែ ភ្នំ បឹងបួរ ស្ទឹង ទន្លេ រហូតដល់ឆ្នេរសមុទ្រ និងកោះកណ្តាលសមុទ្រ ដើម្បីទុកគ្រប់គ្រងឲ្យបម្រើផលប្រយោជន៍សាធារណៈ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ទាំងនោះ។
៣- ប្រគល់សងទ្រព្យសម្បត្តិរបស់ប្រជារាស្ត្រ ជូនមកប្រជារាស្ត្រវិញ ដែលជាម្ចាស់ដើម និងម្ចាស់ពិត លើផ្ទះសម្បែង ដីធ្លី ស្រែ ចំការ របស់ពួកគេ។
៤- ប្រគល់សងសិទ្ធិសម្រេចទាំងឡាយក្នុងការអភិវឌ្ឍន៍ប្រទេស ជូនមកប្រជាពលរដ្ឋវិញ មានន័យថា បញ្ឈប់ការអភិវឌ្ឍន៍ក្លែងក្លាយដូចសព្វថ្ងៃ ដែលបម្រើតែផលប្រយោជន៍ក្រុមគ្រួសារមេដឹកនាំពុករលួយ និងបក្សពួកមួយក្តាប់តូច ហើយរៀបចំឲ្យមានការអភិវឌ្ឍន៍ពិតប្រាកដ ប្រកបដោយចេរភាពនិងសមធម៌ ដែលបម្រើផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរទាំងមូល។
៥- ប្រគល់សងវាសនាប្រទេសកម្ពុជា ជូនមកប្រជារាស្ត្រខ្មែរវិញ ដែលជាអ្នកសម្រេចអនាគតរបស់ខ្លួន និងអនាគតស្រុកយើង ក្នុងឯករាជ្យភាពដ៏ពេញលេញ។
តើអ្នកវិភាគបញ្ហាសង្គម យល់ឃើញដូចម្ដេចដែរ ចំពោះគោលដៅ៥ចំនុចរបស់គណបក្សសង្គ្រោះជាតិ ដូចនេះ?
លោក សូ ចន្ថា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ បានបញ្ចេញការយល់ឃើញរបស់លោកថា ជាហានិភ័យ ខ្លាំងចំពោះ អ្នកមានអំណាច ដែល មានបានដោយសារការរឹបអូសដីធ្លីពី ពលរដ្ឋ។ លោក ពិនិត្យ ឃើញដូចនេះថា៖
ចំណែក លោក ឡុង គឹមឃន ជាអ្នកស្រាវជ្រាវ គោលនយោបាយការបរទេស និងច្បាប់អន្តរជាតិ យល់ឃើញ ថា៖
ជាមួយគ្នានេះ លោក បណ្ឌិត មាស នី អ្នកវិភាគបញ្ហាសង្គម ក៏បានបង្ហាញ ការយល់ឃើញរបស់លោកដែរ។ លោក ពិនិត្យ ឃើញមាន ចំនុច គុណសម្បត្តិនិងគុណវិបត្តិដូចនេះ៖
យ៉ាងណា ក៏ដោយ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ចាត់ទុក គោលនយោបាយ៥ចំនុច របស់ គណបក្សសង្គ្រោះជាតិ ថាជារូបភាព បោកបញ្ឆោត។ លោកថា កាលពីឆ្នាំ២០១៣ គណបក្សនេះ ក៏បានប្រើគោលនយោបាយដូចនេះដែរ។ លោក អះអាងថា គណបក្សប្រជាជនកម្ពុជាមានគោលនយោបាយ ពិតៗនិងបានអនុវត្ត បានជោគជ័យហើយ។
កាលពីបោះឆ្នោតសភាអាណត្តិទី៥ឆ្នាំ ២០១៣គណបក្សប្រជាជនកម្ពុជា បានឈ្នះ អាសនៈសភា បាន ៦៨ ដោយបានបាត់២២អាសនៈ ខណៈគណបក្សសង្គ្រោះជាតិ ដណ្ដើមបានអាសនៈ៥៥ ដោយកើនបាន៣៦អាសនៈ។
បក្សនយោបាយទាំង២នេះ ត្រូវបានមើលឃើញថា នឹង មានការប្រកួតប្រជែង យ៉ាងខ្លាំងក្លា នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោតសភា ឆ្នាំ២០១៨៕