ភ្នំពេញ៖ សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦សីហានេះបានឱ្យដឹងថា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ខ្យល់មូសុងនិរតីនឹងបន្ដមានឥទ្ធិពលខ្លាំងមកលើប្រទេសកម្ពុជា ពិសេសនៅតំបន់មាត់សមុទ្រ។
តាមរយៈសេចក្ដីជូនដំណឹងនេះ ក្រសួងក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងសាធារណជន មានការប្រុងប្រយ័ត្នខ្ពស់ នៅតំបន់ឆ្នេរ និងលើផ្ទៃសមុទ្រ ព្រោះអាចនឹងមានខ្យល់បក់បោកខ្លាំង និងមានរលកខ្ពស់។
យោងតាមការព្យាករណ៍ពីស្ថានភាពអាកាសធាតុនោះដដែលនេះ ៖
-តំបន់មាត់សមុទ្រ ៖ រួមមានខេត្តកោះកុង និងខេត្តព្រះសីហនុ អាចនឹងមានភ្លៀងបន្ដធ្លាក់ពីបង្គួរទៅច្រើន តែខេត្តកំពត និងខេត្តកែប អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។
-តំបន់វាលទំនាប និងតំបន់ខ្ពង់រាប៖ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ តែរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កណ្ដាល និងខេត្តតាកែវ អាចនឹងមានភ្លៀងធ្លាក់តិចតួច៕