en     km
en     km

តំណាងរាស្ត្រ​អូស្ត្រាលី​ម្នាក់​ ចោទ​រដ្ឋាភិបាល​រំលោភ​តួនាទី​ព្រះមហាក្សត្រ​ តែ​បក្ស​កាន់​អំណាច​បដិសេធ​?

Share

​ភ្នំពេញ​៖​ លោក​ ហុង​ លី​ម​ សមាជិក​សភា​អូស្ត្រាលី​ ដើម​កំណើត​ខ្មែរ​នៅ​រដ្ឋ​វិច​តូ​រី​យ៉ា​នៅ​ថ្ងៃ​ចន្ទទី​ ១៥​សីហា​ នេះ​បាន​និយាយ​ក្នុង​សន្និសីទ​របស់​លោក​ក្នុង​ប្រទេស​អូស្ដ្រាលី​ ដោយ​លើក​ឡើង​ថា​ គណបក្សកាន់អំណាច​នៅ​កម្ពុជា​សព្វថ្ងៃ​បាន​ រំលោភ​បំពាន​លើ​ ព្រះមហាក្សត្រ​យ៉ាងធ្ងន់ធ្ងរ​ ហើយ​មិនតែប៉ុណ្ណោះ​ ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​បាន​តាំង​ខ្លួនឯង​ខ្ពស់​លើ​ព្រះមហាក្សត្រ​ថែម​ទៀត​ ។​
​លោក​ពន្យល់​ថា​ ដូច​ជា​ការ​ចារ​បន្ថែម​លើ​រាជ​សារ​របស់​ព្រះមហាក្សត្រ​ ដែល​ឲ្យ​ពិនិត្យ​មើល​ញត្ដិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​យក​ស្នាម​មេដៃ​មក​ថ្វាយ​ព្រះមហាក្សត្រ​។​ ប៉ុន្ដែ​មន្ដ្រី​រាជរដ្ឋាភិបាល​ បាន​ចាត់​ទុក​ការ​វាយប្រហារ​របស់​លោក​ ហុង​ លី​ម​ នេះ​ថា​ ជា​ការ​ប្រឆាំង​ងុប​ង​ល់​ ហើយ​បក្ស​កាន់​អំណាច​មិន​បាន​រំលោភ​តួនាទី​ព្រះមហាក្សត្រ​អ្វី​ឡើយ​។

ស្តាប់សំឡេង៖

លោក ហុង លីម សមាជិកសភាអូស្ត្រាលី ដើមកំណើតខ្មែរនៅរដ្ឋវិចតូរីយ៉ា។
លោក ហុង លីម សមាជិកសភាអូស្ត្រាលី ដើមកំណើតខ្មែរនៅរដ្ឋវិចតូរីយ៉ា។

​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ នៅ​ចំពោះ​មុខ​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​  ដែល​ត្រូវ​បាន​បង្ហោះ​ផ្សព្វផ្សាយ​ជា​សា​ធារ​​ណៈ​នៅ​ថ្ងៃនេះ​ លោក​ ហុង​ លី​ម​ ថ្លែង​រិះគន់​ថា​របប​ដឹកនាំ​ដោយ​សម្ដេច​ ហ៊ុន​ សែន​ សព្វថ្ងៃ​គឺជា​ការ​ដឹកនាំ​មួយ​មិន​គោរព​ព្រះមហាក្សត្រ​ អ្វី​ទេ​។​

​ត្រង់​ចំណុច​នេះ​លោក​បាន​លើក​ជា​ឧទាហរណ៍​ថា​ ដូច​កាលដែល​ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជ​សារ​ឲ្យ​មន្ដ្រី​អាជ្ញាធរ​ធ្វើការ​ពិនិត្យ​មើល​ និង​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ទៅ​តាម​អ្វី​ដែល​អាច​ធ្វើ​បាន​ ប៉ុន្ដែ​ លោក​ថាស​ម្ដេច​ ហ៊ុន​ សែន​ បែរជា​យក​រាជ​សារ​របស់​ព្រះមហាក្សត្រ​មក​សរសេរ​បន្ថែម​លើ​រាជ​សារ​  ដែល​នេះ​ជា​ការ​ប្រមាថ​លើ​ព្រះមហាក្សត្រ​ ដែល​ជា​ម្ចាស់​ប្រទេស​ទាំងមូល​ ។​

បន្ថែម​ពី​នេះ​លោក​ ហុង​ លី​ម​ ថា​ បច្ចុប្បន្ន​នេះ​គណបក្សកាន់អំណាច​បាន​យក​ខ្លួនឯង​ធំ​ជាង​ស្ថាប័ន​ព្រះមហាក្សត្រ​ទៅ​ទៀត​។​ សមាជិក​សភា​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​-​ប្រចាំ​រដ្ឋ​វ៉ិ​ច​តូ​រី​យ៉ា​ រូប​នេះ​បាន​បញ្ជាក់​ថា​ លោក​ មានការ​គោរព​ព្រះមហាក្សត្រ​ និង​ឲ្យ​តម្លៃ​ប្រជាពលរដ្ឋ​គ្រប់​រូបៗ​ ប៉ុន្ដែ​លោក​មិន​ឲ្យ​តម្លៃ​របប​ដឹកនាំ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​សព្វថ្ងៃ​នោះ​ទេ​ ដែល​លោក​ថា​ គឺជា​របប​ដឹកនាំ​ដូច​ «​តិរច្ឆាន​»​។​

លោក​ ហុង​ លី​ម​៖«​ខ្ញុំ​យក​ជា​ ឧទាហរណ៍​មួយ​ជាក់ស្ដែង​ គណបក្សប្រឆាំង​យក​ញត្ដិ​មួយ​ដែល​ថា​មាន​ស្នាមមេដៃប្រមាណ​ម៉ឺន​នាក់​យក​ទៅ​ថ្វាយ​ព្រះមហាក្សត្រ​ បើ​អ្នក​ភ្នំពេញ​ស្ដាប់​ឮ​សូម​ស្ដាប់​ឲ្យ​ច្បាស់​ នោះ​គឺជា​រឿង​រវាង​ប្រជារាស្ដ្រ​ផ្ញើទូល​ថ្វាយ​ព្រះករុណា​ជាអម្ចាស់​ គឺជា​រឿង​រវាង​រាស្ដ្រ​និង​ស្ដេច​តែ​ពីរ​មុខ​ទេ​ ហើយ​អ្នកឯង​មក​ឆែក​ ថា​ ស៊ី​ញ៉េ​ (​ហត្ថលេខា​)​ ហ្នឹង​ក្លែងក្លាយ​ឬ​មិន​ក្លែងក្លាយ​ ហើយ​ទាក់ទង​អី​នឹង​ខ្លួន​ហ្នឹង​ អាហ្នឹង​ជា​ការ​ប្រមាថ​ស្ដេច​ពេញទី​ហើយ​»​។​

​ជុំវិញ​ប្រសាសន៍​សមាជិក​សភា​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​-​ប្រចាំ​រដ្ឋ​វ៉ិ​ច​តូ​រី​យ៉ា​នេះ​ដែរ​ លោក​ ផៃ​ ស៊ី​ផាន​ អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​បាន​ផ្ដល់​បទ​សម្ភាសន៍​មក​កាន់​វិទ្យុ​ស្ដ្រី​FM102​ នៅ​ថ្ងៃ​ទី​ ១៥​សីហា​ ថា​ លោក​សោកស្ដាយ​ជា​ខ្លាំង​ចំពោះ​ការ​មើលឃើញ​ផ្ទុយ​ពី​ការ​ពិត​របស់​លោក​ ហុង​ លី​ម​ ដូចនេះ​។​ អ្នកនាំពាក្យ​បាន​ បន្ថែម​ឲ្យ​ដឹង​ទៀត​ថា​ ការ​ដែល​មន្ដ្រី​រាជរដ្ឋាភិបាល​ ពិនិត្យ​លើ​ស្នាម​មេដៃ​ពលរដ្ឋ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ យក​មក​ថ្វា​យព្រះមហាក្សត្រ​គឺ​ធ្វើ​តាម​ ព្រះ​តម្រិះ​របស់​ព្រះមហាក្សត្រ​ប៉ុណ្ណោះ​ ហើយ​ម្យ៉ាងវិញទៀត​ គឺជា​ការងារ​ដែល​ត្រូវធ្វើ​តាម​ទម្រង់​រដ្ឋបាល​។​ លោក​យល់​ថា​ ការ​លើក​ឡើង​របស់​លោក​ ហុង​ លី​ម​ គឺជា​សម្ដី​ពាល​ដែល​មិន​អាច​ទទួលយក​បាន​ឡើយ​ ។​

អ្នកនាំពាក្យ​ទីស្ដីការគណរដ្ឋមន្ដ្រី​ លោក ផៃ សីុផាន
អ្នកនាំពាក្យ​ទីស្ដីការគណរដ្ឋមន្ដ្រី​ លោក ផៃ សីុផាន

​តែ​យ៉ាងណា​លោក​ ផៃ​ ស៊ី​ផា​ន​ ក៏​បាន​ផ្ដាំ​លោក​ ហុង​ លី​ម​ ថា​ គួរតែ​គិត​គូរ​ពី​ការងារ​របស់​ខ្លួន​នៅ​ប្រទេស​អូស្ដ្រាលី​ វិញ​ទៅ​ ដោយ​មិន​ចាំបាច់​មក​លូកលាន់​ការងារ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​ បើសិនជា​ខ្លួន​បាន​បោះបង់​សញ្ជាតិ​កំណើត​ខ្លួន​ចោល​ទៅ​ហើយ​នោះ​។​

លោក​ ផៃ​ ស៊ី​ផា​ន​៖«​អ​ញ្ចឹ​ង​បាន​ខ្ញុំ​ថា​ នេះ​ជា​ការ​យល់​របស់​អ្នកប្រឆាំង​រាជរដ្ឋាភិបាល​ផ្កាប់មុខ​អ្វី​ដែល​យើង​ធ្វើ​គឺជា​នី​តិ​វិធី​រដ្ឋបាល​រវាង​នីតិ​ប្រតិបត្ដិ​ជាមួយ​ព្រះមហាក្សត្រ​ដែល​យើង​តែងតែ​ធ្វើ​ហើយ​អ្វី​ដែល​ជា​ការ​យល់​ឃើញ​របស់​ជនពាល​ នោះ​យើង​មិន​យកចិត្ដទុកដាក់​ទេ​បាទ​»​។​

​ចំណែក​លោក​ សូ​ ច​ន្ថា​ សាស្ដ្រាចារ្យ​វិទ្យា​ស្ដ្រ​នយោបាយ​យល់​ឃើញ​ថា​ ការ​លើក​ឡើង​របស់​លោក​ ហុង​ លី​ម​ គឺជា​មតិ​បុគ្គល​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។​ លោក​សាស្ដ្រាចារ្យ​វិទ្យា​សាស្ដ្រ​នយោបាយ​រូប​នេះ​ថា​ ច្បាប់រដ្ឋធម្មនុញ្ញ​ ចែង​ពី​សិទ្ធិ​អង្គ​ព្រះមហាក្សត្រ​គឺជា​ តួនាទី​ខ្ពង់ខ្ពស់​ក្នុង​ការ​ជួយ​ ប្រទេស​ជាតិ​ ឲ្យ​មាន​ឯក​ភាព​ជាតិ​ តុលាការ​ឯករាជ្យ​ រក្សា​នូវ​បូរណភាព​ទឹកដី​ ក៏​ប៉ុន្ដែ​ច្បាប់​ទាំងនេះ​មិន​បាន​អនុវត្ដ​នោះ​ទេ​។​ តែ​បែរជា​ឮ​ពី​ការ​គំរាម​លើ​របប​រាជា​និយម​ទៅ​វិញ​។​

ត្រង់​ប្រការ​នេះ​លោក​ថា​ ប្រសិនជា​គណបក្សកាន់អំណាច​មិន​ចង់​ឮ​ការ​តិះ​តៀន​ពី​មនុស្ស​ជុំវិញ​ខ្លួន​ ពី​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​ស្ថាប័ន​ព្រះមហាក្សត្រ​ គឺ​ថ្នាក់ដឹកនាំ​គណបក្សកាន់អំណាច​ត្រូវ​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ច្បាប់រដ្ឋធម្មនុញ្ញ​ដែល​មាន​ចែង​ពី​សិទ្ធិ​អំណាច​របស់​អង្គ​ព្រះមហាក្សត្រ​។​

​លោក​ សូ​ ច​ន្ថា​៖«​ប្រសិនបើ​មានការ​ចារ​នៅ​លើ​ព្រះរាជ​លិខិត​របស់​អង្គ​ព្រះមហាក្សត្រ​ខ្ញុំ​គិត​ថា​ នោះ​នីតិ​វិធី​រដ្ឋបាល​ដូច​មិន​មាន​ចែង​ទៅ​ក្នុង​នោះ​ទេ​ប៉ុន្ដែ​វា​ឆ្លុះ​ប​ញ្ជាំ​ង​ថា​ មិន​គោរព​ មិន​ឲ្យ​តម្លៃ​ ទៅ​លើ​ព្រះរាជ​លិខិត​របស់​ព្រះមហាក្សត្រ​ទៅ​វិញ​ទេ​»​។​

​សូម​ជម្រាប​ថា​ លោក​ ហុង​ លី​ម​ សមាជិក​សភា​អូស្ត្រាលី​ ដើម​កំណើត​ខ្មែរ​នៅ​រដ្ឋ​វ៉ិ​ច​តូ​រី​យ៉ា​ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាស​ហាម​មិន​ឱ្យ​ចូល​ប្រទេស​កម្ពុជា​  ក្រោយ​ពេល​លោក​បាន​ផ្ដល់​បទ​សម្ភាសន៍​ទៅ​កាន់​វិទ្យុ​អាស៊ី​សេរី​កាលពី​ថ្ងៃ​ទី​ ០៣​សីហា​ ឆ្នាំ​ ២០១៦​ ជុំវិញ​ឃាតកម្ម​លើ​លោក​បណ្ឌិត​ កែម​ ឡី​ ដោយ​លោក​ បាន​ហៅ​របប​ដឹកនាំ​ដោយ​សម្ដេច​ ហ៊ុន​ សែន​ ថា​ ជា​របប​«​តិរច្ឆាន​»​។​ ប៉ុន្តែ​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ​ លោក​ ហុង​ លី​ម​ ប្រកាស​ថា​ លោក​នឹង​វិល​ ចូល​ប្រទេស​កម្ពុជា​ វិញ​ នៅ​ពេល​មានការ​ផ្លាស់​ប្ដូរ​មេដឹកនាំ​ សព្វ​ថ្ងៃនេះ​ ៕

 

 

 

 

Share

ព័ត៌មានទាក់ទង

Image