en     km
en     km

ថៃ​ប្រឈម​បាត់បង់​ភ្ញៀវ​ទេសចរ​ ២​សែន​នាក់​បន្ទាប់​ពី​មានការ​បំផ្ទុះ​នៅ​តំបន់​ទេសចរណ៍​

Share

ក្រុង​បាងកក​៖​ ប្រធាន​អាជ្ញាធរ​ទេសចរណ៍​នៃ​ប្រទេស​ថៃ​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​ទី​១៥​ សីហា​នេះ​ថា​ ប្រទេស​ថៃ​បាន​បាត់បង់​ភ្ញៀវ​ទេសចរ​បរទេស​រហូត​ដល់​ទៅ​ ២​ សែន​នាក់​ ចំណែក​ចំណូល​ដែល​បាន​ពី​វិស័យ​ទេស​ ចរណ៍​ក៏​បាន​ធ្លាក់​ចុះ​រហូត​ដល់​ ២៩៣​ លាន​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ​នៅ​ឆ្នាំ​នេះ​ បន្ទាប់​ពី​មានការ​បំផ្ទុះ​សម្លាប់​មនុស្ស​នៅ​ក្នុង​ក្រុង​ទេសចរណ៍​សំខាន់ៗ​មួយ​ចំនួន​កាលពី​ស​ប្តា​ហ៍​មុន​។

thia-thum-wmc

​រលក​សញ្ញា​នៃ​ការ​វាយប្រហារ​នៅ​ទីកន្លែង​ទេសចរណ៍​មួយ​ចំនួន​រួម​ទាំង​តំបន់​មាត់សមុទ្រ​ហួ​ហ៊ី​ន​ និង​កោះ​ភូ​កេ​ត​ នា​ពេល​ថ្មីៗ​នេះ​ គឺជា​បញ្ហា​ប្រឈម​ធំ​បំផុត​សម្រាប់​ឧស្សាហកម្ម​គ្មាន​ផ្សែង​ដែល​ប្រទេស​នេះ​ធ្លាប់​បាន​ទទួល​ជោគជ័យ​ជាង​មួយ​ទសវត្សរ៍​មក​ហើយ​។​ តែ​យ៉ាងណា​វិស័យ​ទេសចរណ៍​របស់​ប្រទេស​ថៃ​បាន​ជួបនឹង​អ​ស្ថេ​រ​ភាព​វិញ​ ក្រោយ​ពី​មាន​អំពើ​ហិង្សា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ​។​

​អភិបាល​នៃ​អាជ្ញាធរ​ជាតិ​ទេសចរណ៍​ប្រទេស​ថៃ​លោក​ Yuthasak​ Supasorn​ បាន​និយាយ​ថា​ លទ្ធផល​នៃ​ការ​វាយប្រហារ​នេះ​ជា​បន្តបន្ទាប់​នេះ​ អាច​បណ្តាល​ឱ្យ​ខាតបង់​ប្រាក់​ចំណូល​ និង​បាត់បង់​ភ្ញៀវ​ទេសចរណ៍​ផង​ដែរ​ ហើយ​ភាគច្រើន​ពួក​គេ​មក​ពី​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី​។​

​លោក​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖«​នៅ​ចុងឆ្នាំ​នេះ​អាច​មាន​ភ្ញៀវ​ទេសចរណ៍​ប្រមាណ​ ១​សែន​ ទៅ​ ២​សែន​នាក់​ លុប​ចោលការ​ធ្វើ​ដំណើរ​មក​ប្រទេស​ថៃ​»​។​ លោក​ថា​៖"​យើង​ក៏​បាត់បង់​ចំណូល​ប្រមាណ​ ៥,០៨​ ពាន់​លាន​បាត​ (១៤៦​ លាន​ដុល្លារ​អា​មេ​រិ​ក​)​ ដល់​ ១០,១៦​ ពាន់​លាន​បាត​ (២៩៣​ លាន​ដុល្លារ​អា​មេ​រិ​ក​)​។​

​វិស័យ​ទេសចរណ៍​មាន​ចំនួន​ ១០​ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​ថៃ​ ហើយ​ជា​ផ្នែក​មួយ​នៃ​វិស័យសេដ្ឋកិច្ច​សំខាន់ៗ​របស់​ប្រទេស​នេះ​ គឺ​ក្រោម​ការ​ត្រួតត្រា​របស់​រដ្ឋាភិបាលយោធា​ដែល​ដណ្តើម​អំណាច​ក្នុង​ការ​ធ្វើ​រដ្ឋប្រហារ​មិន​បង្ហូរឈាម​មួយ​កាលពី​ពីរ​ឆ្នាំ​មុន​។​

​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​មាន​កំណត់​ត្រា​ភ្ញៀវ​ទេសចរ​ ៣២​ លាន​នាក់​នៅ​ឆ្នាំ​ ២០១៦​ ជាមួយនឹង​ការ​រំពឹង​ទុក​ថា​ និង​អាច​ទទួល​បាន​ចំណូល​ ២,៤១​ ពាន់​ពាន់​លាន​បាត​ ឬ​ស្មើនឹង​៧០​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ​។​

​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​របស់​ប្រទេស​ថៃ​បានឱ្យ​ដឹង​កាល​ថ្ងៃ​សុក្រ​ថា​ នឹង​អាច​មាន​ផល​ប៉ះពាល់​ចំពោះ​អាជីវកម្ម​ និង​ទំនុកចិត្ត​របស់​អតិថិជន​បន្ទាប់​ពី​មានការ​បំផ្ទុះ​គ្រាប់បែក​។​

​រហូត​មក​ទល់​ពេល​នេះ​ គ្មាន​ក្រុម​ណាមួយ​បាន​ប្រកាស​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ និង​ថ្ងៃ​សុក្រ​ ដែល​បាន​សម្លាប់​មនុស្ស​បួន​នាក់​ និង​រាប់​សិប​នាក់​រង​របួស​ ហើយ​ភាគច្រើន​ពួក​គេ​គឺជា​ភ្ញៀវ​ទេសចរ​។​

​ប៉ូ​លី​សបាន​និយាយ​កាលពី​ថ្ងៃ​នៅ​ទី​ចន្ទ​នេះ​ថា​ ពួក​គេ​បាន​ចាប់ខ្លួន​បុរស​ម្នាក់​បង្កហេតុ​នោះ​ហើយ​។​

ស្ថានទូត​នានា​ក្នុង​ប្រទេស​ថៃ​ បាន​ព្រមាន​ដល់​ពលរដ្ឋ​របស់​ខ្លួន​ឱ្យ​ប្រុងស្មារតី​ ដោយ​ព្រមាន​ថា​អាច​នឹង​មានការ​វាយប្រហារ​ជា​ច្រើន​ទៀត​៕​ប្រភព​៖CNA

Share

Image
Image
Image