ភ្នំពេញ៖ ឯកសារគោលក្នុងការចុះឈ្មោះបោះឆ្នោតគឺអត្តសញ្ញាណប័ណ្ណដែលប្រជាពលរដ្ឋត្រូវកាន់យកទៅចុះឈ្មោះបោះឆ្នោត។
កន្លងមកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានបញ្ជាក់ថាបុគ្គលណាក៏ដោយទោះជាមិនមានចេះនិយាយភាសាខ្មែរ ឲ្យតែមានអត្តសញ្ញាប័ណ្ណគឺអាចចុះឈ្មោះបោះឆ្នោតបាន។ អង្គការដែលធ្វើការងារទាក់ទិននឹងការបោះឆ្នោតថាគ.ជ.ប មានសិទ្ធិសង្ស័យលើឯកសាររបស់ជនបរទេសនោះថាតើ មានភាពត្រឹមត្រូវដែរឬទេ។
យ៉ាងណាមន្ត្រីគ.ជ.ប ថា គេអាចប្ដឹង រកការពិតទៅតុលាការលើបុគ្គល កាន់ឯកសារចុះឈ្មោះបោះឆ្នោត មិនត្រឹមត្រូវ ខណៈអ្នកច្បាប់ថា អ្នកបន្លំឯកសារអត្តសញ្ញណប័ណ្ណនឹងមានទោស។ កញ្ញា ច្រឹក ស្រីអូន មានសេក្តីរាយការណ៍៖
នៅក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ជំពូកទី៣ ស្ដីពីការចុះឈ្មោះបោះឆ្នោតនិងបញ្ជីបោះឆ្នោតត្រង់មាត្រា១២ បញ្ជាក់ថាដើម្បីបោះឆ្នោតបានប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ដោយប្រជាពលរដ្ឋត្រូវបំពេញលក្ខណដូចខាងក្រោម៖
មានសញ្ជាតិខ្មែរ មានអាយុ១៨ឆ្នាំឡើងទៅគិតដល់ថ្ងៃបោះឆ្នោតមានលំនៅឋាន ឬទីសំណាក់ក្នុងឃុំសង្កាត់ដែលសាមីខ្លួនត្រូវបោះឆ្នោតជាដើម។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានលើឡើងថា គ.ជ.ប ធ្វើតាមតែច្បាប់ដែលបានចែងតែប៉ុណ្ណោះ។
លោកបន្តថានៅពេលប្រជាពលរដ្ឋមានឯកសារគ្រប់គ្រាន់ មន្ត្រីចុះឈ្មោះត្រូវតែចុះឈ្មោះបោះឆ្នោតឲ្យត្រឹមត្រូវព្រោះបើមិនដូច្នោះនឹង ត្រូវមានទោសពីបទរារាំង។ តែយ៉ាងណាលោកថា ចំពោះជនបរទេសដែលសង្ស័យថាមានឯកសារមិនស្របច្បាប់ គឺ តំណាងបក្សនយោបាយ ឬពលរដ្ឋមានសិទ្ធិប្ដឹងករណីនេះទៅតុលាការ។
លោក ហង្ស ពុទ្ធា៖‹‹គ.ជ.បអ្វីដែលច្បាប់ចែងគឺមានអត្តសញ្ញាណប័ណ្ណ គឺអាចចុះឈ្មោះបានបើឃើញមានភាពមិនប្រក្រតីប្រជាពលរដ្ឋទូទៅអាចប្ដឹងជំទាស់ ចំពោះសមីរូបណាដែលយើងសង្ស័យថាមិនមានសញ្ជាតិខ្មែរ››។
ជុំវិញចំនុចនេះលោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅថាខុមហ្វ្រែល មានប្រសាសន៍ថា គ.ជ.ប មានសិទ្ធិក្នុងការសង្ស័យបុគ្គលទាំងនោះបានដែរដោយជូនដំណឹងទៅអាជ្ញាធរ និងក្រសួងមហាផ្ទៃដើម្បីពិនិត្យមើលករណីនេះឡើងវិញ។
លោកថាតែបើបុគ្គលនោះមានឯកសារត្រឹមត្រូវ គឺត្រូវតែចុះឈ្មោះបោះឆ្នោតឱ្យជនបរទេសនោះ។ ប៉ុន្តែ គេត្រូវផ្ទៀងផ្ទាត់់ឯកសារពាក់ព័ន្ធជាពិសេស ឯកសារផ្ដល់សញ្ជាតិដែល ជារាជក្រិតរបស់ព្រះមហាក្សត្រ ដោយអនុលោមតាមច្បាប់សញ្ញាតិមាត្រា៨។
លោក គល់ បញ្ញា៖‹‹ខ្ញុំចង់និយាយពិជនបរទេសដេលមិនចេះភាសាខ្មែរគ.ជ.បមានសិទ្ធសង្ស័យនឹងបាន ហើយឯកសារនឹងអាចឲ្យទៅអាជ្ញាធរមានសមត្ថិកិច្ចក្រសួងមហាផ្ទៃគេមានបញ្ជាក់មកថាឯកសារនឹងពិតជាត្រឹមត្រូវអត់ព្រោះថាគ.ជ.បគ្មានលទ្ធភាពធ្វើកោសល្យវិច្ឆ័យបានទេនៅក្នុងសេក្តីប្រកាសរបស់ក្រសួងមមហាផ្ទៃស្ដីពីការធ្វើអត្តសញ្ញាណប័ណ្ណនៅមាត្រា៨បើអ្នកទទួលបានក្តីតែបើគេរកឃើញថាមិនមានសញ្ញាខ្មែរក៏គេអាចដកហូតវិញបានដែល››។
ចំណែកលោក សួន វីសាល អ្នកច្បាប់មានប្រសាសថាអ្នកដែលផ្តល់អត្តសញ្ញាណប័ណ្ណដោយមិនបានទទួលបានព្រះរាជក្រិតពីព្រះមហាក្សត្រ អ្នកនោះនឹងត្រូវទទួល ទោស ចំពោះអ្នកប្រើប្រាស់ឯកសារក្លែងនោះក៏ត្រូវមានទោសដែរ។
លោក សួន វិសាល៖ ‹‹កាលណាធ្វើខុសច្បាប់វាចូលរឿងព្រហ្មទណ្ឌអញ្ចឹអ្នកចាត់ការចូលនគបាលព្រហ្មទណ្ឌហើយគ្រប់បទល្មើសទាំងអស់នគបាលយុត្តធម៍ត្រូវចាក់ការបាន។ត្រូវស៊ើបមើលថាប័ណ្ណនឹងចេញកមពីណាកាលណាមានពាក្យបណ្ដឹង។កាលពាឃើញខុសត្រូវចាប់ម្នាក់នឹងដាក់គុកអ្នកប្រើប្រាស់ក៏មានទោសពីបទប្រើប្រាស់ឯកសារក្លែង››។
ជាមួយគ្នានេះ គណបក្សសង្គ្រោះជាតិ ប្រកាសថា នឹងពិនិត្យមើលច្បាប់សញ្ជាតិ និងច្បាប់អន្តោប្រវេស្តឡើងវិញ។
លោក អេង ឆៃអ៊ាង អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានថ្លែងទៅកាន់សកម្មជនគណបក្សលោក នៅចាក់អង្រែលើ់ នៅថ្ងៃនេះថា ការពិនិត្យមើល ច្បាប់ទាំងពីរនេះ ដោយសារមានការសង្ស័យករណីជនបរទេស មានសិទ្ធិចុះឈ្មោះបោះឆ្នោតបាននៅកម្ពុជាទោះជាជននោះមិនបានបំពេញ តាមច្បាប់សញ្ជាតិ ក៏ដោយនោះ។
លោក អេង ឆៃអ៊ាង៖‹‹រយៈពេលប៉ុន្មាថ្ងៃមកនេះមន្ត្រីគ.ជ.ប ជនណាក៏ដោយឲ្យតែមានអត្តសញ្ញាណប័ណ្ណអាចចុះឈ្មោះបោះឆ្នោតបានជុំវិញការលើកឡើងនេះបក្សសង្គ្រោះជាតិក្នុងសប្តាហ៍នេះសិក្ខាសាលាដើម្បីស្វែងយល់ស្តីពីច្បាប់សញ្ញាជាតិច្បាប់អន្តោប្រវេសនៃព្រះរាជាណាចក្រកម្ពុជា››។
ជនបរទេស ដែលត្រូវ បានមជ្ឈដ្ឋានមួយចំនួនសង្ស័យថា មានសិទ្ធិចុះបោះឆ្នោតបានគឺ ជនជាតិវៀតណាម ដែលមករស់នៅក្នុងប្រទេសកម្ពុជា។
ប្រទេសកម្ពុជា នឹងមានការបោះឆ្នោតសំខាន់ចំនួន ២គឺការបោះឆ្នោតក្រុម ប្រឹក្សាឃុំសង្កាត់ ខែមិថុនា ឆ្នាំ២០១៧ និងការបោះឆ្នោត សភា ឆ្នាំ២០១៨ ដែលអ្នកសង្កេតការណ៍យល់ឃើញមានថា សារសំខាន់ព្រោះការបោះឆ្នោតលើកនេះ ក្រោមការកែទម្រង់ប្រព័ន្ធបោះឆ្នោត ដោយមានសហភាពអឺរ៉ុប និង ប្រទេសជប៉ុន ជួយសហការការងារ បច្ចេកទេស៕