ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីការកោះហៅមន្ត្រីអាហុកមួយរូប មកចូលបំភ្លឺក្នុងនាមជាសាក្សី នៅចុងខែ សីហានេះ ក្នុងសំណុំរឿងនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលគេសង្ស័យមានស្នេហាលួចលាក់ជាមួយប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។
បើតាមអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានប្រាប់អ្នកសារព័ត៌មានតាមបណ្តាញសង្គមតេឡេក្រាមនៅថ្ងៃទី ១៥ ខែ សីហានេះ ថា ចៅក្រមស៊ើបសួរលោក ធាម ចន្ទ័ពិសិដ្ឋ បានកោះហៅអ្នកស្រី ឆន សុគន្ធា ជាប្រធានផ្នែកស្ត្រីសមាគមអាដហុក មកសាកសួរជាសាក្សីក្នុងសំណុំរឿងសូកប៉ាន់សាក្សីគឺ នាង ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ។
តុលាការបានចេញដីការកោះហៅមន្ត្រី អាហុករូបនេះ នៅថ្ងៃទី ១៣សីហា ឆ្នាំ២០១៦ ដោយបង្គាប់ឲ្យមន្ត្រី សមាគមអាដហុក ចូលបំភ្លឺនៅម៉ោង ៩ ព្រឹក ថ្ងៃទី ២៤សីហា ខាងមុខនេះ។
ក្នុងសំណុំរឿងដូចគ្នានេះ នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM ក៏ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកោះហៅឲ្យបំភ្លឺក្នុងនាមជាសាក្សីដែរ។
បើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ លោក ប៉ា ងួនទៀង លោកនឹងចូលខ្លួនបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ ទី ១៨ខែសីហា វេលាម៉ោង ៩ព្រឹក តាមដីការកោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញ។
ក្នុងសំណុំរឿងនាង ខុម ចាន់តារ៉ាទី ហៅស្រី មុំ មន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប និងមន្ត្រី គ.ជ.ប ១រូប កំពុងឃុំខ្លួននៅក្នុងពន្ធនាគារពីបទចោទ សូកប៉ាន់សាក្សី និង សមគំនិតសាក្សីហើយ អ្នកតំណាងរាស្ត្របក្សប្រឆាំង២រូបទៀត ក៏បាន កោះហៅ ក្នុងករណីស្ត្រីរូបនេះដែរ។ ចំណែកលោក កឹម សុខា ក៏រងការកោះហៅ ចូលខ្លួនបំភ្លឺជាច្រើនលើកផងដែរ តែលោក កឹម សុខា មិនចូលខ្លួនបំភ្លឺនោះទេ៕