en     km
en     km

តុលាការ​កោះហៅ​មន្ត្រី​អា​ដ​ហុ​ក​ម្នាក់​ទៀត​ មក​បំភ្លឺ​ក្នុង​នាម​សាក្សី​ករណី​នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​

Share

ភ្នំពេញ៖ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​ដីការ​កោះហៅ​មន្ត្រី​អា​ហុ​កមួយ​រូប​ មក​ចូល​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​ នៅ​ចុងខែ​ សីហា​នេះ​ ក្នុង​សំណុំរឿង​នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​មុំ​ ដែល​គេ​សង្ស័យ​មាន​ស្នេហា​លួចលាក់​ជាមួយ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​។​

tulaka-sala-dombong-1​បើ​តាម​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ លី​ សុ​ផា​ណា​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​តាម​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ​ទី​ ១៥​ ខែ​ សីហា​នេះ​ ថា​ ចៅក្រម​ស៊ើបសួរ​លោក​ ធា​ម​ ច​ន្ទ័​ពិសិដ្ឋ​ បាន​កោះហៅ​អ្នកស្រី​ ឆ​ន​ សុ​គ​ន្ធា​ ជា​ប្រធាន​ផ្នែក​ស្ត្រី​សមាគម​អា​ដ​ហុ​ក​ មក​សាកសួរ​ជា​សាក្សី​ក្នុង​សំណុំរឿង​សូកប៉ាន់​សាក្សី​គឺ​ នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ ស្រី​មុំ​។​

​តុលាការ​បាន​ចេញ​ដីការ​កោះហៅ​មន្ត្រី​ អា​ហុ​ក​រូប​នេះ​ នៅ​ថ្ងៃ​ទី​ ១៣​សីហា​ ឆ្នាំ​២០១៦​ ដោយ​បង្គាប់​ឲ្យ​មន្ត្រី​ សមាគម​អា​ដ​ហុ​ក​ ចូល​បំភ្លឺ​នៅ​ម៉ោង​ ៩​ ព្រឹក​ ថ្ងៃ​ទី​ ២៤​សីហា​ ខាង​មុខ​នេះ​។​

​ក្នុង​សំណុំរឿង​ដូច​គ្នា​នេះ​ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ CCIM​ ក៏​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កោះហៅ​ឲ្យ​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​ដែរ​។​

​បើ​យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ លោក​ ប៉ា​ ងួ​ន​ទៀង​ លោក​នឹង​ចូលខ្លួន​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​ ១៨​ខែសីហា​ វេលា​ម៉ោង​ ៩​ព្រឹក​ តាម​ដីការ​កោះហៅ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ក្នុង​សំណុំរឿង​នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​ មុំ​ មន្ត្រី​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​៤​រូប​ និង​មន្ត្រី​ គ​.​ជ​.​ប​ ១​រូប​ កំពុង​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ពី​បទ​ចោទ​ សូកប៉ាន់​សាក្សី​ និង​ សមគំនិត​សាក្សី​ហើយ​ អ្នកតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​២​រូប​ទៀត​ ក៏​បាន​ កោះហៅ​ ក្នុង​ករណី​ស្ត្រី​រូប​នេះ​ដែរ​។​ ចំណែក​លោក​ កឹ​ម​ សុខា​ ក៏​រង​ការ​កោះហៅ​ ចូលខ្លួន​បំភ្លឺ​ជា​ច្រើន​លើក​ផង​ដែរ​ តែ​លោក​ កឹ​ម​ សុខា​ មិន​ចូលខ្លួន​បំភ្លឺ​នោះ​ទេ​៕

Share

Image
Image
Image