ភ្នំពេញ៖ សកម្មជនស្ត្រីជនជាតិអ៊ីរ៉ង់ម្នាក់ បានលើកបដាតវ៉ាមួយផ្ទាំងក្នុងអំឡុងការប្រកួតកីឡាបាល់ទះ នៅក្នុងព្រឹត្តការណ៍កីឡាអូឡាំពិកនាទីក្រុងរីយ៉ូតប្រទេសប្រេស៊ីល។
ផ្ទាំងបដានោះក៏ត្រូវបានសន្តិសុខយកចេញភ្លាមៗដែរ បន្ទាប់ពីស្ត្រីជនជាតិអ៊ីរ៉ង់នោះបានលើកបង្ហាញ។
តាមបណ្ដាញផ្សាយព័ត៌មាន BBC កញ្ញា Darya Safai ស្ត្រីជនជាតិអ៊ីរ៉ង់បានលើកផ្ទាំងបដាដែលមានសរសេរជាភាសាអង់គ្លេសថា៖«សូមឱ្យស្ត្រីអ៊ីរ៉ង់អាចចូលទៅក្នុងពហុកីឡាដ្ឋានរបស់ខ្លួនផង»។
ស្ត្រីអ៊ីរ៉ង់ជាទូទៅ ត្រូវបានហាមឃាត់ ឬដាក់កំហិតមិនឱ្យចូលរួមក្នុងព្រឹត្តិការណ៍កីឡាទាំងអស់ក្នុងប្រទេសអ៊ីរ៉ង់ ចាប់តាំងពីមានបដិវត្តន៍អ៊ីស្លាមក្នុងឆ្នាំ ១៩៧៩ ។
គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានហាមឃាត់នូវរាល់សេចក្តីថ្លែងការណ៍ នយោបាយណាមួយក្នុងការប្រកួតនេះ។
នាង Safai បានប្រាប់ទីភ្នាក់ងារ AP ថា ទោះបីជានាងហាក់ដូចជាញញឹមក៏ដោយ ប៉ុន្តែក្នុងចិត្តរបស់នាងពោរពេញទៅដោយការតវ៉ា ហើយកែវភ្នែករបស់ Safai ដែលពេញដោយទឹកភ្នែកនៅខណៈនោះគឺដោយសារតែនាងមានការឈឺចាប់។
នាងបានបន្តថា នាងត្រូវបានគេស្នើឱ្យចាកចេញ ប៉ុន្តែនាងនៅតែឈរនៅទីនោះ ព្រោះវាជាសិទ្ធិរបស់នាង។
នាង Safai កើតនៅប្រទេសអ៊ីរ៉ង់ ប៉ុន្តែនាងកំពុងស្នាក់នៅប្រទេសបែលហ្ស៊ិក។ នាងបានលើកបដាធ្វើការតវ៉ារបស់នាងនៅក្នុងការប្រកួតបាល់ទះ ដែលជាការប្រកួតរបស់បុរសៗរវាងប្រទេសអេហ្ស៊ីប និងប្រទេសអ៊ីរ៉ង់។
នាង Safai និយាយថា៖ «ស្ត្រីគួរតែមានសិទ្ធិដូចមនុស្សគ្រប់គ្នាដែល, បុរស និងស្ត្រីគឺអាចចូលរួមការប្រកួតដូចគ្នា»។
ចាប់តាំងពីឆ្នាំ 2012 មករដ្ឋាភិបាលអ៊ីរ៉ង់បានហាមឃាត់ស្ត្រីពីការចូលរួមប្រកួតបាល់ទះ ហើយកីឡានេះបានក្លាយជាកីឡាដ៏ពេញនិយមកាន់តែខ្លាំងឡើង នៅក្នុងប្រទេសអ៊ីរ៉ង់ទាំងបរុសនិងស្ត្រី៕ ប្រភព:BBC