ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័ក្រ បានប្រាប់វិទ្យុស្រី្តនៅថ្ងៃទី១៤សីហានេះថា នាពេលកន្លងមកក្រសួងមហា ផ្ទៃបានយកចិត្តទុកដាក់រឹតបន្តឹងឆែកឆែរអាវុធជាតិផ្ទុះ ហើយក្រសួងនឹងនៅតែបន្តរឹតបន្តឹងអាវុធជាតិផ្ទុះនេះបន្តទៀត ប៉ុន្តែលោកទទទួលស្គាល់ថាការឆែកឆែរអាវុធជាតិផ្ទុះ អាចមានភាពឆក់ល្វែងខ្លះៗកើតទ្បើង។ ការលើកឡើងរបស់អ្នកនាំពាក្យដូចនេះ គឺបន្ទាប់ពីមានការបាញ់សម្លាប់ដោយប្រើប្រាស់កាំភ្លើងកើតមានជាបន្តបន្ទាប់នៅរាជធានីភ្នំពេញ។ចំនុចនេះដែរសង្គមស៊ីវិលយល់ឃើញថាការឆែកឆែរអាវុធជាតិផ្ទុះនៅមានភាពធូរលង់នៅទ្បើយ។
នាពេលថ្មីៗនេះគេសង្កេតឃើញថា មានករណីបាញ់សម្លាប់ដោយប្រើប្រាស់កាំភ្លើងកើតទ្បើងជាបន្តបន្ទាប់ ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចសង្គមកម្ពុជា។ ផលប៉ះពាល់ដល់សេដ្ឋកិច្ចសង្គមកម្ពុជាព្រោះថាអ្នកវិនិយោគិនបរទេសមានការភ័យខ្លាចពីសុខសុវត្ថិភាពរបស់ពួកគេ នៅពេលមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា។ នេះជាការលើកទ្បើងរបស់សង្គមស៊ីវិលដែលបានធ្វើការពាក់ព័ន្ធទៅនឹងសង្គមកម្ពុជា។
ទាក់ទងនឹងការបាញ់សម្លាប់ទៅលើអ្នកវិភាគឯករាជ្យ នាពេលកន្លងមកនេះ ក៏ដូចជាករណីបាញ់សម្លាប់បុរសម្នាក់នៅយប់ថ្ងៃទី ១៣ ខែសីហាម្សិលមិញ នៅស្តារម៉ាតមួយកន្លែងស្ថិតនៅខណ្ឌដូនពេញ ក្បែរផ្សាររាត្រី ត្រូវបានអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័ក្រ សម្តែងការសោកស្តាយចំពោះហេតុការណ៍ដែលបានកើតទ្បើងនោះ។
ជុំវិញហេតុការណ៍បាញ់សម្លាប់ជាបន្តបន្ទាប់នេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័ក្រ បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រីនៅថ្ងៃអាទិត្យ ទី១៤ ខែសីហានេះថា នាពេលកន្លងមកនេះ ក្រសួងមហាផ្ទៃបានអនុវត្តយ៉ាងយកចិត្តទុកដាក់ទៅលើការឆែកឆែរអាវុធជាតិផ្ទុះ ប៉ុន្តែចំពោះហេតុការណ៍ដែលបានកើតទ្បើងនេះដែរ ក្រសួងមហាផ្ទៃមានការសោកស្តាយចំពោះករណីដែលបានកើតទ្បើងនេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទែរូបនេះ ក៏ទទួលស្គាល់ដែរថា ការឆែកឆែរអាវុធជាតិផ្ទុះនេះអាចមានភាពឆក់ល្វែងខ្លះ តែយ៉ាងណាលោកថា ក្រសួងនឹងបន្តរឹតបន្តឹងការឆែកឆែរអាវុធជាតិផ្ទុះបន្តទៀត ប៉ុន្តែលោកគូសបញ្ជាក់ដែរថា ដើម្បីរក្សាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ គឺប្រជា ពលរដ្ឋខ្លួនឯងត្រូវចូលរួមសហការជាមួយមន្ត្រីប៉ូលីស ជាពិសេសត្រូវថែរក្សាសុខសុត្ថិភាពរបស់ខ្លួនឯងផងដែរ។ «សំខាន់ការឆែកអាវុធអីជាដើមយើងខំធ្វើកន្លងមកយើងបានធ្វើហើយ ប៉ុន្តែយើងសូមសម្តែងការសោកស្តាយចំពោះការឆក់ល្វែងខ្លះណាស់ យើងនឹងខំធ្វើបន្តទៀតការងារហ្នឹង បាទយើងបានធ្វើហើយទី០១ អាវុធ ទី០២ការបាញ់មិនមែនសមត្ថកិច្ចរបស់យើងចេះតែគ្រប់គ្រងបានគ្រប់ទំនាស់អីផ្សេងៗរវាងបុគ្គល និងបុគ្គលនោះទេចង់និយាយចឹងណាស់ឧទាហរណ៍ល្ងាចមិញអាចនឹងមានបញ្ហាអីផ្សេងៗកើតទ្បើងទំនាស់បុគ្គល ឬក៏ការប្លន់អីនេះជារឿងដែលយើងមិនចង់ឱ្យកើត»។
ជុំវិញបញ្ហានេះ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រីនៅថ្ងៃនេះថា ការបាញ់សម្លាប់ដោយការប្រើប្រាស់កាំភ្លើងដែលចេះតែកើតមានជាបន្តបន្ទាប់មកនេះ គឺមានមូលហេតុចម្បងៗ ៣ យ៉ាង ទី០១ ការកើនទ្បើងនៃការប្រើប្រាស់គ្រឿងញៀនដែលការបង្ក្រាបមានប្រសិទ្ធភាពតិចតួចនៅទ្បើយ ទី០២ ការត្រួតពិនិត្យជាតិផ្ទុះនៅមានធូរលង់រលុងនៅទ្បើយ មិនថានៅទីក្រុង ឬតាមបណ្តាខេត្តនោះទេ ដោយលោកថា ការពិនិត្យជាតិអាល់កុល ឬការពិនិត្យជាតិផ្ទុះហាក់បីដូចជាមានការថមថយចុះទៅវិញ ទី០៣ ប្រព័ន្ធនៃការត្រួតពិនិត្យ ឬប្រព័ន្ធនៃការផ្តល់សេវាសន្តិសុខជូនប្រជាពលរដ្ឋនៅមានកម្រិតនៅទ្បើយ។
អ្នកឃ្លាំមើលបញ្ហាសង្គម លោក សន ជ័យ បន្ថែមទៀតថា ក្រសួងមហាផ្ទៃត្រូវចេញវិធានការឆ្លើយតបជាបន្ទាន់ទៅលើការប្រើប្រាស់អាវុធជាតិផ្ទុះ ជាពិសេសត្រូវពង្រឹងឱ្យបានម៉ត់ចត់នូវការឆែកឆែរអាវុធជាតិផ្ទុះដើម្បីរក្សាសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជា។ «ចាំបាច់ត្រូវតែមានវិធានការឆ្លើយតបជាបន្ទាន់មួយចំនួនសំខាន់ៗជាពិសេសត្រូវមានការពង្រឹងទៅលើប្រព័ន្ធនៃការផ្តល់សេវាសន្តិសុខដល់កងកម្លាំងប្រដាប់អាវុធហ្នឹងជូនប្រជាពលរដ្ឋត្រូវឱ្យមានគ្រប់ជ្រុងជ្រោយ ជាពិសេសចាំបាច់ត្រូវតែមានវិធានការនៅក្នុងការប្រើប្រាស់ឬក៏បង្កើនថវិកាជាតិហ្នឹងសម្រាប់វិស័យសន្តិសុខហ្នឹង ជាពិសេសការចំណាយសម្រាបបេសកកម្មឬក៏ផ្តល់សន្តិសុខពីកងកម្លាំងប្រដាប់អាវុធទៅដល់ប្រជាពលរដ្ឋ ហើយក៏ត្រូវពិនិត្យមើលលទ្ធផលរបស់ស្នងការរាជធានី ខេត្តក្រុងហ្នឹងដែរ»។
លោក សន ជ័យ គូសបញ្ជាក់ទៀតថា ប្រសិនបើប្រទេសកម្ពុជានៅតែបន្តឱ្យមានការបាញ់សម្លាប់បែបនេះ នោះនឹងធ្វើឱ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ច និងសង្គមកម្ពុជាជាក់ជាមិនខាន។ លោក សន ជ័យ មាន ប្រសាសន៍យ៉ាងដូច្នេះថា ៖«បើនិយាយពីផលប៉ះពាល់វាមានផលប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គម អ្នកវិនិយោគគេនឹងមិនសប្បាយរីករាយឬក៏គេមិនមានអារម្មន៍ថាមានសុវត្ថិភាពបន៉ុន្មានទេ នៅពេលដែលពួកគេចង់មកវិនិយោគនៅប្រទេសយើងនៅពេលដែលឮសូរអំពើឃាតកម្មបាញ់សម្លាប់ច្រើនហ្នឹងវាកើតទ្បើងច្រើន ហើយបញ្ហាសង្គមវិញវាអាចធ្វើឱ្យសន្តិសុខរបស់ប្រជាពលរដ្ឋមានការបារម្មណ៍»។
សូមជំរាបជូនថា នាពេលថ្មីៗនេះមានការបាញ់សម្លាប់យ៉ាងឃោឃៅបានកើតទ្បើងជាបន្តបន្ទាប់នៅរាជធានីភ្នំពេញ ដូចជា៖ ករណីខ្មាន់កាំភ្លើងបានបាញ់សម្លាប់អ្នកវិភាគពីបញ្ហាសង្គមដ៏ល្បីមួយរូបនៅកម្ពុជា គឺលោក បណ្ឌិតកែម ទ្បី នៅស្តារម៉ាតមួយកន្លែងជិតស្តុបបូកគោ កាលពីថ្ងៃទី ១០ ខែកក្កដា កន្លងមកនេះ ។ ហើយនៅយប់ ថ្ងៃទី១៣ ខែសីហា ម្សិលមិញ ខ្មាន់កាំភ្លើងម្នាក់បាញ់សម្លាប់បុគ្គលិកក្រុមហ៊ុន អចលនទ្រព្យ នៅស្តារម៉ាត មួយកន្លែងជិតផ្សាររាត្រី។៕