ក្រុងដាកា៖ យ៉ាងហោចណាស់មានអ្នកនេសាទ ១៧នាក់បានបាត់ខ្លួន កាលពីថ្ងៃសៅរ៍ ទី១៣ សីហា បន្ទាប់ពីនាវានេសាទរបស់ឥណ្ឌា បានលិចនៅក្នុងសមុទ្របង់ក្លាដែស។ មន្ត្រីប៉ូលីសបាននិយាយថា សមត្ថកិច្ចកំពុងដុតដៃដុតជើង ខិតខំប្រឹងប្រែងស្វែងរកអ្នកដែលបានបាត់ខ្លួនក្នុងឈូងសមុទ្រ Bengal ដ៏ធំល្វឹងល្វើយនោះ។
ទីភ្នាក់ងារព័ត៌មាន AFP បានស្រង់សម្តីមន្ត្រីកងទ័ពជើងទឹកមួយរូប ដោយសុំមិនបញ្ចេញឈ្មោះ បាននិយាយថា នាវាកងទ័ពជើងទឹកបង់ក្លាដែសពីរគ្រឿង និងយន្តហោះល្បាតមួយគ្រឿង ត្រូវបានដាក់ពង្រាយ និងរុករក បន្ទាប់ពីមានសញ្ញាណពីនាវានេសាទដែលបានលិចនោះ។ នាវានេសាទនោះមានឈ្មោះថា Maha Gouri ។
មន្ត្រីរូបនោះបានថ្លែងថា៖ «នាវានេសាទនោះបានលិចនៅក្នុងឈូងសមុទ្រ Bengal គឺត្រឹមតែ ៧០ គីឡូ ម៉ែត្រប៉ុណ្ណោះ ភាគខាងជើងនៃជ្រោយ Hiron ក្បែរព្រៃកោងកាង Sundarbans »។
មន្ត្រីមួយរូបផ្សេងទៀតបានបញ្ជាក់ថា ចំនួនអ្នកបាត់ខ្លួននៅឈូងសមុទ្រ Bengal នេះមានការកើនឡើង ហើយវាក៏ជាឈូងសមុទ្រធំបំផុតរបស់ពិភពលោកផងដែរ។
Sundarbans គឺព្រៃកោងកាងធំបំផុតរបស់ពិភពលោក ដែលមានព្រំដែនជាប់ប្រទេសឥណ្ឌាផង បង់ក្លាដែសផង និងជាប់ជ្រាយ Hiron ផងដែរ។ តំបន់នេះបានក្លាយជាទីពេញនិយមរបស់អ្នកនេសាទ និងភ្ញៀវទេសចរ៕ ប្រភព៖ CNA